យ៉ែម សំអូន ឡើង​វីឡា​​តម្លៃ​ជិត ២០​ ម៉ឺន​ដុល្លារ​យប់​មិញ

  • 2015-01-13 16:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យ៉ែម សំអូន បាន​ធ្វើ​ពិធី​ឡើង​វីឡា​ថ្មី​យប់​មិញ​ស្ថិត​ក្នុង​បូរី​ ប៉េង​ហួត បឹង​ស្នោ មាន​តម្លៃ​ជិត ២០​ ម៉ឺន​ដុល្លារ។ ការ​សម្រេចចិត្ត​សម្ពោធ​វីឡា​ថ្មី​ក្រោម​វត្តមាន​ភ្ញៀវ​​លំដាប់​ខ្ពស់ៗ​​ប្រមាណ ៣០០​ ទៅ ៣៥០ ​នាក់ ​បន្ទាប់​ពី​លោក​ទិញ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។

 

​តារា​ចម្រៀង​ លោក យ៉ែម សំអូន និយាយ​ថា៖ "វិឡា​នេះ​ខ្ញុំ និង​ ភរិយា​​ទិញ​ជិត​កន្លះ​ឆ្នាំ​ហើយ។ តម្លៃ​ជាង ១៨ ​ម៉ឺន​ដុល្លារ តែ​បូក​សម្ភារៈ​ផ្សេងៗ​ទៀត​អាច​ជិត ឬ​លើស ២០​ ម៉ឺន​ដុល្លារ"។

 

លោក យ៉ែម សំអូន និង​ភរិយា ក្នុងពិធី​ឡើង​វិឡា​ថ្មី​យប់មិញ

 

ជុំ​វិញ​ការ​ទិញ​វីឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ តារា​ចម្រៀង​រូប​នេះ​អះអាង​ថា ​​លោក និង ​ភរិយា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ដាច់​ទេ គឺ​ធ្វើជា​លក្ខណៈ​បង់​រំលោះ ហើយ​សល់​រយៈ​ពេល​តែ​​ពីរ​ទៅ​បី​ខែ​ខាង​មុខ​លោក​នឹង​បង់​ផ្ដាច់​តែ​ម្ដង។

 

កត្តា​នាំ​ឱ្យ​មាន​លទ្ធភាព​បង់​ផ្ដាច់​ផ្ទះ​វិឡា​ក្នុង​បុរី​ ប៉េង​ហួត​ ខាង​លើ​ត្រូវ​លោក យ៉ែម សំអូន​ ប្រាប់​ថា ​មក​ពី​សន្ទុះ​ទីផ្សារ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​រក​ពេល​សម្រាក​គ្មាន​ជា​មួយ​ភរិយា។

 

សមាជិក​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model បន្ត​ថា​ ទន្ទឹម​នឹង​​ការ​សម្ពោធ​វីឡា​ថ្មី កម្មវិធី​យប់​មិញ ​​គឺ​ជា​ គម្រប់​ខួប ២០​ ឆ្នាំ​ នៃ​ការ​ឈាន​​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ​១៩៩៥។

 

“អ្វី​ដែល​ខ្ញុំ​រំភើប និង ​សប្បាយ​ចិត្ត​បំផុត​យប់​នេះ​​ គឺ​ពិធី​ឡើង​ផ្ទះ​ថ្មី ត្រូវ​នឹង​ខួប​ចូល​សិល្បៈ​ខ្ញុំ​រយៈ​ពេល​ ២០​ឆ្នាំ​គត់ គិត​ត្រឹម​​ពេល​នេះ"។ លោក យ៉ែម សំអូន​ បន្ថែម។

 

ក្រៅ​តែ​ពី​វីឡា​ស្ថិត​ក្នុង​បុរី ប៉េង​ហួត ទើប​សម្ពោធ​លោក យ៉ែម សំអូន និង​ ភរិយា​មាន​ផ្ទះ​មួយ​កន្លែង​ទៀត​នៅ​ម្ដុំ​ ចោមចៅ ហើយ​លោក​ត្រៀម​នឹង​ទិញ​ខុន​ដូ​មួយ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ៕

 

អានអត្ថបទបន្ត៖ កុំកុំ នឹង​សហការ​ថត ៣រឿង​ទៀត

អានអត្ថបទបន្ត៖ Lee Jae Won ក្រុម H.O.T កើត​មហារីក​ក្រពេញ​

អានអត្ថបទបន្ត៖ រឿង​ Taken វគ្គ​៣ មក​ដល់​រោង​ភាព​យន្ត​ Major Cineplex

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី