គេសារភាពខ្ញុំមិនទទួល ចុះម៉េចបេះដូងត្រដរចង់ឮពាក្យសារភាពម្ដងទៀត?
- 2015-05-27 16:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេសារភាពខ្ញុំមិនទទួល ចុះម៉េចបេះដូងត្រដរចង់ឮពាក្យសារភាពម្ដងទៀត?
ចន្លោះមិនឃើញ
“កើត ទុក្ខ ទុក្ខកើត!”។ ទាំងនេះគឺជាបញ្ហាដែលប្រិយមិត្តភាគច្រើនផ្ញើឲ្យចុះផ្សាយនៅលើ វ៉ិបសាយSabay។ សម្រាប់ខ្ញុំវិញ វាមិនទាក់ទងនឹងស្នេហាជោគជ័យ ឬបរាជ័យអ្វីទេ ប៉ុន្តែវាទាក់ទឹងនឹងស្នេហាមិនទាន់សារភាព។
ដោយសារ ខ្ញុំជាកូនកាត់ចិន មានសាច់សទ្រលុកទ្រលន់ សក់វែងស្រឡូន និងមានរាងស្អាត មនុស្សទូទៅសុទ្ធតែហៅខ្ញុំថា “អាមួយគា” លើកលែងតែបុរសម្នាក់ ដែលហៅខ្ញុំថា “អាមួយម៉ាប់”។ បុរសនោះគឺជាមនុស្សដែលខ្ញុំជំពាក់ចិត្ត ម៉្លោះហើយសូមប្រិយមិត្តSabayហៅខ្ញុំ “អាមួយម៉ាប់” តាមពាក្យគាត់ចុះ។
មូល ហេតុដែលធ្វើឲ្យខ្ញុំជំពាក់ចិត្ត គឺកើតឡើងកាលពី១១ឆ្នាំ នៅពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យមួយ ឯខេត្តកំពង់ចាម។ មានបុរសម្នាក់ស្គមចម្អឹងខ្ពស់ស្រឡះម្នាក់ អាយុប្រហែល១៩ឆ្នាំរៀននៅថ្នាក់ក្បែរខ្ញុំដែរ តែងតែហៅឈ្មោះខ្ញុំ រាល់ពេលដែលគាត់ឃើញខ្ញុំ។ តាមពិតទៅ ខ្ញុំមានមិត្តភក្តិស្រីៗស្អាតៗច្រើនណាស់។ បើគេចង់ចែចង់ស្រី គេគួរតែហៅមិត្តភក្តិខ្ញុំ មិនមែនខ្ញុំទេ។ ខ្ញុំតែងសួរមិត្តភក្តិរបស់ខ្ញុំជាញឹកញាប់អំពីបញ្ហានេះ ប៉ុន្តែត្រូវបានគេពន្យល់ថា ប្រហែលគេចង់ទាក់ខ្ញុំឲ្យធ្វើមេកន្ធាយឲ្យគេ ដើម្បីប្រើទៅទាក់មិត្តភក្តិស្អាតៗរបស់ខ្ញុំតាមក្រោយ។
ពី មួយថ្ងៃទៅមួយថ្ងៃ បុរសចង្អឹងតែងតែសួរនាំខ្ញុំអំពីការរៀនសូត្រ អំពីរឿងប្រលោមលោកដែលសិស្សថ្នាក់ទី១២ត្រូវអាន ឬអំពីបទចម្រៀងដែលខ្ញុំចង់ស្តាប់។ ខ្ញុំបាននិយាយឆ្លើយឆ្លងជាមួយគាត់ដែរ ប៉ុន្តែខ្ញុំមិនបានប្រាប់ព័ត៌មានអ្វីអំពីខ្ញុំទៅគាត់ទេ។ ប៉ុន្តែថ្ងៃមួយ ខ្ញុំហាក់ភ្ញាក់ខ្លួនព្រើតបន្ទាប់ពីបានលឺតាមវិទ្យុថា មានបុរសម្នាក់ឈ្មោះវាសនា (ឈ្មោះខ្ញុំដាក់អោយ) សំណូមពរបទ “បងស្ម័គ្រអាមួយគា” ផ្ញើជួនអាមួយម៉ាប់តែម្នាក់គត់។ នៅពេលនោះ ខ្ញុំឆ្ងល់ខ្លាំងណាស់ ហេតុអ្វីគ្រាន់តែត្រូវការមេកន្ធាយម្នាក់ ម៉េចក៏ចំណាយទុនដល់ម្លឹង? គ្រាន់តែចូលមកនិយាយត្រង់ៗ ខ្ញុំនឹងជួយនាំសារអោយមិនខាន។
