ជេរ​ប្រមាថ​គ្នា​តាម​បណ្ដាញ​សង្គម​ជា​រឿង​ធម្មតា​ឬ​អាច​​ជាប់​ទោស?

  • 2015-06-19 15:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជេរ​ប្រមាថ​បុគ្គល​ម្នាក់​ពី​បុគ្គល​ម្នាក់​ទៀត​ តាម​រយៈ​បណ្ដាញ​សង្គម​ មិន​ថា​ការ​ផ្ញើ​សារ​ជា​សំឡេង​ ការ​ផ្ញើ​ជា​វីដេអូ ក៏​ដោយ​ កំពុង​តែ​ពេញ​និយម តាម​រយៈ​ការ​ print screen ហើយ share តៗ​គ្នា​។

 

ទាក់​ទង​នឹង​ ប្រធាន​បទ​នេះ​ យុវតី ចន​ សុវណ្ណ​ករុណា និស្សិត​ឆ្នាំ​មូលដ្ឋាន​នៃ​វិទ្យាស្ថាន​ស៊ីតិក​ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ថា « វា​ជា​អំពើ​អគតិ​មួយ! មាន​បញ្ហា​អី​តិច​តាំង ជេរ​ឆ្លើយ​ឆ្លង​ទៅ​មក​ »។ យុវតី​ផ្នែក​រចនា​ប្លង់​រូប​នេះ​ ក៏​បាន​បន្ថែម​ទៀត​ថា បញ្ហា​ឬ​ក៏​ជម្លោះ​ដែល​មាន​ហើយ​យក​មក​ជេរ​គ្នា​តាម​ហ្វេសប៊ុក​វា​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ដូច្នេះ​បើ​មិន​ពេញ​ចិត្ត​ត្រង់​ណា​គួរ​តែ​ រិះ​គន់​បែប​ស្ថាបនា​ទើប​ល្អ​ជាង​។

 

ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន ខាត់ ចាន់​ម៉ារ៉ាឌី​ជា​និស្សិត​អក្សរសាស្ត្រ​ជប៉ុន​ក៏​បាន​រៀប​រាប់​​ថា «​ការ​ជេរ​គ្នា​ ជា​វីដេអូ​ក្ដី​ ជា​ការ​ post status ក្ដី វា​ធ្វើ​ឱ្យ​បណ្ដាញ​ហ្វេសប៊ុក​ក្នុង​សង្គម​ខ្មែរ​កាន់​តែ​រញ៉េរញ៉ៃ! គេ​មើល​មក​នឹង​យល់​ថា​នេះ​ជា​បណ្ដុំ​អសីលធម៌»។ ទោះ​ជា​មាន​ការ​យល់​ឃើញ​បែប​នេះក្ដី​ និស្សិត​នៃ​សាកលវិទ្យាល័យ​​មេគង្គ​កម្ពុជា​រូប​នេះ​ក៏​បាន​​អះអាង​ថា រូប​គេ​មិន​ខ្វល់​ចំពោះ​ពាក្យ​ទាំង​នោះ​ឡើយ​ គ្រាន់​តែ​scroll ឱ្យ​ផុត​ប៉ុណ្ណោះ ព្រោះ​ថា​ បើ​ share ឬ ក៏​ឆ្លើយ​ឆ្លង​មតិ​អី​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ។

 

ដោយ​មិន​ចាប់​អារម្មណ៍​ចំពោះ​អំពើ​ទាំង​នេះ​ កញ្ញា​សឹង ចាន់​ធឿន​ ជា​អាជីវករ​​លក់​អាហារ​នៅ​​សាលា​រៀន​មួយ​កន្លែង​នៃ​ទី​ក្រុង​ភ្នំពេញ​បាន​​​ប្រាប់​ថា ក្រុម​យុវជន​​ទាំង​នោះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ច្របូក​ច្របល់​ក្នុង​បណ្ដាញ​សង្គម​  ហើយ​នេះ​ប្រហែល​ជា​ការ​អផ្សុក​របស់​ពួក​គេ​​ដែល​មាន​ចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា ក៏​ប្រហែល​ជា​ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​ឈប់​ដោយ​ខ្លួន​ឯង។

 

ចំណែក​កញ្ញា​ យ៉យ ម៉ាលីស​វិញ​ ក៏​មិន​ពេញ​ចិត្ត​ចំពោះ​អំពើ​ទាំង​នោះ​ដែរ​ ។ កញ្ញា​បាន​លើក​ឡើង​ថា«​គិត​​ទៅ​ វា​អាក្រក់​ស្ដាប់​ណាស់​ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ គឺ​អាក្រក់​ស្ដាប់​ដូច​គ្នា!» ។ មិន​តែ​ប៉ុណ្ណោះ​ម៉ាលីស​ក៏​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​​ មិន​គួរ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​សាធារណៈ​ទេ​ គួរ​តែ​មាន​សុជីវធម៌​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ម្យ៉ាង​វិញ​ទៀត​គេ​នឹង​គិត​ថា​យុវជន​ខ្មែរ​គ្មាន​សុជីវធម៌​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។

