សាន​រ័ត្ន បញ្ញា​សក្តិ ដល់​ថ្នាក់​ហា​មាត់​សុំ​គេ​ច្រៀង​ហើយ នៅ​អត់​បាន​ផល​ទៀត

  • 2015-04-10 12:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ច្រៀង​ឲ្យ​ផលិតកម្ម​ណា​ទេ​ខ្ញុំ​បាន​សុំ​គេ​ដែរ​ប៉ុន្តែ​គេ​មិន​ត្រូវ​ការ" សានរ័ត្ន បញ្ញា​សក្ដិ អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Spark Musicថ្លែង ពី​ការ​មិន​អាច​រក​ផលិតកម្ម​ជ្រក​បាន យ៉ាង​ណា​លោក​នៅ​តែ​មាន​សង្ឃឹម។

 

ឆ្លើយ​តប​ពី​មូល​ហេតុ​ដែល​គេ​មិន​ត្រូវការ​ម្ចាស់​បទ "សមុទ្រ​ស្ងប់​ខ្យល់​" ​សាន​រ័ត្ន​បញ្ញា​សក្ដិ​រូប​នេះ​បាន​ប្រាប់ ​Sabay​ តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ព្រឹក​មិញ​ថា​៖មូល​ហេតុ​ទី១ គេ​អត់​ឆ្លើយ​តប​ ទី២​គេ​ត្រូវ​ការ​តែ​ស្រី​ៗ​ទី៣​គេ​ថា​យក​អ្នក​មាន​អាយុ​ក្រោម​២៥​ឆ្នាំ ទី៤​គេ​ថា​រូប​លោក​ចាស់​ពេក។

 

 

"ពី​មុន​ខ្ញុំ​គេ​ធ្លាប់​ហៅ​ច្រៀង...​មិន​ដែល​សុំ​គេ​ច្រៀង​ទេ​...​តែ​ដើម្បី​គ្រួសារ​ប្រពន្ធ​កូនខ្ញុំ​សុខ​ចិត្ត​សុំ​គេ​ច្រៀង​...ខ្ញុំ​សុំ​គេ​ដល់​ទៅ​បួន​ផលិតកម្ម​ធំ​ៗ​ប៉ុន្តែ​គេ​នៅ​តែ​មិន​ត្រូវ​ការ​អារម្មណ៍​ពេលនោះ​គឺ​ពិបាក​ថ្លែង​ណាស់" បញ្ញា​សក្ដិ​បញ្ជាក់។

 

បន្ទាប់​ពី​លោក ជុំ ប៊ុន​ធឿន អ្នក​គ្រប់គ្រង​ក្នុង​ផលិតកម្ម Spark​ Music  ទទួល​អនិច្ចកម្ម​ទៅ​ម្ចាស់​បទ​ "សមុទ្រ​ស្ងប់​ខ្យល់" សាន​រ័ត្ន បញ្ញា​សក្តិ ក៏​បាន​ចេញ​ពី​ផលិតកម្ម Spark Music តាំង​ពី​ឆ្នាំ​២០០៨​មក​ដែរ​ព្រោះ​អ្នក​គ្រប់គ្រង​ថ្មី​ហាក់​មិន​អើ​ពើ​នឹង​រូប​លោក​សោះ​។នេះ​បើ​តាម​រូប​លោក​បញ្ជាក់​ប្រាប់​។

 

តារា​ប្រុស​ម្នាក់​នេះ​ប្រាប់​ទៀត​ថា "មាន​ផលិតកម្ម​ថ្មី​ចំនួន​ពីរ​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​...​តែ​បើក​ហើយ​ក៏​បិទ​ទៅ​វិញ​...​ខ្ញុំ​ហាក់​ដូចជា​ងើប​មុខ​មិន​រួច​សោះ​...​សង្ស័យ​តែ​គេ​មិន​ឲ្យ​ធ្វើ​ជា​អ្នក​ចម្រៀង​ទេ​មើល​ទៅ មុខ​ខ្ញុំ​ធ្វើ​អ្នក​លក់​លៀស​ហាល​សម​ជាង​(សើច)”។​

 

ទោះ​យ៉ាង​ណា​ក៏ បញ្ញា​សក្តិ បាន​ប្រាប់​ថា​លោក​មិន​អស់​សង្ឃឹម​នោះ​ទេ​ដោយ​លោក​បាន​យក​ទ្រឹស្ដី​ព្រះ​ពុទ្ធ​មក​ដាស់​អារម្មណ៍​ជានិច្ច​ថា​ស៊ូ​ៗ​ហើយ​ព្យាយាម​ធ្វើ​តែ​ល្អ​ៗ​ទៅ​។

 

 

សានរ័ត្ន បញ្ញាសក្ដិ និង​មិត្តរួម​ការងារក្នុង​ក្រុម​តន្ត្រី​ប៉ូលីស

 

ការ​តស៊ូ​ក៏​មិន​ធ្វើ​ឲ្យ​រូប​លោក​បរាជ័យ​រហូត​នោះ​ដែរ​ដោយ​លោក​បាន​ចូល​បម្រើ​ការងារ​ប៉ូលីស​ផ្នែក​តន្ត្រី​នេះ​ជិត​៣​ឆ្នាំ​ តាម​រយៈ​លោក​​គ្រូ មិញ សុធីវណ្ណ ហើយ​ឥឡូវ​មិន​ទាន់​ចូល​ជា​ក្រប​ខណ្ឌ​ទេ​ ចំពោះ​ប្រាក់​បំប៉ន​វិញ​បាន​​ត្រឹម​តែ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ យ៉ាង​ណា បញ្ញា​សក្តិ ក៏​បាន​បញ្ជាក់​ដែរ​ថា ឆ្នាំ​នេះ​ប្រហែល​ជា​បាន​ចូល​ក្នុង​ក្រប​ខណ្ឌ​ហើយ។

 

ក្រោយ​ចាកចេញ​ពី​ផលិតកម្ម ម្ចាស់​បទ "គូ​សំនៀង" ដែល​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ សុគន្ធ នីសា រូប​នេះ​បាន​រៀបការ​រួច​ហើយ​ក្នុង​ឆ្នាំ ២០០៨។ ភរិយា​របស់​លោក​ឈ្មោះ សួន សុផា ដែល​មក​ទល់​សព្វថ្ងៃ​នេះ លោក​ទទួល​បាន​បុត្រា​ពីរ​នាក់​ជា​ចំណង​ដៃ។ កូន​បង​ឈ្មោះ សាន ​សួន​ពុទ្ធា​រិទ្ធ និង​កូន​ប្អូន​ឈ្មោះ សាន ​សួន​មុនី​រាជ៕

 

 

សានរ័ត្ន បញ្ញា​សក្ដិ និង​ភរិយា ព្រម​ទាំង​បុត្រ

 

 

រូបភាព៖​ផ្ដល់​ដោយ បញ្ញាសក្ដិ

 

រំលឹក​បទ​ខ្លះ​ៗ​របស់ បញ្ញាសក្ដិ

 

 

 

អត្ថបទ៖ ថា ម៉ាលីដា