ជ័យជំនះដំបូងនៅក្នុងឆាកជីវិតរបស់តារាបញ្ចូលសំឡេងទិនហ្វី ហៃ ដារ៉ូ
- 2015-06-15 19:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យជំនះដំបូងនៅក្នុងឆាកជីវិតរបស់តារាបញ្ចូលសំឡេងទិនហ្វី ហៃ ដារ៉ូ
ចន្លោះមិនឃើញ
"ខ្ញុំធ្លាប់តែបរាជ័យមិនដែលស្គាល់ទេភាពជោគជ័យខាងការប្រកួតប៉ុន្តែម្សិលមិញនេះខ្ញុំបានឈ្នះនូវទឹកប្រាក់៤លាន៨សែនអីចឹងរំភើបណាស់បង"។
ហៃ ដារ៉ូ បានឈ្នះជយលាភីក្នុងកម្មវិធី "ពេញចិត្តឬអត់ថ្ងៃអាទិត្យ" ក្រោយពីបេក្ខជនប្រឡងបញ្ចូលសំឡេង៧រូបមិនអាចផ្ដួលលោកបាន។ តារាបញ្ចូលសម្លេងត្រាប់តាម ទិនហ្វី ហៃដារ៉ូ បានបញ្ជាក់ប្រាប់ថានៅក្នុងជីវិតរបស់លោកនេះជាលើកទីមួយហើយដែលទទួលបានជោគជ័យក្នុងការប្រកួតហើយទទួលបានទឹកប្រាក់៤លាន៨សែនរៀល។
និយាយពីបទពិសោធន៍បរាជ័យ ដារ៉ូ ប្រាប់ថា លោកធ្លាប់បានបរាជ័យនៅក្នុងការប្រកួតកាលពីមុនៗជាពិសេសនៅក្នុងកម្មវិធី "ពេញចិត្តអត់វគ្គ២" ហើយទម្រាំនឹងមានភាពជោគជ័យ និងមានគេស្គាល់ដល់សព្វថ្ងៃនេះ រូបលោកខិតខំប្រឹងប្រែងខ្លាំងណាស់។
វិលទៅការប្រកួតដែលនាំតារាកំប្លែងត្រាប់ ទិនហ្វី រូបនេះបានឈ្នះវិញ សាមីខ្លួនប្រាប់ថាកម្មវិធីតម្រូវឲ្យមានអ្នកផ្តួលរូបលោកក្នុងកំឡុងពេល១២សប្តាហ៍ ក្នុងនោះមានបេក្ខជន៧រូបឡើងមកប្រលងប្រជែងនិយាយត្រាប់តាមទិនហ្វីជាមួយលោករហូតដល់វគ្គចុងបញ្ចប់ថ្ងៃម្សិលមិញនេះ។ ប៉ុន្តែនៅតែមិនមានបេក្ខជនណាមួយអាចផ្តួលរូបលោកបានឡើយ។
“មានបេក្ខជន៧នាក់ដែលមកប្រកួតដើម្បីផ្តួលរូបខ្ញុំណាបងហើយសមត្ថភាពពួកគាត់សុទ្ធតែពិសេសរៀងៗខ្លួនគ្រាន់តែក្នុងនោះខ្ញុំមានចំនុចលើសពួកគាត់តែបន្តិចប៉ុណ្ណោះទើបឈានដំណាក់កាលឈ្នះហើយទទួលបានមេដាយ និងប្រាក់ចំនួន៤លាន៨សែន"។ ដារ៉ូ ថ្លែង។
បន្ថែមលើសពីនេះទៀតនៅថ្ងៃដែល ហៃ ដារ៉ូ ទទួលរង្វាន់ពីកម្មវិធីពេញចិត្តអត់របស់ទូរទស្សន៍ MyTv គេឃើញមានវត្តមានរបស់ភរិយាលោកទៅជាមួយផងដែរ។
“ប្រពន្ធខ្ញុំបាទគាត់ទៅចូលរួមលើកទឹកចិត្តខ្ញុំហើយដល់ពេលពិធីករសួរថាមកជាមួយនរណាគេ ខ្ញុំមកជាមួយប្រពន្ធគាត់ក៏អញ្ជើញប្រពន្ធខ្ញុំឡើងទៅទទួលរង្វាន់ជាមួយខ្ញុំតែម្តងទៅ"។
តារាចម្រៀងនិងបញ្ចូលសម្លេងរូបនេះបានប្រាប់ថា នឹងយកថវិកាដែលឈ្នះនោះទៅរកស៊ីតិចតួចផ្សំនឹងអាជីពសិល្បៈគ្រាន់បានជួយជីវភាពផងដែរ៕
អត្ថបទ៖ ថា ម៉ាលីដា