ឈាវ បូរ៉ា ប្រាប់វិធី៤យ៉ាងដើម្បីក្លាយជាស្ដេចអុកចត្រង្គ
- 2015-04-23 21:15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈាវ បូរ៉ា ប្រាប់វិធី៤យ៉ាងដើម្បីក្លាយជាស្ដេចអុកចត្រង្គ
ចន្លោះមិនឃើញ
ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ត លោក ឈាវ បូរ៉ា បានប្រាប់គន្លឹះខ្លាំងរបស់លោកដែលបានក្លាយជាជើងឯកអុកចត្រង្គអង្គរសង្ក្រាន្តពីរឆ្នាំជាប់ៗគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្តសៀមរាបកន្លងទៅនេះ។
ទី១ គិតឲ្យបានរហ័ស លោក ឈាវ បូរ៉ា បានឲ្យដឹងថាចង់ក្លាយជាជើងឯកអុកមិនមែនជារឿងងាយឡើយ ពីព្រោះត្រូវអាស្រ័យនឹងភាពរហ័សក្នុងការគិត និងការតាំងស្មារតីពេលកំពុងប្រកួត។ ប្រសិនបើអាចគិតបានលឿននឹងអាចមានឱកាសបានក្លាយជាជើងខ្លាំងអុកម្នាក់ក្នុងចំណោមអ្នកលេងអុកនៅស្រុកខ្មែរ ប៉ុន្តែអ្នកលេងត្រូវមានភាពអំណត់អត់ធន់ក្នុងការហាត់រៀន និងឆ្លងកាត់បទពិសោធន៍ឲ្យបានច្រើន។
ទី២ មិនធ្វេសប្រហែសពេលប្រៀបលើដៃគូ ចំណុចដ៏សំខាន់មួយទៀតគឺមិនត្រូវធ្វើប្រហែសឡើយពេលកំពុងមានប្រៀបលើដៃគូ ហើយត្រូវប្រយ័ត្នក្នុងការវាយលុក និងការការពារ។ អ្នកលេងអុកមិនត្រូវភ័យពេលដៃគូវាយលុកមកលើខ្លួន និងមិនត្រូវធ្វេសប្រហែសពេលកំពុងមានព្រៀបលើដៃគូ និងវាយលុកលើដៃគូ។ ចំពោះវិធីដើរ ប្រើក្បាច់ប្រយុទ្ធ និងការពារដោយវិធីណានោះអាស្រ័យលើការប្រយុទ្ធរបស់ដៃគូ និងមានការផ្លាស់ប្ដូរមិនអាចកំណត់បានឡើយ។
លោកនិយាយថា ៖«ជាក់ស្ដែងដូចការប្រកួតរបស់ខ្ញុំនៅវគ្គផ្ដាច់ព្រ័ត្រ ខ្ញុំត្រូវដៃគូវាយលុករហូតក្រោយពេលមិនអាចធ្វើអីខ្ញុំបាន ហើយពេលមានចន្លោះប្រហោងគឺជាឱកាសសម្រាប់ខ្ញុំវាយលុកវិញ។ ខ្ញុំលេងការពារបានល្អ ហើយវាយលុកដៃគូមិនឲ្យមានឱកាសតដៃបាន ទើបជាការវាយលុកបានល្អ» ។
ទី៣ អនុវត្តប្រចាំ មុននឹងក្លាយជាស្តេចអុក និងជាជើងខ្លាំងរយៈពេលពីរឆ្នាំជាប់គ្នានេះ លោក ឈាវ បូរ៉ាបានព្យាយាមហ្វឹកហាត់ និងអនុវត្តផ្ទាល់ខ្លួនរយៈពេលជាង៣ឆ្នាំទើបបានយល់កាន់តែច្បាស់អំពីរបៀបលេងអុក។ លោកបញ្ជាក់ថា ប្រសិនបើមិនសិក្សាស្វែងក្រឡាអុកឲ្យច្បាស់ និងចេះតែដោយមិនគិតគូវែងឆ្ងាយទេនោះ អ្នកលេងនឹងមិនងាយយកឈ្នះនរណាម្នាក់ដែលគេលេង និងចេះគិតឲ្យបានល្អិតល្អន់នោះទេ។
ទី៤ ស្នើសុំការណែនាំពីជើងខ្លាំង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោកបានជួបប្រកួតជាមួយជើងខ្លាំងអុកជាច្រើនរូប។ ជើងខ្លាំងទាំងនោះលោកតែងតែសុំការណែនាំពីរបៀបលេង។ ជាក់ស្តែងលោកលោកធ្លាប់បានប្រកួតចាញ់ជើងខ្លាំងអុកម្នាក់ឈ្មោះ ហ៊ុន គាសេង ដែលជាជាប់លេខ៣នៅអង្គរសង្ក្រាន្តឆ្នាំនេះ ប៉ុន្តែលោកបានសុំការណែនាំពីជើងខ្លាំងរូបនោះ។ ឆ្លងកាត់ការជួយណែនាំ និងអនុវត្តតាមលោក គាសេង អស់ជិតមួយឆ្នាំ ទីបំផុតសមត្ថភាពរបស់លោកឈានដល់កម្រិត។ ឆ្នាំ២០១៤ លោកបានចូលរួមប្រកួតនៅអង្គរសង្ក្រាន្ត និងបានក្លាយជាជើងឯកអុកតែម្តង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា