ណុប​ តុលា ​មិន​ទាន់​អាច​ជួយ​ស្វាយរៀង សម្រាប់​ពីរ​បី​ប្រកួត​​​ដំបូងនៅ​​លីក​កម្ពុជា២០១៥​​

  • 2015-06-24 17:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​បម្រើ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​​ស្វាយរៀង ណុប តុលា នឹង​អវត្តមាន​ប្រហែល ៣​ទៅ​៤ ប្រកួត​ដំបូង​​សម្រាប់​​​ព្រឹត្តិការណ៍​​លីក​​បាល់ទាត់​​កម្ពុជារដូវ​កាល​ឆ្នាំ​២០១៥​​ចាប់​ផ្ដើម នា​ដើម​ខែ​​កក្កដា ខាង​មុខ​នេះ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួសក​ជើង​ស្តាំ​​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ដោយ​សារ​របួស​ជើង​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៥។

 

 

ណុប តុលា បាន​ប្រាប់​យ៉ាង​ខ្លី​ដល់ Sabay​ ថា របួសក​ជើង​ស្តាំ​​របស់​គេ​មិនទាន់​​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ  ដូច្នេះ​​​​៣​​ទៅ​៤​ប្រកួត​ដំបូង​សម្រាប់​​ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​​នា​ពេល​ខាង​មុខ​នេះ រូប​គេ​មិន​អាច​ជួយ​មិត្ត​រួម​ក្រុម​ស្វាយ​រៀង​បាន​ឡើយ។ ​ក្លិបស្វាយរៀង​កំពុង​​​ប្រមូល​​​ផ្ដុំ​កីឡាករទាំង​អស់​ហ្វឹកហាត់​តាំង​ពី​ថ្ងៃ​ ច័ន្ទ​ទី ២២ ខែ មិថុនា​​ នៅ​កំបូល ហើយ​រូប​គេ​ក៏​សម្រាក​ព្យាបាល​នៅ​ទី​នោះ​ដែរ​។

 

​​ណុប តុលា បាន​ទទួល​រង​របួស​ជើង​នៅ​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ ក្រោម​២៣​ឆ្នាំ (U-23)​ប្រកួត​ឈ្នះ​ក្រុម​ហ្វីលីពីន​ដោយ​លទ្ធផល​៣-១ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​២៨ នៅ​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​របួស​នោះ​មក ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ស្វាយរៀង​ដែល​លោក​គ្រូ​បង្វឹក Lee Tae Hoon ដាក់​ឲ្យ​លេង​ក្នុង​តំណែង​ការពារ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​មិន​អាច​ចូល​លេង ​បាន​ទេ​សម្រាប់​៣​ប្រកួត​ផ្សេង​ទៀត​របស់​ក្រុម U-23 កម្ពុជា​នៅ​ស៊ីហ្គេម និង​បន្ត​ព្យាបាល​រហូត​ដល់​ពេល​នេះ​ ខណៈ​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​ជិត​ចាប់​ផ្តើម​ហើយ៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​