ស្រ្តីមានផ្ទៃពោះ​កើត​ជំងឺស្អូច គឺ​ទារក​ប្រឈម​នឹង​ការ​រលូត ឬ ប៉ះពាល់​ប្រព័ន្ធ​ខួរក្បាល

  • 2015-04-05 15:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សមាគម​គ្រូពេទ្យ​កុមារកម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រ្តី​កើត​ជំងឺ​ស្អូច​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​​ប្រឈម​ខ្ពស់​នឹង​ការ​​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក។ ប្រសិន​បើ​ធ្ងន់​ធ្ងរ​ទារក​អាច​រលូត ឬ ត្រូវ​រំលូត​ចោល​ក្រោយ​ពី​ការ​តាម​ដាន​​សុខភាព​ម្ដាយ និង ទារក ដោយ​ក្រុម​គ្រូពេទ្យ ប្រសិន​បើ​ស្រាលវិញ ទារក​ប្រឈម​នឹង​ការប៉ះពាល់​សុខភាព​ផ្នែក​ខួរក្បាល។

 

"ខ្ញុំសូមបញ្ជាក់​ថា ជំងឺ​ស្អូច​វា​អាច​ប៉ះ​ពាល់​ដល់​ទារក បើ​ធ្ងន់​ធ្ងរ​ទារក​អាច​រលូត​តែ​ម្តង ។ ទោះ​ជា​មិន​ធ្ងន់​ធ្ងរ ក៏​ទារក​អាច​នៅ​តែ​មាន​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល ​ដូចជា​ខួរក្បាល​អន់​ខ្សោយ មាន​ប្រព័ន្ធ​ប្រសាទ​មិន​ល្អ (ខ្មែរ​និយម​ហៅ​ថា​គ្រាស​គន្លង)"។ នេះ​ជា​ការ​លើកឡើង​របស់​ លោក គឹម អាង សាស្ត្រាចារ្យ​ឯក​ទេស​រោគ​កុមារ ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង ជាសាស្រ្តាចារ្យបង្រៀននៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង ​ជា​អនុ​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា។

 

លោកសាស្រ្តាចារ្យ មាន​ប្រសាសន៍​ថា ចំពោះការ​ប្រើ​វិធី​រំលូត​កូន​បន្ទាប់​ពី​ដឹង​ថា​ មាន​កើត​ជំងឺ​ស្អូច​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ មិន​មែន​ជា​ជម្រើស​ទី​មួយ ១០០% ទេ គឺ​ត្រូវ​តាមដាន​វិវត្ត​របស់​ទារក​សិន។

 

លោក សាស្ត្រាចារ្យ បន្ត​ថា​ ជាទូទៅ គ្រូពេទ្យ​ត្រូវ​តាម​ដាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៤​ ដង​ ថា ​តើ​ស្ត្រី​មាន​បាន​ចាក់​វ៉ាក់សាំង​ដែល​ជា​ប្រព័ន្ធ​ការពារ​ជំងឺ​នេះ​ឬ​យ៉ាង​ណា។ បន្ទាប់​មក​ត្រូវ​រក​មើល​នូវ​លក្ខណៈ​មិន​ធម្មតា​នៃ​ការ​លូត​លាស់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ គ្រូពេទ្យ​អាច​ពន្យល់​អ្នកជំងឺ​ឬ​ក៏​ធ្វើ​ការ​ប្រឹក្សា​ដើម្បី​ណែ​នាំ​ពី​លទ្ធភាព​ដែល​កូន​អាច​មាន​ភាព​មិន​ធម្មតា​ដើម្បី​ឲ្យ​ស្ត្រី​ជា​អ្នក​ម្ដាយ​សម្រេច​ចិត្ត។ ប្រសិន​បើ​រក​ឃើញ​ថា កូន​នោះ​ពិត​ជា​មិន​ធម្មតា​មែន គឺ​អាច​ធ្វើ​ការ​រំលូត​កូន ប៉ុន្តែ​ជា​ទូ​ទៅ​ត្រូវ​តាម​ដាន​សិន មិន​មែន​ត្រូវ​តែ​រំលូត​ទេ។

 

 

លោកសាស្រ្តាចារ្យ គឹម អាង

 

ចំពោះ​ការ​ការពារ​វិញ លោកសាស្រ្តាចារ្យ គឹម អាង​ បញ្ជាក់​ថា នៅ​ពេល​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ ស្ត្រី​គួរ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ ឬ​ចាក់​វ៉ាក់​សាំង​តាំង​ពី​ខ្លួន​នៅ​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ជា​វិធី​ល្អ។ មួយ​វិញ​ទៀត ស្រ្តី​ដែល​មាន​កូន​នៅ​អាយុ​៩ខែ ឬ​១៨​ខែ ក៏​អាច​នាំ​កូន​មក​ចាក់​វ៉ាក់​សាំង​ដើម្បី​បង្ការ​ជំងឺ​នេះ​ផង​ដែរ។

 

បើ​សិន​ជា​ស្រ្តី​ធ្លាប់​កើត​ជំងឺ​ស្អូច​ពេល​មិន​ទាន់​មាន​ផ្ទៃ​ពោះ ហើយ​បាន​ចាក់​វ៉ាក់​សាំង​ការពារ នោះ​ពុំ​មាន​អ្វី​ជា​ក្តី​បារម្ភ​ឡើយ ។ ដោយ​ឡែក​ អ្វី​ដែល​បារម្ភ​គឺ​ស្រ្តី​មាន​ជំងឺ​ស្អូច​អំឡុង​មាន​ផ្ទៃ​ពោះ​ប៉ុណ្ណោះ៕

 

 

សូមទស្សនាវីដេអូ៖

 

 

សូមអាន ៖​ ៣​យ៉ាង​ដែល​រារាំង​ការ​មាន​ផ្ទៃពោះ

 

 

អត្ថបទ៖ លឹម សុ​នា