 

យុវជន លៀក​ ប៊ុន​ហេង ក៏​បាន​​និយាយ​ដែរ​ថា «​ តាម​ដែល​ខ្ញុំ​យល់​ វា​គ្មាន​មូល​ហេតុ​អី​ដែល​មនុស្ស​ពីរ​នាក់​ ត្រូវ​បង្ហោះ​វីដេអូ ឬ ផ្ញើ​សារ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ! ព្រោះ​អី​បើ​ពួក​គាត់​ជា​មិត្ត​នឹង​គ្នា​ស្គាល់​គ្នា​នៅ​ខាង​ក្រៅ​ គាត់​ប្រាកដ​ជា​និយាយ​គ្នា​ឱ្យ​ដឹង​រឿង​នៅ​ខាង​ក្រៅ​ហើយ ចំណែក​មនុស្ស​ដែល​ស្គាល់​គ្នា​តាម​ហ្វេសប៊ុក​ ក៏​គ្មាន​រឿង​អី​ទៅ​ តប​សារ​ឬ​ផូស​វីដេអូ​ជេរ​គេ​ដែរ បើ​មិន​ពេញ​ចិត្ត​ម្នាក់​ហ្នឹង unfriend គេ​ចោល​ទៅ ឬ​ក៏​ block ក៏​បាន!»។ បន្ថែម​ពី​លើ​នេះ​ដែរ​ ប៊ុន​ហេង​ ក៏​បន្ថែម​ថា​យុវជន​ខ្មែរ​គួរ​តែ​បញ្ឈប់​ការ​តិះដៀល​​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​ថា​វា​អាប់​អោន​កិត្តិយស​អ្នក​ដែល​ជេរ​គេ និង អ្នក​ដែល​ត្រូវ​គេ​ជេរ​ ម្យ៉ាង​វិញ​​ទៀត​ កាល​ណា​ជន​បរទេស ដែល​ចេះ​ភាសាខ្មែរ​ឃើញ​វា​ប៉ះ​ពាល់​ដល់​ត្រកូល​យុវវ័យ​ខ្មែរ​តែ​ម្ដង។

 

លោក​ជួ កែវ​ ជា​សាស្ត្រាចារ្យ​នៃ​វិទ្យាល័យ​មួយ​ ក៏​បាន​ប្រាប់​ផង​ដែរ​ថា​ « កុំ​ថា​ឡើយ​​ជេរ​គ្នា​តាម​ហ្វេសប៊ុក​​សូម្បី​តែ​​ជេរ​គេ​នៅ​នឹង​មុខ​ផ្ទាល់​ ក៏​វា​មិន​មែន​ជា​រឿង​ល្អ​ដែរ យើង​គួរ​តែ​រក​មធ្យោបាយ​ផ្សេង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ព្រោះ​​ការ​ជេរ​វា​កាន់​តែ​មាន​កំហឹង​ខ្លាំង​ឡើង​ ហើយ​ជេរ​ទៅ​ជេរ​ម៉ោ​ៗ ជេរ​រហូត​! វា​នាំ​ឱ្យ​បាត់​សេចក្ដី​ថ្លៃ​ថ្នូរ!»។ ​​

លោក​ ស៊ុយ វុទ្ធី ជា​មេធាវី​មួយ​រូប​ បាន​បញ្ជាក់​ប្រាប់​ Sabay ថា​ បើ​រង​ការ​​ជេរ​ប្រមាថ​ពី​អ្នក​ដទៃ​ក្នុង​​បណ្ដាញ​សង្គម​ផ្សេង​ៗ​ ជន​រង​គ្រោះ​អាច​​ ដាក់​ពាក្យ​បណ្ដឹង​បាន​​ ពី​បទ​បរិហារកេរ្តិ៍​ដោយ​ត្រូវ​មាន​ភស្តុតាង​គ្រប់​គ្រាន់​​ដែល​អាច​បញ្ជាក់​ថា​ ជន​នោះ​ពិត​ជា​បាន​ជេរ​ប្រមាថ​ខ្លួន​ពិត​មែន ហើយ​ជន​ដែល​បរិហារកេរ្តិ៍​អ្នក​ដទៃ​នឹង​​​​ត្រូវ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

 

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង

អត្ថបទពេញនិយម