តារាសម្ដែង ស៊ុំ សុម៉ាលី ស្ទាក់ស្ទើរចិត្តក្នុងការវិលវិញ
- 2015-06-09 15:39:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែង ស៊ុំ សុម៉ាលី ស្ទាក់ស្ទើរចិត្តក្នុងការវិលវិញ
ចន្លោះមិនឃើញ
បន្ទាប់ពីដកខ្លួនពីសិល្បៈប្រមាណជិត២ឆ្នាំ ស៊ុំ សុម៉ាលី បានបង្ហាញមុខវិញក្នុងពិធីសម្ពោធរឿង "ព្រលឹងខ្មោចវល់ៗ" សប្ដាហ៍មុន។ ប៉ុន្តែសាមីខ្លួនអះអាងថា នាងមិនទាន់ច្បាស់ទេរឿងវិលវិញចូលសិល្ប ដ្បិតខ្លួននៅតែស្រលាញ់ តែក្រុមគ្រួសារខាងស្វាមីបដិសេធ។
សុម៉ាលី បានថ្លែងថា ៖ "ចំពោះចិត្តខ្ញុំមិនទាន់ដាច់ស្រេចជាមួយសិល្បៈនោះទេថ្វីត្បិតខាងគ្រួសារមិនឲ្យចូលវិញក៏ដោយក៏ចិត្តខ្ញុំផ្ទាល់ខ្ញុំនៅតែស្រលាញ់សិល្បៈរហូត"។
អតីតកញ្ញាឯកលេខ៣របស់ទស្សនាវដី្តធម្មជាតិរូបនេះបានប្រាប់ថាគ្រួសារខាងស្វាមីចង់ឲ្យរកស៊ីជាងប្រឡូកការងារសិល្បៈ។ ៖ "ស្វាមីបាននិយាយលេងសើចជាមួយខ្ញុំ ហើយបានសួរថាការងារសិល្បៈហ្នឹងសល់លុយប៉ុន្មានហើយ និយាយរួមទៅក្រុមគ្រួសារខាងស្វាមីចង់ឲ្យខ្ញុំរកស៊ីជាជាងនៅលេងសិល្បៈ"។ សុម៉ាលី បន្ថែម។
ក្រោយពីរៀបការជាមួយ មាស ទី អ្នកលក់មីឆានៅជិតផ្សារអូឫស្សីរួចមក ស៊ុំ សុម៉ាលី វត្តមានតារាសម្ដែងស្រីមានភាពក្រមិចក្រមើមរូបនេះមិនឃើញមានវត្តមាននៅតាមបណ្តាផលិតកម្មផ្សេងៗនៅក្នុងប្រទេសទៀតទេ។
ទើបតែថ្មីៗនេះក្នុងថ្ងៃសម្ពោធ រឿង "ព្រលឹងខ្មោចវល់ៗ"បានឃើញវត្តមានរបស់ អ្នកនាង ស៊ុំ សុម៉ាលី ចូលរួមដោយមានការអញ្ជើញពីអ្នកដឹកនាំ។
ក្នុងនោះផងដែរ សុម៉ាលី ក៏បានបញ្ជាក់ពីមូលហេតុដែលនាងលេចវត្តមានក្នុងថ្ងៃនោះថា ទី១តាមការអញ្ជើញរបស់អ្នកដឹកនាំ និងទី២ដោយសារនាង ក៏បានចូលរួមសម្ដែងនៅក្នុងរឿង "ព្រលឹងខ្មោចវល់ៗនោះដែរ ប៉ុន្តែមិនមែនជាការសម្ដែងថ្មីៗនេះទេ គឺនាងបានសម្ដែងរឿងនេះ មុនពេលដែលនាងបានឈប់ពីសិល្បៈម៉្លេះ។
"ការពិតថ្ងៃនោះមិនហ៊ានទៅទេខ្លាចបងៗអ្នកកាសែត និងបងប្អូនទស្សនិកជនមានការយល់ច្រលំថាខ្ញុំចូលសិល្បៈវិញណាមួយរូបខ្ញុំដូចជាឡើងគីឡូទៀត"។
អតីតកញ្ញាឯកលេខ៣របស់ទស្សនាវដី្តធម្មជាតិរូបនេះបានបន្ថែមទៀតថា " ខ្ញុំសប្បាយចិត្តណាស់បង ដែលបានដឹងថាទស្សនិកជននៅតែមានការគាំទ្រខ្ញុំព្រោះពេលដែលខ្ញុំបានបង្ហោះរូបថតថ្ងៃទៅសម្ពោធរឿងនោះ មានមិត្តភក្ដិនៅក្នុងហ្វ៊េសប៊ុកជាច្រើនសួរខ្ញុំថាចូលសម្ដែងវិញមែន គេថាគេចង់មើលការសម្ដែងរបស់ខ្ញុំទៀតណាស់"។
មុនពេលប្រកាសចាកចេញពីសិល្បៈកាលពីប្រមាណជិត២ឆ្នាំមុន អ្នកនាង ស៊ុំ សុម៉ាលី ត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នុងរឿងមួយចំនួនមានដូចជា “នាយឡប់ជំពប់ស្នេហ៍” “រលកបោកខ្សាច់” “កូនឥតខាន់ស្លា” និងរឿង “សេដ្ឋីវ័យក្មេង” ជាដើម៕
អត្ថបទ៖ ថា ម៉ាលីដា