នាយ ក្រូច ប្រឹង​ហាត់​ប្រាណ​យក​សាច់ដុំ ត្រៀម​ថត​រឿង​ថ្មី​របស់ សាន់ដេ

  • 2015-06-12 20:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ក្រូច បាន​ប្រាប់​ថា សព្វ​ថ្ងៃ​កំពុង​ប្រឹងប្រែង​ហាត់ប្រាណ​យក​សាច់​ដុំ​ពោះ និង​ទ្រូង ដើម្បី​ត្រៀម​ថត​រឿង​ថ្មី​របស់​ផលិតកម្ម សាន់ដេ សម្រាប់​រដូវ​វស្សា​នេះ។

 

  នាយ​បញ្ជាក់​ថា៖" អឺ! បើ​តាម​ដឹងរឿង​នេះ ខ្ញុំ​ធ្វើ​ជា​អ្នក​វ៉ៃ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ព្រៃ អញ្ចឹង​ទាល់​តែ​ហាត់​យក​សាច់​ដុំ​បន្តិច​ទើប​បាន"។ នាយ​ឱ្យ​ដឹង​ទៀត​ថា ចាប់​ផ្ដើម​លើក​អាល់ទែ​បាន​ប្រមាណ​២​សប្ដាហ៍​មក​ហើយ ខណៈ​ពី​មុន​មក មិន​ធ្លាប់​បាន​ធ្វើ​លំហាត់​ប្រាណ​ដូចនេះ​ទេ ដោយ​សារ​តែ​មមាញឹក​ក្នុង​ការងារ​សិល្បៈ។ ម្យ៉ាង​ទៀត នាយ​ចូលចិត្ត​តែ​កីឡា​បាល់ទាត់ ឬ​បាល់​ទះ​តាំង​ពី​រស់​នៅ​ឯ​ស្រុក​កំណើត​មក​ម្ល៉េះ។

 

ចំណែក​ការ​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹប​ដូច្នេះ ជា​លើក​ដំបូង​ក្នុង​ជីវិត​ហើយ​របស់​នាយ​ហើយ មុន​ដំណើរ​ការ​ថត​សាច់​រឿង​ថ្មី​ក្នុង​នាម​ជា​តួ​​សំខាន់​ម្នាក់។ នាយ​​បន្ត​ទាំង​សំណើច​ថា៖"ឃើញ​គេ​មាន​សាច់​ដុំ​ពោះ​៦​កង់​ឯណោះ តែខ្ញុំវិញ​មាន​តែ​១​កង់ ធំ​យក​តែ​ម្ដង"។ តារា​កំប្លែង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ មិន​បាន​បញ្ជាក់​ពី​ចំណង​ជើង​រឿង​ថ្មី​របស់ សាន់ដេ នោះ​ទេ ដោយ​បាន​បញ្ជាក់​ថា ចាប់​អារម្មណ៍​ខ្លាំង​តែ​សាច់​រឿង។ ជាមួយ​គ្នា​នោះ​នាយ​បាន​បញ្ជាក់​ថា ផលិតកម្ម សាន់ដេ ក៏​បាន​ហៅ​ប្អូន​ស្រី និង​ក្មួយ​ប្រុស​រួម​ក្រុម ដើម្បី​ទៅ​ចូលរួម​សម្ដែង​ផង​ដែរ។

 

អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម សាន់ដេ ឡាយ សុខចំរើន បញ្ជាក់​ថា ស្នាដៃ​ភាពយន្ត​សម្រាប់​ឆ្នាំ​២០១៥ នឹង​ដំណើរ​ការ​ថត​ឆាប់ៗ​នេះ​ហើយ ព្រោះ​កំពុង​តែ​រៀប​ចំ​សាច់​រឿង​នៅ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា លោក​ក៏​មិន​ទាន់​អាច​បង្ហើប​ពី​ចំណង​ជើង​រឿង​ថ្មី​នេះ​ដែរ ក្នុង​ហេតុផល​ថា ជា​រឿង​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន ដោយ​រង់ចាំ​រហូត​ថ្ងៃ​ធ្វើ​ពិធី​ក្រុង​ពាលី​តែ​ម្ដង។

 

ប៉ុន្តែ​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា នេះ​ជា​ស្នាដៃ​ទី​៦​ហើយ​របស់​ផលិតកម្ម សាន់ដេ ខណៈ​ស្នាដៃ​កន្លង​មក​សុទ្ធសឹងតែ​បាន​ទទួល​ជោគជ័យ​ទាំង​អស់។ លោក​បញ្ជាក់​ថា៖" ធម្មតា​អាជីព​យើង​ជា​អ្នក​ផលិត នៅ​តែ​ផលិត​បន្ត​ជា​រៀង​រហូត​អញ្ចឹង និង​ប្រកប​ដោយ​ក្ដី​សង្ឃឹម​ជា​និច្ច"។ លោក​បន្ត​ថា ការ​គាំទ្រ​កម្រិត​ណា​នោះ អាស្រ័យ​លើ​ទស្សនិកជន៕

 

អាន​អត្ថបទ៖ ទ្រីមែន ក្លាយ​ជា​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ក្រោយ​ឃើញ​មិត្តភក្ដិ​ថត​វីដេអូ​លេង​ក្នុង​ពិធី​ជប់​លៀង   អាន​អត្ថបទ៖ តារា​សម្ដែង វ៉ាន ដាលីស ងាក​មក​បើក​ហាង

 

 

  អត្ថបទ៖ សំ ជំនាញ
អត្ថបទថ្មី