U16 កម្ពុជា ទៅ​​ប្រកួត​ពាន​មួយ​នៅ​ជប៉ុន មុន​​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​កម្រិត​អាស៊ាន

  • 2015-06-23 20:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​១៦ ឆ្នាំ​របស់​កម្ពុជា (U-16) នឹង​ចេញ​ទៅ​​ប្រកួត​​ផ្លាស់ប្ដូរ​បទពិសោធន៍​​ក្នុង​ពាន​រង្វាន់ Japan-Mekong U15 Football Exchange Program ដែល​រៀបចំ​នៅ​ទីលាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន SAKAI J-GREEN ក្នុង​ទីក្រុង Osaka មុន​នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​បាល់ទាត់​យុវជន​អាស៊ីអាគ្នេយ៍ ក្រោយ​អាយុ ១៦ ឆ្នាំ (2015 AFF U-16 Youth Championship) នៅ​​រាជធានី​ភ្នំពេញ ចុងខែក្រោយ។

 
 

ទីលាន  SAKAI J-GREEN នៅ​ទីក្រុង Oshaka (រូបថត៖showa-sekkei)

 

សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា បាន​តែងតាំងលោក Yusuke Iki គ្រូ​បង្វឹក​ប្រចាំ​សាលា​បាល់ទាត់ជាតិ ​​ធ្វើ​ជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ U-16 ​កម្ពុជា ចូល​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​នេះ​ ដែល​​ក្រុម​ចូលរួម​​សរុប​ចំនួន ៨ ចែក​ជា ២ ពូល។ ក្រុម​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​​ប្រកួត​នៅ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥។

 

ពាន​រង្វាន់​ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន (JFA) សហការ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គនេះ ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល A ជាមួយ​ម្ចាស់​ផ្ទះ​ជប៉ុន, វៀតណាម និង​ក្លិប Vissel Kobe ហើយ​ពូល B មាន ថៃ មីយ៉ាន់ម៉ា ឡាវ និង ក្លិប​ Sanfrecce Hiroshima FC ដោយ​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី ១ ដល់​ទី៣ ខែ កក្កដា ឆ្នាំ ២០១៥ ខាង​មុខ។

 

ដើម្បី​រក​ជើង​ខ្លាំង ការ​ប្រកួត​នេះ​ប្រើ​រូបមន្ត លេខ ១ ពូល A ត្រូវ​ជួប​លេខ ១ ពូល B ស្វែង​រក​ជើង​ឯក ខណៈ​ក្រុម​លេខ ២ ​ក្នុង​ពូល​​ទាំង ២ ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ ហើយ​ក្រុម​​ចំណាត់​ថ្នាក់​លេខ ៣ តាម​ពូល ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៥ និង​ក្រុម​ចំណាត់​ថ្នាក់​ចុង​ក្រោយ​ក្នុង​ពូល ប្រកួត​យក​លេខ ៧ ប្រចាំ​ពាន​រង្វាន់។

 

នេះ​ជា​ការ​ចេញ​ទៅ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់​ក្រុម U-16 កម្ពុជា មុន​ទទួល​ភ្ញៀវ​​ក្នុង​ពាន​រង្វាន់​ 2015 AFF U-16 Youth Championship ចាប់​រៀបចំ​ពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១៥ លើ​វាល​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ពូល A មាន​ ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូល B មាន​ អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះ​កម្ពុជា។

 

អត្ថបទ​ពាក់ព័ន្ធ៖  ហ៊ោ​ទៀត​ហើយ! កម្ពុជា ធ្វើ​​ម្ចាស់​ផ្ទះ​​​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​អាស៊ាន

 

កម្មវិធី​ប្រកួត​របស់​ក្រុម​កម្ពុជា
កាលបរិច្ឆេទ​ ម៉ោង​ គូ​ប្រកួត​
//២០១៥​ ១០ ព្រឹក​ ជប៉ុន Vs កម្ពុជា​
:៣០ រសៀល​ វៀតណាម Vs កម្ពុជា​
//២០១៥​ ១១:៣០ ព្រឹក​ កម្ពុជា​ Vs Vissel Kobe
//២០១៥​ ប្រកួត​​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ១ ដល់ លេខ ៨
 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី