ធ្នូខ្មែរបុរាណបាត់បង់ជិត១ពាន់ឆ្នាំ ឥឡូវនេះ បង្ហាញមុខលើកដំបូងនៅបុណ្យភូមិ
- 2015-04-05 16:35:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្នូខ្មែរបុរាណបាត់បង់ជិត១ពាន់ឆ្នាំ ឥឡូវនេះ បង្ហាញមុខលើកដំបូងនៅបុណ្យភូមិ
ចន្លោះមិនឃើញ
ធ្នូ និង គ្រាប់ព្រួញខ្មែរបុរាណដែលបាត់បង់អស់រយៈពេលជិត១ពាន់ឆ្នាំមកហើយនោះ នាពេលនេះបានលេចមុខមាត់ជាថ្មីពិតៗលើកដំបូងក្នុងការដាក់បង្ហាញ និង បាញ់សាកល្បងនៅក្នុងព្រឹត្តិការណ៍បុណ្យភូមិ នៅវត្តព្រែកថ្លឹង ជាយរាជធានីភ្នំពេញ។
ធ្នូបុរាណនេះត្រូវបានស្រាវជ្រាវរកឃើញដោយលោក ទិល ចាន់លីន ដែលចំណាយពេល ៦ ឆ្នាំ លើការស្រាវជ្រាវរូបរាងធ្នូខ្មែរតាមចម្លាក់ជញ្ជាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង ប្រាសាទផ្សេងៗទៀតជាច្រើន។ នេះតាមការឲ្យដឹងរបស់ លោក ជា សត្យា ដែលជាអ្នកសហការស្រាវជ្រាវធ្នូខ្មែរមួយនេះ។
អ្នកតំណាងក្រុមគោព្រៃរូបនេះបានអះអាងប្រាប់ Sabay ថា សមត្ថភាពធ្នូនេះទៀតសោត "មានសមត្ថភាពអាចបាញ់បានចម្ងាយរហូតដល់ជិត ២០០ ម៉ែត្រ ខណៈដែលធ្នូកាណាដាបាញ់បានប្រមាណជា ៥០ ម៉ែត្រ និង កូរ៉េបាន ៧០ ម៉ែត្រប៉ុណ្ណោះ"។
លោក ជា សត្យា កំពុងផ្ដល់បទសម្ភាសដល់ Sabay
ធ្នូសម្រាប់ព្រះរាជានាសម័យបុរាណមានសមត្ថភាពមិនធម្មតានេះ មានដងធ្វើឡើងពីធាងរបស់ដើមទ្រាំងស្វិតមិនបាក់ ជារុក្ខជាតិប្រភេទអំបូរដូចដើមត្នោត ឯគ្រាប់ព្រួញច្នៃចេញពីដើមត្រែងបំពាក់ដែកស្រួចនៅខាងចុង។
គេត្រូវជំនះចូលព្រៃជ្រៅក្នុងខេត្តក្រចេះ ដើម្បីបានធាងដើមទ្រាំង។ បន្ទាប់មក ប្រើពេល ២ ខែដើម្បីផលិតចេញធ្នូមួយដើមស្វិតមិនបាក់ ដោយមានត្រាំនឹងទឹកថ្នាំខ្មែរមួយចំនួនជារូបមន្តពិសេស។
អ្នកនិពន្ធបទ "បើសិនគ្មានអូន" រូបនេះ បានបន្តថា បច្ចុប្បន្ន ធ្នូបុរាណនេះមានដាក់បង្ហាញនៅក្នុងបុណ្យភូមិ និងគ្រោងដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ក្នុងកម្មវិធីសម្ដែងក្បាច់គុនខ្មែរ នាថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ខាងមុខនេះ។
លោក សត្យា ក៏កំពុងស្វែងរកដៃគូក្រុមហ៊ុនសហការគ្នា ដើម្បីបង្កើតកន្លែងកម្សាន្តបាញ់ធ្នូខ្មែរមួយនេះផងដែរ ខណៈបច្ចុប្បន្ន ក្រុមគោព្រៃទើបតែផលិតបានធ្នូ ៣០ ដើម។
យោងតាមការសន្និដ្ឋានជាបឋមលើការស្រាវជ្រាវរបស់ក្រុមគោព្រៃ ធ្នូខ្មែរបានបាត់បង់ជិត១ពាន់ឆ្នាំមកហើយ តាំងពីក្រោយសម័យអង្គរ។ ធ្នូខ្មែរមានច្រើនប្រភេទសម្រាប់ព្រះរាជា មេទ័ព និង ទ័ពធម្មតា ឯជំហរបាញ់ក៏មានច្រើនសណ្ឋានដែរ៕
លោក ទិល ចាន់លីន អ្នកស្រាវជ្រាវលើគម្រោងធ្នូ
សូមចុចអាន៖ បុណ្យភូមិថ្ងៃដំបូង មានអ្នកចូលរួមកុះករ
អត្ថបទ៖ សុផាត