យ៉ាន លីនដា រៀបរាប់បន្ថែមរឿងឈឺចាប់ក្នុងចិត្តដែលមិនអាចទ្រាំដល់ថ្ងៃស្លាប់
- 2015-05-07 20:18:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាន លីនដា រៀបរាប់បន្ថែមរឿងឈឺចាប់ក្នុងចិត្តដែលមិនអាចទ្រាំដល់ថ្ងៃស្លាប់
ចន្លោះមិនឃើញ
បន្ថែមពីលើរឿងរកាំរកូសដែលកើតឡើងក្នុងជីវិតគូរបស់ខ្លួនថ្មីៗ នៅព្រឹកនេះ យ៉ាន លីនដា ភរិយា យ៉ែម សំអូន បានរៀបរាប់បន្ថែមទៀតពីការឈឺចាប់ជាច្រើន ដែលនាងមិនអាចទ្រាំបានរហូតដល់ជីវិតចុងក្រោយ។
ក្នុងសារវែងអន្លាយបង្ហោះលើបណ្ដាញសង្គមព្រឹកនេះ យ៉ាន លីនដា ថ្លែងថា នាមជាកូនខ្មែរ ស្ត្រីខ្មែរម្នាក់ និងជាសិល្បករមួយរូបអ្នកនាង ស្គាល់ពីតម្លៃនៃជាតិសាសន៍របស់ខ្លួន និងរឹតតែស្គាល់ពីតួនាទីជាម្ដាយ ជាភរិយា រួមនឹងតម្លៃរបស់ស្ត្រីទៀត។ អ្នកនាង បន្តថា ដោយមិនចង់ឲ្យកូនអត់មានឪពុក ពោលគឺគិតពីអនាគតកូនស្រី អ្នកនាងដែលយល់ថា ខ្លួនឯងមានភាពទន់ខ្សោយ បានត្រឹមទន្ទេញពាក្យមួយម៉ាត់ថា "ទ្រាំៗ" ប៉ុណ្ណោះ។
តារាដែលមានសញ្ជាតិអូស្ត្រាលីរូបនេះ បន្តជាសំណួរថា ក្នុងនាមជានារីម្នាក់ដែលសុខចិត្តចោលឪពុកម្ដាយ ចោលកូនស្រី ហើយមកតាមប្ដី ធ្វើការតស៊ូជាមួយប្ដីនោះ តើចង់មានឈ្មោះជាស្ត្រីមេម៉ាយ និងចង់ឲ្យកូនកំព្រាឪពុកទេ?។ យ៉ាងណា រឿងរ៉ាវដែលវិវត្តន៍ដល់ដំណាក់កាលទុំជោរនេះ ក៏ព្រោះតែអ្នកនាង មិនអាចទ្រាំទ្រតទៅទៀតបាន។
ដោយមិននិយាយចំៗលើដំណើររឿងដែលកើតឡើងយ៉ាងណា ហើយ យ៉ែម សំអូន ដែលជាស្វាមីបានធ្វើអ្វីខ្លះដាក់ខ្លួននោះ យ៉ាន លីនដា បានត្រឹមនិយាយថា ១០ឆ្នាំកន្លងមកនេះ ជាមួយនឹងការស៊ូទ្រាំ អ្នកនាង បានបង្កើតស្នាមញញឹមសិប្បនិម្មិតរហូតមក ហើយថា ស្វាមីអ្នកនាង បានបង្កើតរឿងលាបពណ៌ធ្វើឲ្យអ្នកនាងអាក្រក់ ហើយយកល្អតែម្នាក់ឯង។
"តើបុរសបែបណាទៅដែលយកប្រពន្ធខ្លួនឯងទៅលាបពណ៌ បំលែង បំភ្លៃអោយប្រពន្ធខ្លួនឯងអាក្រក់ ហើយល្អតែម្នាក់ឯង? អ្នកមានបេះដូងជាប្រុសទេ? មានបេះដូងជាឪពុកទេ ?” លីនដា ថ្លែង។
ពាក់ព័ន្ធនឹងការវិវត្តថ្មីដោយ យ៉ាន លីនដា ចេញមករៀបរាប់វែងអន្លាយលើបណ្ដាញសង្គមនេះ យ៉ែម សំអូន ជាស្វាមី លេខទូរសព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងសុំការអធិប្បាយបានទេព្រឹកនេះ។
លីនដា និងរបួសលើរាងកាយ បន្ទាប់ពីជម្លោះជាមួយ យ៉ែម សំអូន
