ម្ដាយ​គាត់ សុំ​អោយ​ខ្ញុំ​ចាកចេញ​ដើម្បី​អនាគត​ប្អូនៗ

  • 2015-06-07 17:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុប្ផា​សព្វថ្ងៃ​បម្រើការ​នៅ​ស្ថាប័ន​រដ្ឋ​មួយ​ក្នុង​តួនាទី​ជា​ជំនួយ​ការ​រដ្ឋបាល។ នាង​មាន​វ័យ៣២ឆ្នាំ មាន​រាង​ខ្ពស់​ស្ដើង សម្បុរ​ជ្រះ​និង​មាន​ស្រុក​កំណើត​មក​ពី​ឃុំ​សួង​ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម (បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ)។

 

ជួប​ជាមួយ Sabay នាង​បាន​ស្ម័គ្រចិត្ត​បញ្ចេញ​ការ​ឈឺចាប់​ដែល​លាក់​ទុក​ក្នុង​ទ្រូង​ជា​យូរ​មក​ហើយ​នោះ​មក​លាត​ត្រដាង​ជា​បទ​ពិសោធន៍​ជីវិត​ដល់​យុវវ័យ​ជំនាន់​ក្រោយ។

 

“ខ្ញុំ​ស្គាល់​គាត់​តាំង​ពី​អាយុ​២០ឆ្នាំ គឺ​សេព​គប់​គ្នា​ក្បែរ​១០ឆ្នាំ តាំង​ពី​យើង​ផ្លាស់​មក​ភ្នំពេញ​រៀន​បន្ត។ តាំង​ពី​មិន​ស្គាល់​ភ្នំពេញ​រហូត​ដល់​បាន​ចេញ​ធ្វើការ​មាន​មុខ​មាន​មាត់​មាន​ផ្ទះ​សម្បែង​នៅ​ទីនេះ​ យើង​ទំាង​ពីរ​មិន​ដែល​ទុក​គ្នា​ជា​អ្នក​ក្រៅ​ទេ។ ចាស់ៗ​ក៏​ដឹង​រឿង​ពួក​យើង​ហើយ​គាត់​ក៏​មិន​ដែល​ជំទាស់​ព្រោះ​ជា​អ្នក​ស្រុក​ជាមួយ​គ្នា​ស្រាប់ និង​បាន​ស្គាល់​ពូជពង្ស​វង្សត្រកូល​ច្បាស់​តាំង​ពី​ជំនាន់​ជីទួត​ជីលួត​ជីលា ។ ម្ល៉ោះ​ហើយ​គាត់​និង​ខ្ញុំ​មិន​ធ្លាប់​គិត​បារម្ភ​ពី​ឧបសគ្គ​មាន​អ្នក​ជំទាស់​ទេ​មាន​តែ​គិតគូរ​ខំ​រក​ការងារ​ធ្វើ​សន្សំ​លុយកាក់​ទិញ​ផ្ទះ​សម្បែង​សង្ឃឹម​ថា​នឹង​បាន​សាង​អនាគត​រួមគ្នា”។

 

 

រូប​តំណាង​

 

បុរស​ដែល​បុប្ផា​ស្រលាញ់​មាន​ផ្ទះ​រំលង​ពី​ផ្ទះ​នាង​មិន​ដល់​៥០ម៉ែត្រ​ផង​ទេ​នៅ​ឯស្រុក។ គេ​ជា​កូនច្បង​នៃ​គ្រួសារ​ស្ត្រី​មេម៉ាយ ដែល​មាន​ខ្លួន​គេ​នៅ​មាន​ប្អូន​ស្រី​៣​នាក់​ទៀត​ក្នុង​បន្ទុក។

 

