រឿង"កំណប់​ឪ​ខ្ញុំ"សម្ពោធ​យប់​មិញ ផ្អើល Major Cineplex

  • 2015-03-23 17:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "កំណប់​ឪ​ខ្ញុំ" បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ នៅ​​រោង​ភាពយន្ត Major Cineplex កាល​ពី​យប់​មិញ​នេះ ក្រោយ​ចំណាយ​ពេល​ផលិត​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អស់​ពេល​ជិត ​១ ​ឆ្នាំ ​កន្លងទៅ។

 

ទស្សនិកជន ​១ ​រូប ​ឈ្មោះ ស្រីដា ប្រាប់​ថា ភាព​យន្ត​នេះ​ជា​មនោសញ្ចេតនា​ស៊ី​ជម្រៅ ប្រកប​ដោយ​គុណភាព​រូបភាព និង ​សំឡេង​បាន​ល្អ មើល​ទៅ​គួរ​ចាប់​អារម្មណ៍។ "ចាប់​អារម្មណ៍​ទេសភាព​ស្អាត​នៅ​ក្នុង​រឿង​នេះ ព្រោះ​ជា​ទិដ្ឋភាព​ចម្ការ​ដូង​ប្រេង ដែល​យើង​មិន​ងាយ​បាន​ឃើញ​ទេ"។

 

យ៉ាង​ណា​មិញ ចរិយា និស្សិត​ឆ្នាំ​ទី ​២ ​ឯ​ណេះ​វិញ​បាន​និយាយ​ស្រដៀង​គ្នា​ថា៖ "អឺ!...មាន​អី​បង​រឿង​គេ​ល្អ​មើល​តើ ព្រោះ​មើល​ទៅ​តួ​សម្ដែង​បាន​សម​មិន​ឆ្គង​ទេ ហើយ​លាយ​លំ​ដោយ​កំប្លែង និង​មនោសញ្ចេតនា​ផង"។

  "អឺ! បើ​និយាយ​ពី​តួ​ប្រុស​វិញ ខ្ញុំ​មិន​ដែល​ស្គាល់​ផង តែ​សម្ដែង​បាន​ល្អ​គួរ​ទាក់ទាញ ត្រង់​ឈុត​ឆាក​វាយ​តប់​គ្នា​នោះ មើល​ទៅ​ល្អ​ដូច​មែន​ទែន មើល​ទៅ​មិន​ឆ្គង​ដូច​រឿង​ផ្សេង​មួយ​ចំនួន​ធ្លាប់​មើល"។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន សំបូរ កាល​ពី​ល្ងាច​មិញ។

 

 

ជាមួយ​គ្នា​នោះ​ដែរ លោក វ៉ន ប៊ុនស៊ីម ជា​ផលិតករ​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា មក​កាន់ ​Sabay​ថា នេះ​ជា​វណ្ណកម្ម​ដំបូង​ហើយ ដែល​បាន​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ទម្រាំ​លេច​ចេញ​ជា​រូបរាង និង​ដាក់​សម្ពោធ​ចាក់​បញ្ចាំង​នៅ​ល្ងាច​មិញ​នេះ។ "ខ្ញុំ​សូម​បញ្ជាក់​ថា គ្រប់​យ៉ាង​ជា​ស្នាដៃ​ខ្មែរ​ទាំង​អស់ មិន​មាន​ការ​លួច​ចម្លង​ចេញ​ពី​ប្រទេស​ណា​ទេ បទ​ពិសោធន៍​ទាំង​ប៉ុន្មាន​ដាក់​បញ្ចូល​នៅ​ក្នុង​រឿង​នេះ​អស់​ហើយ"។

 

ផលិតករ​រូប​នេះ បាន​បញ្ជាក់​ថា ជា​គោល​ការណ៍​របស់​ផលិតកម្ម គឺ​ផលិត​ភាពយន្ត​យ៉ាង​ហោច​ឱ្យ​២​រឿង​ក្នុង​១​ឆ្នាំ។ ភាពយន្ត​ទាំង​នោះ ត្រូវ​សម្រិតសម្រាំង​យក​គុណភាព​ជា​ចម្បង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​ ក្រៅ​ពី​ការ​ឆ្លុះ​បញ្ចាំង​ទាក់ទង​ទៅ​នឹង​រស​ជីវិត​ហើយ​នោះ។ យ៉ាង​ណា​លោក​ស្នើ​ឱ្យ​ទស្សនិកជន​សាក​ល្បង​ទស្សនា​ទស្សនីយភាព​ថ្មី​រឿង "កំណប់​ឪ​ខ្ញុំ" នៅ​Major Cineplex៕

 

 

សូមចុចអាន៖ រឿង​កម្រ ព្រាប សុវត្ថិ ច្រៀង​រួម​គ្នា​ជា​មួយ​ ខេមរៈ សិរីមន្ត​ យប់មិញ

សូមចុចអាន៖ រឿង “៧​ថ្ងៃ” ឈរ​លើ​គេ​នៅ​រោងភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី

សូមចុចអាន៖ ដឹង​ថា តារា​រូប​ណាខ្លះ​ ​ចូលរួម​ពិធី​មង្គលការ​មហាសេដ្ឋី​ស្រុក​ខ្មែរ​យប់​មិញ​?

 

 

អត្ថបទ៖ សំ ជំនាញ