ជំងឺផ្លូវដង្ហើម MERS សម្លាប់ជីវិតមនុស្សដល់៣២នាក់នៅកូរ៉េខាងត្បូង
- 2015-06-29 15:35:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺផ្លូវដង្ហើម MERS សម្លាប់ជីវិតមនុស្សដល់៣២នាក់នៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា MERS បានកើនឡើងរហូតដល់ ៣២នាក់ហើយ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្សដែលស្លាប់ចុងក្រោយគេកាលពីថ្ងៃសៅរ៍ គឺជាបុរសវ័យ ៥៥ឆ្នាំម្នាក់។ បុរសចំណាស់រូបនេះ បានឆ្លងជំងឺផ្លូវដង្ហើមកាលពីថ្ងៃទី៩ បន្ទាប់ពីមានជាប់ពាក់ព័ន្ធជាមួយមេរោគនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ក្រុងសេអ៊ូល។
ចំពោះអ្នកឆ្លងជំងឺមរណៈនេះបានរក្សានៅត្រឹមចំនួន ១៨២នាក់ ខណៈ ៥០នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្ស ៩១នាក់ បានធូរស្រាលពីជំងឺ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ត្រឹមថ្ងៃអាទិត្យម្សិលមិញ មនុស្សសរុប ២៥៦២នាក់ផ្សេងទៀត បានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលបណ្ដោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង។
ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាបានផ្ទុះឡើងដំបូងក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីបុរសវ័យ ៦៨ឆ្នាំម្នាក់ត្រលប់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ជំងឺមរណៈនេះ រីករាលដាលដំបូងក្នុងឆ្នាំ២០១២ នៅតំបន់មជ្ឈិមបូព៌ា និងឆក់យកជីវិតមនុស្សអស់ជាង ៤០០នាក់ទូទាំងពិភពលោក៕
ចុចអាន៖ ជំងឺផ្លូវដង្ហើមគ្មានថ្នាំព្យាបាល MERS រីករាលដាលដល់ថៃហើយ
ចុចអាន៖ វិធីការពារជំងឺកំណាចថ្មីនៅកូរ៉េ MERS ដែលល្បីមិនទាន់មានថ្នាំព្យាបាល
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ channelnewsasia