ពេលមួយនោះ ខ្ញុំបានប្រទះគេនៅផ្សារ ពេលដែលខ្ញុំកំពុងជួយលក់ដូរឥវ៉ាន់ម៉ាក់ខ្ញុំ។ គេចូលមកទិញទឹកត្រីផ្អែមចំតូបរបស់ខ្ញុំតែម្តង។ ខ្ញុំភ្ញាក់ឡើងស្រឡាំងកាំង ប៉ុន្តែបុរសចម្អឹងរូបនេះវិញ ហាក់ដូចជាធម្មតា និងថែមទាំងឆ្លៀតហៅខ្ញុំថា អាមួយម៉ាប់ បានមួយមាត់ទៀតផង។ ដោយសារគាត់ចូលចិត្តហៅខ្ញុំរហូត ថ្ងៃមួយ ខ្ញុំបានតាមទៅស៊ើបមើលផ្ទះរបស់គាត់ ទើបបានដឹងថា គាត់ជាកូនអ្នកមានជីវភាពមធ្យម ដែលម្តាយរបស់គាត់ជាអ្នកលតឆា។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា នៅពេលនោះ ខ្ញុំមិនទាន់គិតរឿងស្នេហាអ្វីទេ។
ក្រោយពីប្រឡងបាក់ឌុប រួច ខ្ញុំបានជាប់និទ្ទេសE ចំណែកគាត់បាននិទ្ទេសD។ គាត់បានបន្តការសិក្សានៅភ្នំពេញ ប៉ុន្តែខ្ញុំត្រូវបានប៉ាម៉ាក់របស់ខ្ញុំឲ្យឈប់រៀន ពីព្រោះគ្មាននរណាជួយលក់ដូរគាត់ ដោយសារបងស្រីខ្ញុំទាំងពីរនាក់សុទ្ធតែរៀបការបែកគ្រួសារអស់ហើយ។ ប៉ុន្តែប៉ាម៉ាក់របស់ខ្ញុំអនុញ្ញាតអោយខ្ញុំទៅរៀនភាសាអង់គ្លេសមួយ ម៉ោងៗ។
ខ្ញុំហាក់ដូចជាច្រណែននឹងគេណាស់ ដោសារមិនបានរៀនតទៅថ្នាក់ឧត្តម ឬក៏រៀនគ្រូនៅគរុកោសល្យ។ ពេលនឹកឃើញរឿងនេះពេលណា ខ្ញុំចង់តែស្រែកយំទេ។ បើទោះបីជាខ្ញុំត្រូវបែកក្តី បុរសចម្អឹងនៅតែមកលេងខ្ញុំនៅសាលាភាសាអង់គ្លេងរបស់ខ្ញុំដដែល។ ពេលខ្លះ គាត់អង្គុយនិយាយជាមួយខ្ញុំពេញមួយម៉ោងទៀតផង។ ដោយសារឯកោយូរហើយ ខ្ញុំសុខចិត្តអង្គុយនិយាយលេងជាមួយគាត់រហូតពេលខ្លះ ខ្ញុំគេចមិនចូលរៀនដែរ។ ពេលជជែកគ្នា ទើបខ្ញុំដឹងថា គាត់ជាប់អាហារូបករណ៍ រៀននៅសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ។ គាត់ព្យាយាមមកជួបខ្ញុំយ៉ាងហោចពីរដងក្នុងមួយខែៗ។
