វិធី១៤យ៉ាង រៀបចំផ្ទះឲ្យស្អាតមានសណ្ដាប់ធ្នាប់
- 2015-04-28 16:59:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី១៤យ៉ាង រៀបចំផ្ទះឲ្យស្អាតមានសណ្ដាប់ធ្នាប់
ចន្លោះមិនឃើញ
ផ្ទះស្អាតមានសណ្ដាប់ធ្នាប់ធ្វើឲ្យយើងចង់រស់នៅ និងមានភាពស្រស់ស្រាយ ដូចនេះសម្រាប់អ្នកចង់ឲ្យផ្ទះស្អាតល្អ សូមសាកល្បងវិធីខាងក្រោមលមើល៖
១. ទុកដាក់របស់របរឲ្យបានត្រឹមត្រូវតាមកន្លែង
វាជារឿងសំខាន់មួយដែលយើងគួរទុកដាក់រៀបចំរបស់របរឲ្យចំកន្លែងត្រឹមត្រូវ ឧទាហរណ៍ធ្នើរទុកឥវ៉ាន់នៅក្នុងបន្ទប់ទទួលភ្ញៀវដែលសាកសមសម្រាប់ទុកដាក់ទស្សនាវដ្ដី តេឡេទូរទស្សន៍ និងអាចដាក់ទំពក់សម្រាប់ព្យួរកាបូប និងខោអាវបានផងដែរ។
២. យកចេញនូវរបស់ដែលពុំប្រើប្រាស់
អ្នកគួរតែឈប់សន្សំនូវរបស់របរដែលអ្នកពុំត្រូវការ ដែលវាបង្កជាបញ្ហារាយប៉ាយពេញផ្ទះ ដូចនេះអ្នកអាចទុកតែរបស់ណាដែលមានប្រយោជន៍សម្រាប់ប្រើប្រាស់ ដែលជួយឲ្យផ្ទះអ្នកមានសណ្ដាប់ធ្នាប់ជាងមុន។
៣. សម្អាតគ្រប់កន្លែងដែលអ្នកនៅ
វាជាការល្អប្រសិនបើអ្នកនៅក្នុងបន្ទប់ទឹក ហើយឃើញអាងទឹកកខ្វក់ ដូចនេះអ្នកអាចសម្អាតវាភ្លាមៗនៅពេលដែលអ្នកនៅទីនោះ ធ្វើបែបនេះអាចសំអាតផ្ទះបានស្អាតនិងចំណេញពេល។
៤. រៀបចំផែនការសណ្ដាប់ធ្នាប់ជាមួយកូនៗ
សម្រាប់អ្នកមានកូនតូចៗ ប្រាកដណាស់ដែលថាកូនតូចរបស់អ្នកពុំខ្វល់អំពីភាពរប៉ាត់រប៉ាយ ហើយពេលខ្លះពួកគេអាចចូលចិត្តគូរលេងលើជញ្ជាំង ដែលធ្វើឲ្យប្រឡាក់ ដូចនេះអ្នកគួរតែដាក់ជញ្ជាំងក្ដារខៀនពីលើដែលជួយកុំឲ្យប្រឡាក់ ហើយបើអ្នកមានកូនធំ អ្នកអាចដាក់កន្ត្រកសំរាម និងបិទស្លាកសម្រាប់ពួកគេចោលសំរាម។
៥. ជៀសវាងកុំប្រើក្រដាសច្រើន
បើអាចធ្វើបានអ្នកគួរកុំប្រើក្រដាសច្រើនពេក ដូចជាក្រដាសវិក្កយបត្រផ្សេងៗ ហើយសម្រាប់ទស្សនាវដ្ដី អ្នកគួរទិញធ្នើរទុកដាក់ឲ្យបានស្អាត ដើម្បីកាត់បន្ថយភាពរញ៉េរញ៉ៃ។
៦. ចំណាយពេល១០នាទីចូលរួមសម្អាត
អ្នកអាចរៀបចំគោលការណ៍សម្រាប់គ្រប់ៗគ្នាដែលនៅផ្ទះ ដោយអោយចូលរួមសំអាតនៅកន្លែងណាមួយ។ ចំណាយពេល១០នាទីក្នុងពេលល្ងាច ដើម្បីសម្អាតសំរាម។
