Phil Jones បន្តកុងត្រាថ្មី ជាមួយ Man Utd ៤ឆ្នាំទៀត
- 2015-06-30 16:51:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Phil Jones បន្តកុងត្រាថ្មី ជាមួយ Man Utd ៤ឆ្នាំទៀត
ចន្លោះមិនឃើញ
ខ្សែការពារ Phil Jones បានបន្តកុងត្រាថ្មីជាមួយក្លិប Manchester United រយៈពេល ៤ឆ្នាំទៀត ដែលមានន័យថា កីឡាករវ័យ២៣ឆ្នាំ នឹងនៅ Old Trafford រហូតដល់ឆ្នាំ២០១៩ និងទទួលបានថ្លៃឈ្នួលច្រើនជាងមុន។
កីឡាករជម្រើសជាតិអង់គ្លេស Jones ដែលផ្ទេរពី Blackburn ទៅ Man Utd តម្លៃ១៦,៥លានផោន (ជិត២៦លានដុល្លារ) កាលឆ្នាំ២០១១ រូបនេះ នៅជាប់កិច្ចសន្យាចាស់១២ខែទៀត ខណៈដែលថ្លៃឈ្នួលកុងត្រាចាស់ប្រចាំសប្ដាហ៍ទទួលបាន ១០ម៉ឺនផោន (ជាង១៥,៧ម៉ឺនដុល្លារ) ប៉ុន្តែសម្រាប់កុងត្រាថ្មីនេះ កីឡាកររូបនេះ នឹងទទួលបាន១២ម៉ឺនផោន (ជិត១៩ម៉ឺនដុល្លារ)។
Jones ដែលអាចលេងជាខ្សែការពារ ឬខ្សែបម្រើក៏បានរួបនេះ បាននិយាយក្រោយបន្តកុងត្រានេះថា៖ "ខ្ញុំរីករាយណាស់ ដែលបានបន្តកុងត្រាថ្មី។ នេះជាក្លិបដ៏អស្ចារ្យ ហើយខ្ញុំពិតជាមិនអាចរង់ចាំលេងនៅរដូវកាលថ្មីឡើយ"។
រីឯអ្នកចាត់ការក្រុមបិសាចក្រហម លោក Louis van Gaal ក៏បាននិយាយផងដែរថា៖ "យើងរីករាយណាស់ ដែល Phil បានបន្តកុងត្រាថ្មី។ Phil គឺជាកីឡាករម្នាក់ ដែលមានទេពកោសល្យ ចេះបត់បែនបានល្អ និងអាចលេងបានច្រើនតំណែង។ គាត់ជាខ្សែការពារវ័យក្មេង ដែលកំពុងតែត្រូវការអភិវឌ្ឍបន្ថែម។ រដូវកាលមុន គាត់ខកខានលេងច្រើន ដោយសាររបួស ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើល ពេលឃើញគាត់លេងបានល្អ និងមានឥរិយាបថល្អ អំឡុងពេលប្រកួត"។
Jones បានបង្ហាញខ្លួន ៩៤ប្រកួតនៅ Barclays Premier League ចាប់តាំងពីផ្ទេរទៅ Old Trafford និងបានបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេស បាន១៧ប្រកួត៕
-ចុចអាន៖ Giggs៖ Depay នឹងផ្ដល់អ្វីគ្រប់យ៉ាងដែល Man Utd បាត់បង់តាំងពី Ronaldo ចាកចេញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail