លោក​គ្រូ​ Lee ពន្យល់​រឿង​ដាក់​​ ណុប​ តុលា​ លេង​ជា​​ខ្សែ​ការពារ​ពេល​ចាញ់​ថៃ​ ២-១​

  • 2015-04-02 22:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពេល​ជំនួប​ជាមួយ​ថៃ​​ក្នុង​​​វគ្គ​ជម្រុះ​​តាម​ពូល​ G ក្នុង​ពាន​រង្វាន់​ទ្វីប​អាស៊ី U23 AFC Championship 2016 ​​កាល​ពី​​ថ្ងៃ​ទី​ ២៧ ​ខែ មីនា ឆ្នាំ ២០១៥ ​លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​កីឡាករ​របស់​ក្លិប​ស្វាយរៀង​​ ណុប តុលា​ ​​លេង​ជាតំណែង​​ខ្សែ​ការពារ។ ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​ដាក់​កីឡាករ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ជា​ខ្សែ​ការពារ​វិញ?

 

ឆ្លើយ​តប​នឹង​សំនួរ​របស់​ Sabay នៅ​ប្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​​នៅ​ពេល​ក្រុម​ U-22 កម្ពុជា​បាន​មក​ដល់ស្រុក​កំណើត​​កាល​ពី​រសៀល​ម្សិល​មិញ​ លោក​ Lee Tae Hoon បាន​ឲ្យ​ដឹង​​ថា​ ណុប​ តុលា​ ជា​កីឡាករ​ម្នាក់​ដែល​ឆ្លាត​ និង​រហ័ស​​នៅ​តំបន់​​​ការពារ​ជាងតំបន់​​ប្រយុទ្ធ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​សម្រេច​ដាក់​កីឡាករ​រូប​នេះ​ឲ្យ​លេង​នៅ​តំបន់​ការពារ​វិញ។ ​

លោក Lee Tae Hoon បាន​និយាយ​ថា​ ៖«​ខ្ញុំ​មើល​ឃើញ​ថា​ ​ណុប តុលា ​អាច​លេងក្នុង​​​តំណែង​​ខ្សែ​ការពារ​ល្អ​ជាង​ប្រយុទ្ធ​ ព្រោះ​​ភាព​រហ័ស​រហួន​នៅ​លើ​ទីលាន​ក្នុង​ការ​ប្រយុទ្ធ​គឺ​​យឺត​ជាង​ការ​ការពារ​»។ លោក​ដឹង​ថា​ ណុប តុលា​​លេង​ជា​​បម្រើ​​ប្រយុទ្ធ​នៅ​ក្លិប​​ស្វាយរៀង​បាន​​​​ល្អ ​ប៉ុន្តែ​​​​កីឡាករ​​រូប​នេះ​មិន​​មាន​ទេព​កោសល្យ​សម្រាប់​តួនាទី​បម្រើ​ប្រយុទ្ធ​​​ដូច​តួនាទី​ជា​ខ្សែ​ការ​ការពារ​ទេ ​​ហើយ​រូប​​គេ​អាច​​ការពារ​​​មិន​ឲ្យ​ដៃគូ​​​ទាត់​បាល់​ចូល​ទី​បាន​ច្រើន​គ្រាប់​ជាង​ទាត់​បាល់​ចូល​ទី​ដៃ​គូ។

 

ទោះ​បី​ជា​យ៉ាង​ណា​ លោក​គ្រូ​បង្វឹក​​​ទាំង​ឈុត​ធំ ​និង​អាយុ​ក្រោម​២២​បាន​ប្រាប់​ទៀត​ថា​​ ណុប តុលា​ ជា​កីឡាករ​ម្នាក់​ដែល​អាច​លេង​បាន​ល្អ​នៅ​គ្រប់​តួនាទី​​លើ​​ទីលាន​ ប៉ុន្តែ​​​សម្រាប់​តំណែង​ជា​ខ្សែ​ការ​ពារ​នេះ​ ​ណុប​ តុលា​ បាន​ប្រាប់​លោក​​ថា​ ​មិន​ចង់​លេង​​​ទេ​ ពី​ព្រោះ​មិន​អាច​ជួយ​រក​គ្រាប់​បាល់​បាន។

 

ណុប​ តុលា ​​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​មួយ​ដ៏​ល្អ​នៅ​ក្លិប​​ស្វាយរៀង​​​ដែល​បាន​សហការ​គ្នា​​​​ជាមួយ​ ប្រាក់ មន្នីឧត្ដម​ សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​ Hun Sen Cup ​ឆ្នាំ​ ២០១៥ កន្លង​ទៅ​ថ្មី​ៗ​នេះ។ ពេល​ជួប​នឹង​​ U-22 ថៃ​កន្លង​ទៅ​ ក្រុម​កម្ពុជា​ការពារ​បាន​យ៉ាង​ល្អ​ក្នុង​នោះ​មាន​ ណុប តុលា​ ផង​ដែរ​ដែល​ធ្វើ​​ឲ្យ​ក្រុម​ថៃ​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

វីដេអូ៖ លោក​គ្រូ Lee ពន្យល់​ពី​មូលហេតុ​ដាក់ ណុប តុលា ជា​ខ្សែ​ការពារ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

​​​​​​​