“អាម៉ាប់! បងស្រលាញ់អូនឯង!”។ ពាក្យនេះត្រូវបានគាត់និយាយឡើងនៅល្ងាចមួយ។ គាត់បានសួរខ្ញុំដោយបង្ខំថា អោយឆ្លើយតបទៅគាត់ភ្លាមថា ស្រលាញ់គាត់វិញអត់។ ខ្ញុំស្រឡាំងកាំងតែម្តងពេលលឺពាក្យនេះ។ ពេលដែលគាត់ដើរមកកៀកខ្ញុំ ខ្ញុំបានធំក្លិនស្រាភាយចេញពីមាត់របស់គាត់ ទើបខ្ញុំឆ្លើយតបទៅគាត់វិញភ្លាមថា កុំយល់ច្រឡំ អ្វីៗដែលយើងធ្លាប់និយាយឆ្លើយឆ្លងគ្នាកន្លងមកគ្រាន់តែក្នុងន័យ មិត្តភាពទេ។ ហើយខ្ញុំក៏បានប្រាប់គាត់ដែរថា ខ្ញុំមិនស្រលាញ់គាត់ទេ។ ខ្ញុំបានដើរចេញពីគាត់យ៉ាងលឿនបំផុត មុននឹងគាត់ធ្វើអីៗខ្ញុំ។
ពេលខ្ញុំទៅដល់ផ្ទះវិញ ខ្ញុំបានពិចារណាការបដិសេធរបស់ខ្ញុំឡើងវិញ។ ខ្ញុំគិតថា ខ្ញុំធ្វើត្រូវ។ បងស្រីរបស់ខ្ញុំទាំងពីរសុទ្ធតែបានប្តីគ្រាន់ៗ។ ចំណែកខ្ញុំរូបក៏មិនអន់ គួរតែបានប្តីស្អាត និងមានផ្ទះមានសម្បែងស្រាប់ មិនគួរណាបានប្តីប្រមឹកទេ។ ម៉្យាងពេលដែលគាត់ សារភាពស្នេហ៍ប្រាប់ខ្ញុំ ខ្ញុំមិនប្រាកដថា នេះជាពាក្យពិត ឬជាឥទ្ធិពលនៃស្រាទេ។
ពីរសប្តាហ៍ក្រោយមក គាត់នៅតែមកលេងសាលារៀនអង់គ្លេសខ្ញុំដូចមុន។ គាត់គ្រាន់តែសួរនាំពីរបីមាត់ រួចខ្ញុំក៏ចូលថ្នាក់រៀនបាត់ទៅ។ ពីរសប្តាហ៍ក្រោយមក គាត់បានមកសួរខ្ញុំរឿងស្រលាញ់គាត់ដដែល ដោយម្តងនេះ បាននាំមកជាមួយនូវដំណឹងវិជ្ជមានមួយ។ នោះគឺគាត់បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសវៀតណាម។ ខ្ញុំមិនបានត្រកអរអ្វីទេ និងប្រកាន់ជំហរដូចមុន គឺមិនស្រលាញ់គាត់ជាដាច់ខាត។
ពីរឆ្នាំក្រោយមក ខ្ញុំបានជួបគាត់ម្តងទៀត ពេលគាត់ត្រឡប់មកលេងស្រុកខ្មែរវិញ។ គាត់បានចូលមកទិញឥវ៉ាន់នៅតូបខ្ញុំ។ ខ្ញុំគិតថា ការមកទិញឥវ៉ាន់នៅតូបខ្ញុំគឺ គ្រាន់តែជាលេសទេ។ តាមពិត គាត់រកខ្ញុំនៅសាលាមិនឃើញ ទើបគាត់មករកខ្ញុំដល់តូបតែម្តង។ យើងមិនបាននិយាយអ្វីគ្នាច្រើនទេ ដោយសារម៉ាក់របស់ខ្ញុំនៅទីនោះដែរ។ ប៉ុន្តែខ្ញុំមើលឃើញគាត់មានលក្ខណៈប្លែកបន្តិច។ ថ្ពាល់របស់គាត់ដែលធ្លាប់ខូង បានឡើងពេញ និងរលោងជាងមុន។ សម្បុរដែលធ្លាប់តែខ្មៅ ប្រែជាពណ៌សណ្តែកបាយ។ សក់ដែលធ្លាប់តែបះឡើងលើ ចាប់ផ្តើមមានភ្លីត្រឹមត្រូវ។ មើលទៅ គាត់លែងស្ទាវដូចមុនហើយ។
