អ្នក​ស្លាប់​ដោយសារ​​ជំងឺ​ផ្លូវ​ដង្ហើម MERS កើន​ឡើង​ដល់ ២៧​នាក់​នៅ​កូរ៉េខាងត្បូង

  • 2015-06-22 15:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម MERS នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​កើន​ឡើង​រហូត​ដល់ ២៧​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចំណែក​ឯ​នៅ​ក្នុង​​ប្រទេស​ថៃ​វិញ អាជ្ញាធរ​បាន​អះ​អាង​ថា​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​ទី​ពីរ​នៅ​ឡើយ​ទេ។

 

 

ក្រសួង​សុខាភិបាល​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​​ថា មាន​មនុស្ស​ពីរ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម MERS ដែល​នាំ​ឲ្យ​អ្នក​បាត់​បង់​ជីវិត​ដោយសារ​​ជំងឺ​ដ៏​សាហាវ​នេះ​កើន​ឡើង​ដល់ ២៧​នាក់។ ក្រៅ​ពី​នេះ ក្រសួង​ក៏​បាន​អះអាង​ពី​ចំនួន​អ្នក​ឆ្លង ៣​ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​អ្នក​ផ្ទុក​ជំងឺ MERS សរុប​កើន​ឡើង​ដល់ ១៧២​នាក់។

 

អ្នក​ស្លាប់​ដោយសារ​ជំងឺ MERS នៅ​ប្រទេស​កូរ៉េខាងត្បូង ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​អាយុ​ខ្ទង់ ៨០​ឆ្នាំ និង​មាន​ជំងឺ​បន្ទាប់​បន្សំ​ពី​មុន​មក ដែល​មិន​អាច​ទ្រាំ​ទ្រ​ជាមួយ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​បាន។ ពេល​នេះ​អាជ្ញាធរ​កូរ៉េខាងត្បូង កំពុង​តាម​ស្វែង​រក​មនុស្ស​ជា​ច្រើន​ទៀត ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ផ្ទុក​ជំងឺ MERS និង​សង្ស័យ​ថា បាន​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា។ ករណី​រីក​រាលដាល​ក្នុង​កូរ៉េខាងត្បូង គឺ​ជា​ការ​ផ្ទុះ​ឡើង​ខ្លាំង​បំផុត​ក្រៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​​តំបន់​វាយប្រហារ​ដោយ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ជាង​គេ។

 

ចំណែក​នៅ​ក្នុង​ប្រទេស​ថៃ​​វិញ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ MERS ដំបូង​បំផុត​កាល​ពី​សប្ដាហ៍​មុន ពេល​នេះ​ពុំ​មាន​ផ្ទុះ​ឡើង​​ករណី​ថ្មី​ឡើយ។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​កំពុង​តាមដាន​សុខភាព​មនុស្ស​ជា​ច្រើន​ ដែល​បាន​ធ្វើ​ដំណើរ​លើ​យន្តហោះ​ជាមួយ​អ្នក​ឆ្លង និង​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​នានា៕​

 

 

 

ចុចអាន៖ ជំងឺ​ផ្លូវ​ដង្ហើម​គ្មាន​ថ្នាំ​ព្យាបាល MERS រីក​រាលដាល​ដល់​ថៃ​ហើយ

ចុចអាន៖ វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ channelnewsasia

អត្ថបទថ្មី