៧. បង្កើតទម្លាប់សម្អាតដែលសក្ដិសមជាមួយអ្នក
ទម្លាប់សម្អាតជារៀងរាល់ថ្ងៃជាផ្នែកមួយសំខាន់ដែលជួយឲ្យផ្ទះមានសណ្ដាប់ធ្នាប់ ដូចនេះអ្នកគួរបង្កើតទម្លាប់ល្អរៀបចំផ្ទះឲ្យបានស្អាតដែលសមនឹងអ្នក។
៨. រៀបចំគ្រែគេងឲ្យមានសណ្ដាប់ធ្នាប់
ជារៀងរាល់ព្រឹកចំណាយពេលរៀបចំកន្លែងគេងអ្នកមិនដល់៥នាទី វាងាយធ្វើឲ្យកន្លែងគេងស្អាត ហើយធ្វើបែបនេះធ្វើឲ្យអ្នកចូលចិត្តភាពស្អាតមានសណ្ដាប់ធ្នាប់។
៩. លាងសំអាតចានភ្លាមៗ
ទុកចានគរចោលច្រើន ធ្វើឲ្យអ្នកចំណាយពេលច្រើន ដូចនេះគួរតែសម្អាតភ្លាមៗជាជាងទុកចោលចាំលាងសរុប។
១០. ទុកដាក់ខោអាវមានសណ្ដាប់ធ្នាប់
ពេលគេងអ្នកគួរតែរៀបចំទុកដាក់ខោអាវឲ្យត្រឹមត្រូវសម្រាប់ ខោអាវណាដែលត្រូវបោក និងព្យួរខោអាវដែលស្អាតដោយឡែក។ ធ្វើបែបនេះជួយឲ្យអ្នកស្រស់ស្រាយ និងមានភាពមានសណ្ដាប់ធ្នាប់។
១១. បោកគក់ខោអាវជារៀងរាល់ថ្ងៃ
ជារៀងរាល់ព្រឹកអាចគួរចាប់ផ្ដើមបោកគក់ខោអាវ ឬនៅពេលអ្នកត្រឡប់មកពីធ្វើការវិញ វាធ្វើឲ្យអ្នករីករាយជាងការដែលទុកចោលច្រើនហើយចំណាយពេលមួយថ្ងៃពេញទើបបោកគក់។
១២. រៀបចំកន្លែងទុករបស់របររប៉ាត់រប៉ាយ
អ្នកអាចទុកកន្លែងសម្រាប់ដាក់របររាយប៉ាយ ហើយបើអ្នកមានកូនក្មេង អ្នកអាចឲ្យពួកគេលេងនៅទីនោះបានផងដែរ។
១៣. សំអាតផ្ទះបាយ
បន្ទាប់ពីចម្អិនអាហាររួច អ្នកគួរលាងសំអាតកន្លែងភ្លាមៗមុនពេលវាស្ងួត និងស្អិតជាប់។ ចំណាយពេលធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយជាងមុននៅពេលផ្ទះបាយស្អាត។
១៤. រស់នៅស្អាតទាំងអស់គ្នា
ប្រសិនបើនៅក្នុងផ្ទះ មានតែអ្នកជាមនុស្សមានសណ្ដាប់ធ្នាប់ ហើយត្រូវធ្វើកិច្ចការងារសម្អាតច្រើន អ្នកគួរចែករំលែកការងារនោះទៅឲ្យសមាជិកគ្រួសារផ្សេងធ្វើខ្លះ ដោយលើកទឹកចិត្តពួកគេធ្វើការជាក្រុម ដើម្បីផ្ទះស្អាតទាំងអស់គ្នា៕
ចុចអាន៖ សុខចិត្តបោះបង់ជីវិតស៊ីវិល័យទៅរស់នៅលើផ្ទះចម្រុះពណ៌ដ៏ស្ងប់ស្ងាត់
ប្រែសម្រួល៖ មាន រតនា ប្រភព៖ ideadigezt