មួយឆ្នាំក្រោយមក វិធីដ៏ធំមួយត្រូវបានរៀបចំនៅផ្ទះខ្ញុំ។ ខ្ញុំត្រូវបានគេចូលដណ្តឹង។ ខ្ញុំមិនដែលបានជួបបុរសនោះពីមុនមកទេ ប៉ុន្តែម៉ាក់ខ្ញុំប្រាប់ថា បុរសនោះជាបងប្អូនមិត្តភក្តិគាត់ ដែលជាកូនកាត់ចិន ពូកែរកស៊ី និងមានទ្រព្យធនគ្រាន់បើដែរ។ ពេលដែលខ្ញុំបានឃើញបុរសនោះភ្លាម ខ្ញុំអន់ចិត្តស្រលេត ដោយសារគាត់ចាស់ មានអាយុប្រហែល៤០ឆ្នាំឯណោះ។ គ្រាន់តែឃើញភ្លាម ខ្ញុំចាប់ផ្តើមធ្វើមុខក្រមូវរហូត។ ខ្ញុំមិនត្រូវបានប៉ាម៉ាក់របស់ខ្ញុំសួរនាំថា យល់ព្រម ឬមិនយល់ព្រមទេ។ ប៉ុន្តែបើសួរ ខ្ញុំនឹងឆ្លើយថា មិនយល់ព្រមជាដាច់ខាត។ នៅយប់នោះ ខ្ញុំដេកយំមួយកំណាត់យប់ នឹកស្តាយមិនគួរណាបានប្តីចាស់។ ចាប់ពីថ្ងៃនោះមក ខ្ញុំលែងសប្បាយចិត្តរហូត។
ប៉ុន្តែថ្ងៃមួយ ក្តីសប្បាយរីករាយបានត្រឡប់មកវិញ។ បុរសចំណាស់ដែលចូលស្តីដណ្តឹងខ្ញុំនោះ ត្រូវប៉ាម៉ាក់របស់ខ្ញុំផ្ដាច់ពាក្យ ដោយសារគាត់ងងិះងងុះនឹងថ្លៃចំណងដៃពេក។ ខ្ញុំមានឈ្មោះថាទំនេរបានតែប៉ុន្មានខែប៉ុណ្ណោះ ប៉ាម៉ាក់របស់ខ្ញុំបានរៀបចំឲ្យមានបុរសម្នាក់ផ្សេងទៀតចូលស្តី ដណ្តឹងខ្ញុំទៀត។ ម្តងនេះ គាត់នៅតែអួតខ្ញុំថា បុរសថ្មីនេះក្មេងជាងបុរសមុន និងជាកូនកាត់ចិនសុទ្ធសាត។ ពេលដែលខ្ញុំឃើញ គាត់ខ្មៅជាងបុរសចង្អឹងដែលសារភាពស្នេហ៍ប្រាប់ខ្ញុំទៅទៀត។ នៅពេលខ្ញុំលួចសួរម៉ាក់របស់ខ្ញុំ “នោះឯងចិន?” គាត់បានពន្យល់ខ្ញុំតាមបែបពាក្យនិយាយលេងសើចថា “ចិនកំពត ខ្មៅអញ្ចឹងឯង”។
ម្តងនេះ ខ្ញុំចប់តែម្តង។ បុរសដែលជាចិនកំពតនេះមិនត្រឹមតែខ្មៅទេ គឺមានមាឌធំ និងធាត់ខ្លាំងទៀតផង។ បើប្រៀបធៀបសម្បុរគាត់ និងខ្ញុំ មិនខុសអ្វីនឹងពងមាន់ដែលទើបបករួចដាក់ត្រាំក្នុងទឹកត្រីទេ។ រយៈ ពេលនៃការភ្ជាប់ពាក្យដូចជាបានយូរគ្រាន់បើ ប៉ុន្តែមិនឃើញដំណឹងរៀបការមកដល់សោះ។ លុះដល់ឃើញ គឺដំណឹងសុំផ្ដាច់ពាក្យទៅវិញ។ ប្រហែលជាប៉ាម៉ាក់ខ្ញុំទាថ្លៃទឹកដោះច្រើនពេក ទើបគាត់សុំផ្តាច់ពាក្យវិញ ឬមួយក៏អំបិលរបស់គាត់ត្រូវរលំហាងឆេងហើយ?
