វិធីសាស្ត្របំបាត់ការគេងស្រមុក
- 2015-04-01 13:40:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្របំបាត់ការគេងស្រមុក
ចន្លោះមិនឃើញ
ពេលវេលាដ៏ស្ងប់ស្ងាត់ ដែលគ្រប់គ្នាត្រូវគេងប្រកបដោយក្ដីសុខ បែរជាមានសំឡេងស្រមុកមនុស្សម្នាក់មករំខាន។ អារម្មណ៍ពេលនោះធុញទ្រាន់យ៉ាងណាទៅ? មនុស្សជាច្រើនប្រាកដជាជួបបញ្ហានេះ ហើយក៏អាចជាក្ដីកង្វល់មួយក្នុងចិត្តបង្កើតជាភាពខ្មាសអៀនផងដែរ។ មិនមានការព្យាបាលណាមួយ ដែលអាចបំបាត់ការស្រមុកពេលគេងប្រកបដោយប្រសិទ្ធភាពនោះទេ ប៉ុន្តែការផ្លាស់ប្ដូរទម្លាប់មួយចំនួន ប្រហែលជាអាចជួយដោះស្រាយបានខ្លះ។
សាកល្បងវិធីខាងក្រោមនេះ ប្រហែលជាអាចកាត់បន្ថយការស្រមុកបានខ្លះ៖
១. គ្រប់គ្រងរបបអាហារ និងទម្ងន់៖ ឡើងទម្ងន់ត្រឹមប៉ុន្មានគីឡូ អាចឲ្យអ្នកប្ដូរទម្លាប់ ក្លាយជាមនុស្សគេងស្រមុករំខានត្រចៀកអ្នកដទៃបាន។ ដូចនេះ មិនត្រូវទទួលទានអាហារច្រើនពេករហូតដល់ឡើងទម្ងន់ទេ ជាពិសេសគឺពេលរៀបចូលគេង។
២. ព្យាយាមគេងផ្អៀង ជាងគេងផ្ងារ៖ នៅពេលគេងផ្ងារដោយទល់ខ្នងផ្ទាល់ សារជាតិខ្លាញ់នៅក្រោមចង្កាអាចនឹងអសកម្ម រួចត្បៀតជាមួយបំពង់ខ្យល់ នាំឲ្យពិបាកដកដង្ហើមបង្កើតជាការស្រមុក ប៉ុន្តែប្រសិនបើគេងផ្អៀង អាចចៀសវាងបញ្ហានោះបាន។
៣. ចៀសវាងការទទួលទានគ្រឿងស្រវឹង៖ សារជាតិអាល់កុល អាចបណ្ដាលឲ្យសាច់ដុំអសកម្មជាងធម្មតានៅពេលគេង។ ភាពអសកម្មនៃសាច់ដុំនេះ នឹងបណ្ដាលឲ្យប៉ះពាល់ដល់បំពង់ក រហូតបង្កជាការស្រមុក។
៤. បញ្ឈប់ការជក់បារី៖ ផ្សែងបារីអាចបង្កកជាប់នៅក្នុងរន្ធច្រមុះ និងបំពង់ក ឬបណ្ដាលឲ្យហើម និងរលាកជាដើម។ ប្រសិនបើផ្សែងនោះកកកុញក្នុងរន្ធច្រមុះកាន់តែខ្លាំង នឹងនាំឲ្យពិបាកដកដង្ហើមតាមច្រមុះ ព្រោះខ្យល់ចេញចូលកាន់តែតិច។
៥. រក្សាអនាម័យរន្ធច្រមុះ៖ ធ្វើបែបនេះ អាចជួយឲ្យអ្នកដកដង្ហើមតាមច្រមុះ ច្រើនជាងដកដង្ហើមតាមមាត់ ដែលនាំឲ្យកើតចេញជាសំឡេងស្រមុក។ ប្រសិនមានកំណកក្នុងច្រមុះ ត្រូវទទួលការព្យាបាល ឬរកថ្នាំបាញ់ ដែលអាចលាងសម្អាតក្នុងរន្ធច្រមុះបាន។
៦. ធ្វើឲ្យបន្ទប់គេងមានសំណើម៖ ភាពស្ងួតខ្លាំងគ្មានសំណើម ក៏អាចជាមូលហេតុនៃការគេងស្រមុកដែរ។ ប្រសិនបើអ្នកទម្លាប់គេងស្រមុក គួររកឧបករណ៍បញ្ចេញចំហាយទឹកដាក់បន្ទប់ ឬងូតទឹកក្ដៅ និងត្រាំទឹកមុនទទួលទានដំណេក៕
ចុចអាន៖ ចំណេះដឹងទូទៅជាច្រើនទៀត
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ NHS