“មក​ភ្នំពេញ​គេ​រៀន​ផ្នែក​គណនេយ្យ​ចំណែក​ខ្ញុំ​រៀន​ផ្នែក​គ្រប់គ្រង។ គេ​ចេញ​ធ្វើការ​មុន​ខ្ញុំ ដោយ​បាន​ធ្វើការ​នៅ​ធនាគារ​ធំ​មួយ ចំណែក​ខ្ញុំ​មួយ​ឆ្នាំ​ក្រោយ​មក​ទើប​បាន​ចេញ​ធ្វើការ​នៅ​ក្រសួង​ដោយ​មាន​បង​ជីដូន​មួយ​ខ្ញុំ​នៅ​ភ្នំពេញ​ជា​អ្នក​ជួយ​ផ្ចុងផ្ដើម។ ពីរ​នាក់​ខ្ញុំ​ស្រលាញ់​គ្នា​ណាស់ អ្នកណា​ៗ​ក៏​ដឹង​ថា យើង​ជា​ប្តី​ប្រពន្ធ​ទៅ​អនាគត​ដែរ ដោយ​ពេល​ទៅ​លេង​ភូមិ​ម្តងៗ​តែងតែ​ទិញ​នេះ​នោះ ជូន​គ្រួសារ​ទាំងពីរ​ដូចៗ​គ្នា។ ពេល​នៅ​ភ្នំពេញ ខ្ញុំ​ធ្លាប់​ជួយ​គាត់​ច្រើន​ណាស់​ទម្រាំ​គាត់​បាន​ចូល​ធ្វើការ​កន្លែង​ល្អ រាប់​តាំង​ពី​លុយ​កាក់ និង​ការ​ពឹង​ពាក់​បង​ខ្ញុំ​អោយ​ជួយ​និយាយ​អោយ​គាត់​ធានា​គាត់​ជា​ដើម។ តែ​ដោយសារ​គាត់​មាន​សមត្ថភាព​ស្រាប់ គាត់​ក្លាយ​ជា​មនុស្ស​លេចធ្លោ​យ៉ាង​រហ័ស ហើយ​បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​នៅ​ឆ្នាំ២០០៦”។

 

ចាស់ៗ​បាន​និយាយ​គ្នា​កំណត់​យក​ខែ​២​ឆ្នាំ២០០៧​រៀបការ​អ្នកទាំងពីរ។ ពួកគេ​បាន​នាំ​គ្នា​គូស​វាស​ប្លង់​អនាគត ដោយ​ក្នុង​នោះ​ជំហាន​ដំបូង​គឺ​ទិញ​ផ្ទះ​បង់រំលោះ។ ពួកគេ​បាន​ទិញ​ផ្ទះ​នៅ​ឆ្នាំ ២០០៦ ហើយ​សង្ឃឹម​ថា​នឹង​រំលោះ​បញ្ចប់​នៅ​ឆ្នាំ ២០១១។

 

“ដំបូង​ខ្ញុំ​គិត​ថា​ផ្ទះ​នោះ​ជា​ចំណង​ដៃ​រឹងមាំ​សម្រាប់​ខ្ញុំ​នឹង​គាត់ ប៉ុន្តែ​តាម​ពិត​ជា​ជំហាន​នាំ​ទៅ​រក​ក្តី​វិនាស​អន្តរាយ​សោះ។ ម្ចាស់​សំណង់​នោះ​ជា​អ្នក​មាន​ម្នាក់​នៅ​ភ្នំពេញ គាត់​មាន​ដី​ច្រើន​ណាស់ និង​ប្រកប​របរ​លក់​ផ្ទះ សង់​ផ្ទះ​នៅ​ស្ទើរ​គ្រប់​កន្លែង។

 

ដោយសារ​គាត់​មាន​ផ្ទះ​នៅ​ជិត​នោះ​នឹង​គាត់​ចេញ​ចូល​មាន​ការ​នៅ​ធនាគារ ហើយ​ជួប​មិត្ត​ប្រុស​ខ្ញុំ​ញឹកញាប់​ គាត់​ក៏​ចាប់អារម្មណ៍​ហើយ​ក៏​ទាក់ទង​មិត្ត​ប្រុស​ខ្ញុំ​អោយ​កូន​ស្រី​គាត់ ”។

 

ភាព​នឹងនរ​ដែល​បង្ហាញ​ចេញ​ក្នុង​ពន្លឺ​ភ្នែក​បុប្ផា​បាន​បង្ហាញ​ស្រេច​ហើយ​ថា​ នាង​ឆ្អែត​ចិត្ត​ហួស​ពី​អី​ដែល​អាច​ពណ៌នា​រហូត​ដល់​នាង​មិន​ចង់​អោយ​មាន​យុវនារី​ណា​ម្នាក់​ដាក់​ចិត្ត​ដាក់​កាយ​ហួសហេតុ​ក្នុង​ផ្លូវ​ស្នេហា​ឡើយ។

 

“មិត្ត​ប្រុស​ខ្ញុំ ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ទៅ​ហូប​បាយ​ផ្ទះ​អ្នក​មាន​នោះ​ជា​រឿយៗ។ គេ​មាន​កូនស្រី​ច្រើន​បី​រឺ​បួន​នាក់​ដែរ សុទ្ធ​តែ​រៀន​បាន​តិចៗ​ហើយ​លេង​ខ្លួន​ហ៊ឺហា ប៉ុន្តែ​ឪពុកម្ដាយ​គេ​ចូលចិត្ត​អ្នក​រៀន​សូត្រ​ចេះ​ដឹង​ណាស់ អីចឹង​ហើយ​បាន​ជា​គេ​ស្រវា​ចាប់​មិត្ត​ប្រុស​ខ្ញុំ​អោយ​ខាង​តែ​បាន។ ក្រោយ​មក​គេ​បាន​សុំ​នាំ​គ្នា​ទៅ​លេង​ស្រុក​ខ្ញុំ គឺ​ទៅ​លេង​ជួប​ម្ដាយ​មិត្ត​ប្រុស​ខ្ញុំ គេ​ទិញ​ជំនូន​ទៅ​ច្រើន​ណាស់ តាម​របៀប​ស្រី​ដណ្តឹង​ប្រុស។ អ្នក​ភូមិ​គេ​សង្ស័យ​ គេ​នាំ​គ្នា​ដុក​ខ្ញុំ​អោយ​ប្រយ័ត្ន​តែ​ពេល​ខ្ញុំ​សួរ​មិត្ត​ប្រុស ខ្ញុំ​គាត់​ថា​កុំ​រវល់​អី​គាត់​មិន​ទៅ​ស្រលាញ់​ស្រី​ទីក្រុង​ទេ”។

 

ជា​បន្ត​បន្ទាប់​មក បុប្ផា​ក៏​ចេះ​តែ​ពិបាក​ចិត្ត​និង​មាន​ការ​សង្ស័យ​ជា​បណ្តើរៗ​ថា​ជីវិត​ស្នេហា ១០ ឆ្នាំ​របស់​នាង​នឹង​មាន​បញ្ហា​ពីព្រោះ​គ្រួសារ​អ្នក​ភ្នំពេញ​នោះ​ គេ​មិន​ចោល​ងាយៗ​ឯណា គេ​ទៅ​មក​មិន​ឈប់​ទិញ​នេះ​ទិញ​នោះ​អោយ​ម្ដាយ​មិត្ត​ប្រុស​នាង​មិន​ស្វាង ចុងក្រោយ​គេ​ធានា​ជួយ​អោយ​ប្អូន​គាត់​ពីរ​នាក់​បាន​ស្នាក់​នៅ​រៀន​នៅ​ភ្នំពេញ​បន្ត​ទៀត។

 

នាង​បន្ត​ទាំង​សើច​ស្ងួត​ថា៖“ពេលនោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​គេ​ផាត់​ចោល។ ម្តាយ​គាត់​ដែល​ធ្លាប់​ហៅ​ខ្ញុំ​ថា​កូន​ប្រសារ​ពេញៗ​មាត់​បាន​ស្កាត់​ជួប​ខ្ញុំ​នៅ​ភ្នំពេញ​ហើយ​លើក​ដៃ​សំពះ​អង្វរ​ខ្ញុំ​ទាំង​ទឹកភ្នែក​សុំ​អោយ​ខ្ញុំ​ចាកចេញ​ពី​ជីវិត​កូនប្រុស​ច្បង​គាត់ ដើម្បី​អនាគត​ប្អូនៗ។ គាត់​ស្រក់​ទឹក​ភ្នែក តែ​ខ្ញុំ​មិន​ស្រក់​ទេ ព្រោះ​បេះដូង​ខ្ញុំ​បាន​ស្លាប់​ឈឹង​តាំង​ពី​លឺ​សំដី​គាត់​ពី​ដំបូង​ម្ល៉េះ។ គាត់​ថា កូន​គាត់​នឹង​មាន​អនាគត​ទាំង​អស់ ប្រសិន​បើ​គាត់​យក​កូន​ស្រី​អ្នក​សំណង់​នោះ​ជា​កូន​ប្រសារ។ គាត់​ថា​បើ​ខ្ញុំ​ស្រលាញ់​មិត្ត​ប្រុស​ខ្ញុំ​និង​ប្អូនៗ​របស់​គាត់ ខ្ញុំ​ត្រូវ​លះបង់”។

 

កូនប្រុស​ជនបទ​ដែល​តែង​គោរព​ម្ដាយ​ជា​ធំ​ ទី​បំផុត​ទោះ​សប្បាយ​រឺ​ព្រួយ​ក៏​ត្រូវតែ​រៀបចំ​អនាគត​ទៅ​តាម​ចិត្ត​ម្តាយ ដែល​ត្រូវ​បាន​ទ្រព្យសម្បត្តិ​ទាក់ទាញ​បាន​ទៅ​ហើយ។ បុប្ផា​រៀបរាប់​បន្ត​ថា នាង​បាន​អាន​រឿងរ៉ាវ​ស្នេហា​ជាច្រើន​មក​ហើយ ពិសេស​នៅ​ក្នុងsabay ដែល​លើក​ពី​រឿង​ពិតៗ​មក​និយាយ​ដូចជា​ករណី​រឿងរ៉ាវ​របស់​ស្រ្តី​អ្នក​លក់​សំបុត្រ​យន្តហោះ។

 

បុប្ផា​ចាប់​អាមរ្មណ៍​ចង់​ផ្តាំ​ទៅ​ថា​កុំ​ទុកចិត្ត​ស្នេហា​ខ្លួន​ពេក ជួនកាល​យើង​គិត​ថា​គេ​ស្មោះ ស្នេហា​យើង​រឹងមាំ​ហើយ តែ​យើង​ខំ​ថា​ស្មោះ​នឹង​គេ​មិន​ក្បត់​គេ តែ​នៅ​ពេល​គេ​មាន​ឱកាស​គេ​អាច​នឹង​ភ្លេច​ភក្តីភាព​របស់​យើង​ក៏​ថា​បាន ដូច្នេះ​ប្អូនស្រីៗ​មិន​ត្រូវ​ងប់ងល់ មាន​ជំនឿ ១០០ ភាគរយ​ទៅលើ​បុរស​ណា​ម្នាក់​ទេ ដើម្បី​ទុក​ពេលវេលា​នឹង​កម្លាំង​ចិត្ត​នោះ​ទៅ​កសាង​ស្នាដៃ​ល្អៗ​សម្រាប់​អនាគត​ខ្លួន​ល្អ​ជាង។

 

តើ​អ្នក​ចាប់អារម្មណ៍​យ៉ាងណា ក្រោយ​ស្ដាប់​រឿង​នេះ​ហើយ?

អត្ថបទថ្មី