រូបតំណាង
និយាយទៅ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំសោះ ខ្ញុំត្រូវមេម៉ាយខាន់ស្លារហូតដល់ពីរដងទៅហើយ។ ចាប់ពីពេលនោះមក គ្មាននរណាចូលស្តីខ្ញុំទៀតឡើយ។ ប្រាំឆ្នាំនៃការចាក់ចេញរបស់បុរសចង្អឹង ត្រូវបានបញ្ចប់។ គាត់បានត្រឡប់មកស្រុកវិញ។ គាត់បានមកលេងតូបរបស់ខ្ញុំបានប្រហែលមួយភ្លែតដែរ ប៉ុន្តែពេលនោះគាត់បានសុំលេខទូរស័ព្ទរបស់ខ្ញុំទៅជាមួយផង។ ពេលល្ងាច គាត់បានទូរស័ព្ទហៅខ្ញុំចេញក្រៅ រួចក៏ប្រាប់ខ្ញុំគ្រប់យ៉ាង ថាគាត់បានធ្វើការងារពេទ្យឲ្យគ្លីនិកឯកជនមួយនៅរាជធានី ភ្នំពេញ។ ប៉ុន្តែខ្ញុំមិនដឹងថា គាត់មានតួនាទីអ្វីទេ ដោយគ្រាន់តែសង្កេតឃើញថា ពីរឆ្នាំក្រោយមកគាត់បានបើករថយន្តមួយមកលេងផ្ទះដោយខ្លួនឯង។ ត្រឹមរថយន្តមិនបានធ្វើឲ្យខ្ញុំរំភើបសោះឡើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំរំភើបនោះ គឺគាត់បានក្លាយជាបុរសពេញលក្ខណៈម្នាក់ មានពុកមាត់ មានសាច់ដុំម៉ាំមួន និងនិយាយដឹងខុសត្រូវ។
ឪគាត់តែងណាត់ជួប ខ្ញុំចេញក្រៅជាញឹកញាប់ ដើម្បីញ៉ាំអី។ ថ្ងៃមួយគាត់បាននាំនារីដ៏ស្រស់ស្អាតមកជាមួយផង ដោយអះអាងថាមិត្តភក្តិ។ ពេលឃើញភ្លាម ខ្ញុំហាក់ដូចជាប្រចណ្ឌ ប៉ុន្តែដល់ដឹងថា ស្រីម្នាក់នោះជានារីវៀតណាម ខ្ញុំក៏ស្ងប់ចិត្តបន្តិចទៅ។
ស្លាប់បណ្ដោយ! ខ្ញុំប្រចណ្ឌគាត់ដោយពុំដឹងខ្លួន ដូច្នេះមានន័យថា ខ្ញុំក៏ស្រលាញ់គាត់ដែរ។ ត្រូវហើយ ខ្ញុំចាប់ផ្ដើមងាកមករកបងចម្អឹងខ្ញុំវិញ បន្ទាប់ពីប៉ាម៉ាក់របស់ខ្ញុំចង់លើកខ្ញុំឲ្យបុរសមុនៗដែលមិន សមនឹងខ្ញុំទាល់តែសោះ។ ប៉ុន្តែប្រាំឆ្នាំក្រោយពីគាត់ត្រឡប់មកស្រុកខ្មែរវិញ និងមានការងារធ្វើសមរម្យ គាត់មិនដែលសួរខ្ញុំទៀតថា