យ៉ាន លីនដា និងយ៉ែម សំអូន ត្រូវបានអ្នកគាំទ្រលើកតម្កើងគូស្វាមីភរិយាសិល្បៈគំរូបន្ទាប់ពីគូស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី ធ្លាប់ទទួលបានការលើកតម្កើងដូចគ្នានេះ បានដើរដល់ផ្លូវបំបែក។ យ៉ាងណា គូស្វាមីភរិយាដែលបានដឹកដៃគ្នាពីអូស្ត្រាលីមួយគូនេះ ក៏បានផ្ទុះរឿងជម្លោះស្រួចស្រាល់ទៀត ដែលប្រិយមិត្តកំពុងទន្ទឹងពីការវិវត្តនៃដំណើររឿង។
បើទោះភាគីទាំងសង្ខាងមិនរៀបរាប់ពីរឿងកន្លងមក ប៉ុន្តែរឿងជម្លោះចុងក្រោយបំផុតដែលផ្ទុះចេញកាលពីយប់ថ្ងៃទី ២៧ មេសានេះ គឺមានពាក់ព័ន្ធនឹងអំពើហិង្សា។ តាមព័ត៌មានដែលចុះផ្សាយជាហូរហែមកនេះ គឺ យ៉ែម សំអូន បានបង្កហិង្សាលើ យ៉ាន លីនដា ដោយបានធ្វើឲ្យគ្រេចឆ្អឹងក និងជាំលើផ្នែកខ្លះនៃរាងកាយ។ ចំពោះដើមហេតុនៃរឿងចុងក្រោយនេះ គឺដោយសារ លីនដា បានប្រចណ្ឌស្វាមីជាមួយបុរសវ័យក្មេងម្នាក់ ដោយសង្ស័យថា ស្វាមីខ្លួនមានទំនាក់ទំនងស្នេហាភេទដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ យ៉ែម សំអូន ដែលមិនអាចសុំការអធិប្បាយបានព្រឹកនេះ ធ្លាប់ប្រាប់សារព័ត៌មាននានាថា ពួកលោកពិតជាមានរឿងនឹងគ្នាមែន ប៉ុន្តែលោកបានបដិសេធចំពោះរឿងថាលោកប្រព្រឹត្តអំពើហិង្សាលើភរិយា។ លោកបន្តថា របួសរបស់ភរិយាលោក គឺជាឧបទ្ទវហេតុដែលកើតមានក្នុងពេលជម្លោះប៉ុណ្ណោះ។
ដោយឡែក ជុំវិញរឿងភរិយាសង្ស័យថា លោកមានទំនាក់ទំនងស្នេហាភេទដូចគ្នានោះ ម្ចាស់បទ "ចំប៉ាប៉ោយប៉ែត" រូបនេះ ក៏បានបដិសេធន៍ដែរ ដោយលោកបញ្ជាក់ថា លោកស្រឡាញ់ភរិយាតែម្នាក់គត់ រឿងដែលកើតឡើង គឺជាការលាបពណ៌របស់អ្នកផ្សេងប៉ុណ្ណោះ។
"ជម្លោះពួកខ្ញុំមិនមែនដោយសារជនទី៣ទេ គឺវាមានយូរមកហើយ បណ្ដាលមកពីគាត់ចង់បោះបង់សិល្បៈ ទៅរស់នៅជាមួយកូននៅអូស្ត្រាលី ហើយខ្ញុំតែងតែជំទាស់ បង្អាក់គាត់ ។ ខ្ញុំសារភាពថាកន្លងមកខ្ញុំអត់មានការទទួលខុសត្រូវក្នុងនាមជាឪពុក ដូចគាត់អស់សង្ឃឹម ទើបចេះតែជំរុញឲ្យគាត់ និងខ្ញុំមានរឿងមាត់ធំមាត់តូចដាក់គ្នា រហូតឈានដល់ទំនាស់ចុងក្រោយ ប៉ុន្តែខ្ញុំអត់គិតថាគាត់សម្រេចចិត្តបែកគ្នាជាមួយខ្ញុំទេ "។ យ៉ែម សំអូន ប្រាប់ VOD។
ក្រោយកើតរឿង យ៉ាន លីនដា បានចាកចេញទៅដល់អូស្ត្រាលីហើយ តាំងពីថ្ងៃទី ៣ ឧសភា ២០១៥៕
អត្ថបទ៖ យ៉ែម សំអូន ឡើងវីឡាតម្លៃជិត ២០ ម៉ឺនដុល្លារយប់មិញ
អត្ថបទ៖ ទារិកា