តារា​ល្បី​ៗ​ទាំង​ពីរ​ដួង​របស់​សិង្ហបុរី ហូរ​ទឹក​ភ្នែក​ក្នុង​បេសកកម្ម​មនុស្ស​ធម៌​នៅ​កំពង់ចាម

  • 2015-05-27 16:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ទាំង​ពីរ​ដួង​របស់​ប្រទេស​សិង្ហបុរី​គឺ Elvin Ng និង​អ្នកនាង Zoe Tay ហៅ បូបូ បាន​ជួប​រឿង​រន្ធត់​ចិត្ត​រហូត​ដល់​ហូរ​ទឹក​ភ្នែក ក្នុង​បេសកកម្ម​មនុស្ស​ធម៌​ដែល​ជា​បេសកកម្ម​ទី​៣​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម សម្រាប់​ដំណើរ​មក​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ។ នេះ​បើ​តាម​លោក សុខ គង់  តំណាង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប PPCTV។

 

 

តំណាង​ក្រុមហ៊ុន​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​ថ្មី​ៗ​នេះ Elvin Ng និង​អ្នកនាង Zoe Tay ហៅ បូបូ បាន​នាំ​យក​ជំនួយ និង​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន PPCTV និង Media Corp. ទៅ​ផ្ដល់​ជូន​កុមារ​កំព្រា​រស់​នៅ​ក្នុង​អង្គការ AFESIP នៅ​ខេត្ត​កំពង់ចាម ដោយ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​របស់​កម្ពុជា រួម​ដំណើរ​ទៅ​ជាមួយ​ផង។

 

នៅ​ទី​នោះ ពួក​គេ​បាន​ស្ដាប់​ការ​ច្រៀង​រៀបរាប់​ពី​ខ្សែ​ជីវិត​ជូរ​ចត់​របស់​ប្អូន​ៗ​កុមារ​ក្នុង​អង្គការ AFESIP ដែល​ជួប​រឿង​ជូរ​ចត់ និង​កម្សត់​ជា​ច្រើន ពេល​នោះ​ហើយ Elvin និង Zoe Tay ក៏​ស្រក់​ទឹក​ភ្នែក​ព្រម​គ្នា​យំ​តែ​ម្ដង។ ជាមួយ​គ្នា​នោះ អ្នក​ផ្សេង​ទៀត​ដែល​រួម​ដំណើរ ក៏​រំជួល​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​មិន​ដឹង​ខ្លួន​ដូច​គ្នា​ដែរ។ សុខ គង់ ថ្លែង។

 

លោក បន្ត​ថា "ពួក​គេ​នឹក​មិន​ដល់​ថា ប្អូន​ៗ​កុមារ​ទាំង​នោះ មាន​រឿង​កម្សត់​យ៉ាង​នេះ ហើយ​ពួក​គេ​បាន​រត់​ទៅ​ឱប​ប្អូន​ៗ​កុមារ និង​និយាយ​លើក​ទឹក​ចិត្ត​ពួក​គេ​កុំ​ឲ្យអស់​សង្ឃឹម​ក្នុង​ជីវិត តែ​ផ្ទុយ​ទៅ​វិញ ត្រូវ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​កែ​ប្រែ​ជីវិត ក៏​ដូច​ជា​ជោគ​វាសនា​របស់​ខ្លួន"។

 

 

 

 សកម្មភាព​ Elvin Ng និង​ Zoe Tay នៅ​អង្គការ AFESIP នា​ខេត្ត​កំពង់ចាម(រូបភាព​ពី PPCTV)

 

ក្នុង​បេសកកម្ម​មនុស្ស​ធម៌​ខាង​លើ Elvin និង Zoe Tay បាន​នាំ​យក​អំណោយ និង​មូលនិធិ​សប្បុរសធម៌​ជា​គ្រឿង​ឧបភោគ បរិភោគ សម្ភារ​សិក្សា និង​ប្រើ​ប្រាស់​មួយ​ចំនួន គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង ២៨៨៨​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ផ្ដល់​ជូន​កុមារ​ៗ​រស់​នៅ​ក្នុង​អង្គការ AFESIP។

 

ទទួល​បាន​ជំនួយ​នេះ អ្នក​ស្រី ម៉ម សុម៉ាលី ប្រធាន​អង្គការ AFESIP បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ឯកឧត្តម​អ្នក​ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន PPCTV និង​លោក​ជំទាវ រួម​ទាំង​តារា​សិង្ហបុរី​ទាំង​ពីរ​ដួង​ផង ដែល​បាន​នាំ​យក​អំណោយ​សប្បុរស​ខាង​លើ​មក​ផ្ដល់​ជូន​កុមារ​ៗ​ក្នុង​អង្គការ​របស់​អ្នក​ស្រី។

 

អ្នក​ស្រី បន្ត​រៀបរាប់​ថា អង្គការ​របស់​អ្នក​ស្រី មាន​ចំនួន​៣​មណ្ឌល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ដោយ​ឡែក មណ្ឌល​នៅ​កំពង់​ចាម​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ បច្ចុប្បន្ន​មាន​ក្មេង​ៗ​ជា​កុមារី​រស់​នៅ​ចំនួន ៥០នាក់។ ពួក​គេ​ទាំង​នោះ សុទ្ធ​ជា​កុមារ​ត្រូវ​គេ​ជួញ​ដូរ​ផ្លូវ​ភេទ និង​រំលោភ​សេពសន្ថវៈ រួម​ទាំង​ការ​បំពាន​ផ្សេង​ៗ​ទៀត។

Elvin Ng និង Zoe Tay បាន​មក​ដល់​ប្រទេសកាល​ពី​ថ្ងៃ​ទី ២៣ ដើម្បី​មក​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ពួក​គេ​រឿង "សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ"ដែល​ជា​កិច្ចការ​ទី​១។ កិច្ចការ​ទី​២​របស់​ពួក​គេ គឺ​ជួប​ជុំ​អ្នក​គាំទ្រ ហៅ​ថា “You Can Be An Angel Too Fans Meet” ឯ​ការ​នាំ​ជំនួយ​សប្បុរស​ធម៌​ទៅ​ផ្ដល់​ជូន​កុមារ​នៅ​អង្គការ AFESIP គឺ​ជា​កិច្ច​ការ​ទី​៣​របស់​ពួក​គេ។ ពួក​គេ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ៕

 

អត្ថបទ៖ ទារិកា