តើស្រលាញ់គាត់អត់។ ខ្ញុំរងចាំពាក្យនេះយូរណាស់ហើយ ប៉ុន្តែហេតុអ្វីគាត់មិននិយាយទាល់តែសោះ។ ឥឡូវអាមួយគា ដែលធ្លាប់មានស្បែកសរលោង សក់ស្អាត និងមានថ្ពាល់ពេញ ត្រូវប្រែជាជ្រីវជ្រួញបន្តិចហើយ។ ឆ្នាំក្រោយ ខ្ញុំនឹងឈានចូលអាយុ៣០ឆ្នាំហើយ។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីគាត់មិនព្រមសួរនាំខ្ញុំអំពីស្នេហាអញ្ចឹង។ ប៉ុន្តែពេលដែលយើងកំពុងអង្គុយញ៉ាំស្លាបមាន់ជាមួយគ្នា គាត់បែរជានិយាយថា៖ “មាន់វៀតណាម មិនថាក្មេង ឬចាស់ទេ សុទ្ធតែផុយទាំងអស់។ ប៉ុន្តែមាន់ខ្មែរវិញ ស្វិតតាំងពីក្មេងរហូតដល់ចាស់។ បើអញ្ចឹងៗ ប្រហែលត្រូវញ៉ាំមាន់វៀតណាមវិញហើយ”។
ខ្ញុំរៀនបានតិចពេក ដូច្នេះខ្ញុំមិនយល់ពាក្យរបស់គាត់ខាងលើយ៉ាងណាទេ។ ដូច្នេះទើបខ្ញុំសរសេរមកប្រិយមិត្តដើម្បីជួយប្រាប់ផង ថាគាត់ចង់មានន័យយ៉ាងណា? ម្យ៉ាងទៀត ខ្ញុំរងចាំគាត់យូរហើយ នូវពាក្យសារភាពស្នេហ៍ចំពោះខ្ញុំសាជាថ្មី ប៉ុន្តែមិនលឺគាត់និយាយសោះ។ សូមប្រិយមិត្តមេត្តាប្រាប់ផង ថា តើគាត់ចងមានន័យបញ្ឆិតបញ្ឆៀងឲ្យខ្ញុំសារភាពមុនមែនទេ? តើអ្នកយល់យ៉ាងណាដែរ បើសិនខ្ញុំធ្វើខុសប្រពៃណីខ្មែរបន្តិច ដោយសារខ្ញុំជាស្រីទៅសារភាពប្រាប់បុរសមុនថា ខ្ញុំស្រលាញ់គេ? បច្ចុប្បន្ននេះ ខ្ញុំបានមកស្នាក់នៅភ្នំពេញ នៅមិនឆ្ងាយពីគាត់ទេ។ បើអ្នកគិតថា គ្មានបញ្ហាទេ ខ្ញុំនឹងណាត់គាត់ជួយ សារភាពប្រាប់គាត់ ឆាប់ៗនេះតែម្ដង៕
ប្រិយមិត្តចង់ចែករំលែកបទពិសោធន៍ជីវិត ឬវិបត្តិស្នេហ៍ ដើម្បីស្វែងរកមតិយោបល់ សូមផ្ញើអត្ថបទរឿងពិតរបស់អ្នកមកកាន់ pen.sophana@cidc.com.kh ឬទូរសព្ទមកកាន់ ០១៦ ៥៩ ៦៩ ០៥។ Sabay នឹងចុះផ្សាយជូន៕
អត្ថបទ៖ អាមួយម៉ាប់