អ៊ិត ស្រីពីន ទៅ​រក​ស៊ី​លក់​មាស​នៅ​អាមេរិក​

  • 2015-06-03 19:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុស​ពី​តារា​ផ្សេង​ៗ​ទៀត តារា​ចម្រៀង អ៊ិត ស្រីពីន ដែល​ទើប​ឡើង​មក​យក​កូន​ៗ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ថ្មី​ៗ​នេះ បាន​ប្រាប់​ថា នាង​បាន​ចាប់​យក​របរ​រកស៊ី​លក់​មាស​ក្រោយ​ទៅ​ដល់​អាមេរិក។

 

អ៊ិត ស្រីពីនទៅ បាន​ដល់​អាមេរិក​តាំង​ពី​ឆ្នាំ២០១០ ដោយ​បាន និង​កំពុង​រស់​នៅ​រដ្ឋ​មីនីសូតា។ តារា​ចម្រៀង​ប្រជាប្រិយ​រូប​នេះ បញ្ជាក់​ថា តាំង​ពី​ទៅ​ដល់​ដំបូង រហូត​មក​ដល់​បច្ចុប្បន្ន គឺ​នាង​មាន​របរ​រក​ស៊ី​ជា​អ្នក​លក់​មាស។ ចំពោះ​ការ​ចាប់​មុខ​របរ​ប្លែក ខណៈ​តារា​ខ្មែរ​ផ្សេង​ទៀត​ដែល​ច្រើន​ធ្វើ​ការ​ក្នុង​កាស៊ីណូ និង​ខ្លះ​បន្ត​អាជីព​សិល្បៈ​នេះ ស្រីពីន ប្រាប់​ថា អត់​មាន​ហេតុផល​ទេ។

 

 

អ៊ីត ស្រីពីន និង​ណាខុន ក្នុង​ថ្ងៃ​ខួប​កំណើត​កូន​ស្រី

 

“អត់​មាន​ហេតុផល​អី​ទេ ខ្ញុំ​រក​ស៊ី​លក់​មាស គឺ​មាស​ម្ដាយ​ក្មេក មិន​មែន​មាស​ខ្ញុំ​ទេ(សើច)។ គាត់​ប្រកប​របរ​នេះ​យូរ​ហើយ អីចឹង​ខ្ញុំ​ក៏​ជួយ​មើល​ការ​ខុស​ត្រូវ​បន្ត​ទៅ"។ តារា​ចម្រៀង​កូន​៣​រូប​នេះ បន្ត​ទៀត​ថា នាង​មិន​មែន​មើល​អាជីវកម្ម​មួយ​នេះ​តែ​ម្នាក់​ឯង​ទេ គឺ​ម្ដាយ​ក្មេក​របស់​នាង ក៏​នៅ​ជួយ​មើល​ទាំង​អស់​គ្នា​ដែរ ដែល​ពេល​ខ្លះ​នាង​នៅ ពេល​ខ្លះ​ម្ដាយ​ក្មេក​នៅ​មើល។

 

ក្រៅ​ពី​អាជីវកម្ម​លក់​មាស ស្រី​ពីន ក៏​នៅ​បន្ត​ការងារ​សិល្បៈ​របស់​នាង​ដែរ គ្រាន់​តែ​មិន​ញឹកញាប់។ ស្រី​ពីន ថ្លែង​ថា "ខ្ញុំ​នៅ​ចេញ​ច្រៀង​ម្ដង​ម្កាល ដូច​ជា​កម្មវិធី​រៃ​អង្គាស​ប្រាក់ បច្ច័យ​អី អីចឹង​ខ្ញុំ​អាច​សុំ​ការ​អនុញ្ញាត​ពី​ម្ដាយ​ក្មេក​ទៅ​ច្រៀង​បាន"។។

 

តារា​ចម្រៀង​វ័យ ៣៥ ឆ្នាំ​រូប​នេះ ក៏​នៅ​មាន​គម្រោង​ផ្ទាល់​ខ្លួន​មួយ​ទៀត​ដែរ ដោយ​នាង​ចង់​បើក​អាជីវកម្ម​ខាង​ផ្នែក​ធ្វើ​ក្រចក និង​ធ្វើ​សក់។ "មាន...ខ្ញុំ​មាន​គម្រោង​បង គឺ​ចង់​បើក​ជាង​ហាង​ធ្វើ​ក្រចក សក់​អីចឹង​ហ្អាណាស់ ព្រោះ​យើង​មាន​ជំនាញ​ហ្នឹង តែ​រាល់​ថ្ងៃ​រៀន​អត់​ទាន់​ចប់ គឺ​នៅ​សល់​ប្រហែល​ជា ១០០​ម៉ោង​អី​ទៀត តែ​ចប់ គឺ​បើក​ហើយ"។

 

 

អ៊ិត ស្រីពីន បាន​បញ្ចប់​អតីតភាព​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​របស់​ខ្លួន ក្រោយ​បាន​ជួប​ស្វាមី​ក្រោយ និង​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០០៦។ ស្រីពីន ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​មួយ​ទៀត​ជាមួយ​ស្វាមី​ក្រោយ។ តារា​ចម្រៀង​រូប​នេះ បាន​ឡើង​មក​យក​កូន​ទាំង​ពីរ​របស់​ស្វាមី​មុន ទៅ​រស់​នៅ​ជុំ​គ្នា​នៅ​អាមេរិក​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន។

 

ចំពោះ​ការ​ឡើង​មក​ប្រមូល​កូន​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​គ្នា​នេះ ស្រី​ពីន ប្រាប់​ថា ធ្វើ​តាម​ការ​បង្គាប់​របស់​ម្ដាយ​ក្មេក។ "ម្ដាយ​ក្មេក​គាត់​ចិត្ត​ល្អ គាត់​ថា​ឲ្យ​មក​យក​កូន​ទៅ ទាន់​នៅ​តូច​អីចឹង ឆាប់​បាន​រៀន​សូត្រ​ហ្នឹង​គេ និយាយ​ទៅ​ពួក​គាត់​ចិត្ត​ល្អ​ណាស់"។ ស្រី​ថ្លែង៕

 

អត្ថបទ៖ ទារិកា