រដ្ឋមន្ត្រី​មុំាល្ហុង ម៉ៅ បូរ៉ា ក្លាយ​ជា​តួ​ឯក

  • 2015-06-04 21:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​លក់​ម៉ាំ​ល្ហុង​ប៉ុន្មាន​ឆ្នាំ មាន​គេ​ស្គាល់ និង​ចាប់​អារម្មណ៍​ច្រើន ឥឡូវ​លោក​ ម៉ៅ បូរ៉ា ក៏​បាន​ឈាន​ទៅ​ប្រឡូក​សិល្បៈ ដោយ​បាន​សម្ដែង​ជា​តួ​ឯក​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ផង ដែល​បទ​ទាំង​នោះ​សុទ្ធ​ជា​បទ​របស់​ផលិតកម្ម​ធំ​ៗ។ នេះ​បើ​តាម​សាមី​ខ្លួន។

 

 

"អូ​បង​រាល់​ថ្ងៃ​ហ្នឹង លក់​ម៉ាំ​ផង សម្ដែង​ជា​កាយ​វិការ​ខារ៉ាអូខេ​ផង​តើ ហើយ​នៅ​ក្នុង​ចំណោម​បទចម្រៀង​ទាំង​នោះ​ មួយ​ចំនួន​ខ្ញុំ​សម្ដែង​ជា​តួឯក​ទៀត​"។ បូរ៉ា ថ្លែង។ បទ​ចម្រៀង​របស់​បុរស​ដែល​មាន​រហស្សនាម​ថា "រដ្ឋមន្ត្រី​មុំាល្ហុង" រូប​នេះ​បាន​ថត មាន​ដូច​ជា "អាដាំ" នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស "អត់​ដឹង​អី​ផង" និង​បទ​ "បោក​យក​កូន​ប្រើ" នៅ​ក្នុង​ផលិតកម្ម​ភ្លេង​រីខត ជា​ដើម។

 

ដោយ​ឡែក​ផលិតកម្ម​ផ្សេង​ទៀត ដែល​បុរស​មក​ពី​ខេត្ត​តាកែវ​រូប​នេះ បាន​ចូល​រួម​ថត​បទ​ចម្រៀង​ឲ្យ​ដែរ​នោះ មាន​ដូច​ជា ផលិតកម្ម Bigman មាន​បទចម្រៀង​ “ដឹង​ថា​នឹក​តែ​មិន​ហ៊ាន​លះ​បង់​គេ” បទ ”កំពូល​ប្រចណ្ឌ” របស់​ផលិតកម្ម Town និង​បទ “បោក​យក​កូន​ប្រើ” បទ​ភ្លេង Record ជា​ដើម។

 

មិន​ត្រឹម​ប៉ុណ្ណឹង លោក ក៏​បាន​ចូល​សម្ដែង​​ក្នុង​ស្ប៉ត​ថ្នាំ​មួយ​ចំនួន​ដែរ ដូច​ជា​ស្ប៉ត​ពាណិជ្ជកម្ម​បាញ់​ស្រូវ​ដែល​បាន​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ My TV ហង្សមាស និង​បាយ័ន​ជាដើម។ សាមី​ខ្លួន​នៅ​ប្រាប់​ទៀត​ថា លោក​ក៍​ត្រូវ​បាន​គេ​អញ្ជើញ​រូប​លោក​ឲ្យ​ទៅ​ថត​កុន​ទៀត​ផង ដោយ​ក្នុង​នោះ លោក​បាន​ចុះ​កុងត្រា​ជាមួយ​គេ​រួច​ហើយ ប៉ុន្តែ​យ៉ាង​ណា ​មិន​បាន​ចាំ​ចំណង​ជើង​ថា ជា​រឿង​អ្វី​នោះ​ទេ។

 

 

ម៉ៅ បូរ៉ា កំពុង​មាន​ការ​រវល់​ជាមួយ​នឹង​ការ​លក់​ម៉ាំ​ល្ហុង​​ក្រោយ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន។ លោក ប្រាប់​ថា ឥឡូវ​នេះ​លោក​បាន​ពង្រីក​អាជីព​លក់​ផ្អក និង​ជ្រក់​ស្ពៃ​បន្ថែម​ទៀត បូក​រួម​នឹង​ការ​សម្ដែង​កាយវិការ​ខារ៉ាអូខេ​ និង​​ត្រៀម​ថត​កុន​ទៀត។

 

បូរ៉ា បន្ត​ថា ការងារ​សិល្បៈ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​របស់​អាជីវកម្ម​លក់​មុំា ផ្អក និង​ជ្រក់​ស្ពៃ​របស់​លោក​ដែរ ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​កាន់​តែ​ស្គាល់ កាន់​តែ​ទុក​ចិត្ត។ ដូច្នេះ លោក​នឹង​បន្ត​ការងារ​ទាំង​នេះ​បន្ត​ទៅ​ទៀត៕

 

 

 

អត្ថបទ ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី