«ត្រុដិ» របាំ​ប្រជាប្រិយ​​មាន​ដំណើររឿង​ប្រទាក់​គ្នា​និង​ចម្រៀង​​​ពីរោះ​រណ្ដំ ​​សម្រាប់​​​សុំ​​ពរ​ឆ្នាំ​ថ្មី

  • 2015-04-07 17:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រុដិ ជា​​​របាំ​ប្រជាប្រិយ​​ដ៏​​ពេញ​និយម​​​​​ក្នុង​ស្រទាប់​​​ប្រជាជន​ខ្មែរ​យូរ ​លង់​ណាស់​មក​ហើយ។ ​ប្រជាជន​ខ្មែរ​តែង​លើក​យក​របាំ​ដ៏​ចំណាស់​មួយ​នេះ​មក​សម្ដែង​ក្នុង​ឱកាស​ ឆ្លង​ឆ្នាំ​ថ្មី​ ដើម្បី​​​បណ្ដេញ​​គ្រោះ​​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​​​ និង​ជំនួស​​មក​​វិញ​​​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ ឆ្នាំ​ថ្មី។

 

​របាំ​ត្រុដិ ទាក់​ទាញ​​ណាស់​ដោយសារ​វា​​មាន​សាច់​រឿង​ប្រទាក់​គ្នា​បង្កប់​ដោយ​អត្ថន័យ​ គួរឲ្យ​ជក់ចិត្ត​​ មាន​ទាំង​តួអង្គ​ព្រាយ​បិសាច ព្រាន យក្ស​​ តាម​ប្រមាណ​​ ម្រឹគ​​​​ និង​មាន​ទាំង​​តួ​អង្គ​​​ក្ងោក​សួគ៌​​​ អម​ដោយ​​តន្ត្រី​​បុរាណ​​ និង​ចម្រៀង​​​​រៀបរាប់​​ដំណើរ​ដើម​ទង​​​ យ៉ាង​ពីរោះ​រណ្ដំ​​​។ ​

  ​ឯកសារ​ស្ដីពី​របាំ​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ ព្រម​ទាំង​សមាជិក​ឆ្លើយឆ្លង​គ្រប់​ខេត្ត​ដែល​រៀបរៀង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ ព.ស២៥០៧​ គ.ស១៩៦៤ បាន​សរសេរ​ថា ​របាំ​នេះ​មាន​តែ​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង​ ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ។ របាំ​នេះ ​មាន​លេង​តែ​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ប៉ុណ្ណោះ ​ក្នុង​គោលបំណង​ដើម្បី​ប្រសិទ្ធិ​នូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នក​ស្រុក​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

 

 

 

ឯកសារ​ដដែល​​ថា ​ ពាក្យ «ត្រុដិ» ជា​ពាក្យ​ដើម​មក​ពី​ភាសា​ សំស្ក្រឹត​ប្រែ​ថា​ ផ្ដាច់​ឬ​កាត់​ផ្ដាច់ ​គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ​ឬ​ ការ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​បើ​តាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ ​គេ​មាន​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹក​ភ្លៀង​នៅ​គ្រា​ស្រុកទេស ​​មាន​ការ​រាំងស្ងួត​ជា​ច្រើន​ថ្ងៃ​ខែ​ម្ដងៗ​ដែរ។

 

 

ផ្អែក ​លើ​ឯកសារ​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​​ដដែល​​​ បាន​ លើក​ឡើង​ទៀត​​ថា ប្រវត្តិ​និង​ដើម​កំណើត​នៃ​របាំ​ត្រុដិ​គឺ​មាន​ប្រភព​ច្រើន ​ ក្នុង​នោះ​មាន​ប្រភព​បែប​រឿង​និទាន ប្រភព​បែប​ជំនឿ​អ្នកស្រុក​និង​ប្រភព​ អ្នក​ស្រាវជ្រាវ ។

  ប៉ុន្តែ​បើ​ផ្អែក​​​ លើ​​​ឯកសារ​ខ្លះ​ទៀត​ថា ​ របាំ​ត្រុដិ ​មាន​ប្រវត្តិ​ចេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរយារ​​​ណាស់​មក​ហើយ។  ​វា​​ជា​មរតក​បន្ត​​ពី​​​​​ជំពូក​​​​ជនជាតិ​ដើម​ភាគ​តិច​​មួយ​នេះ ​​និង​​​​​​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង ដែល​​​បាន​ចាប់​​​កំណើត​នៅ​​ដែនដី​​​​​​ប្រទេស ​កម្ពុជា​សព្វ​ថ្ងៃ​ តាំង​ពី​​​បុរាណ​កាល​​​រាប់​​ពាន់​ឆ្នាំ​​មុន។ ​​​​​ប្រពៃណី វប្បធម៌​​​ដ៏​យូរលង់​​​​​ ក៏​នៅ​បន្ត​​​រហូត​ដល់​​សង្គម​សម័យ​នា​បច្ចុប្បន្ន​ របាំ​ ត្រុដ តែង​ទទួល​ការ​ពេញ​និយម​​សម្ដែង​ក្នុង​កម្មវិធី​នានា​ពុន​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ចូល​មក​ដល់៕

 

ខាង​ក្រោម​​ជា ​របាំ​​ត្រុដិ ​​ថត​ដោយ​​​​ផលិត​​​កម្ម​ VCM សម្ដែង​ដោយ​ក្រុម​សិល្បៈនៃ​មន្ទីរ​វិចិត្រសិល្បៈ ​ខេត្ត​តាកែវ ​ក្នុង​បរិវេណ​ប្រសាទ​បាទី​។

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

អត្ថបទថ្មី