អ្នក​ឆ្លង​ជំងឺ MERS ទី​មួយ​នៅ​ថៃ​បាន​ជា​សះ​ស្បើយ​​វិញ​​ហើយ

  • 2015-06-30 17:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​របស់​ប្រទេស​ថៃ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា បុរស​វ័យ ៧៥​ឆ្នាំ​ដែល​ជា​ជន​រង​គ្រោះ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ថៃ បាន​រួច​ផុត​ពី​មេរោគ​មរណៈ​នេះ​ហើយ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ជា​ច្រើន​ថ្ងៃ​រួច​មក។ ​​

 

បុរស​វ័យ ៧៥​ឆ្នាំ មាន​ផ្ទុក​ជំងឺ​ផ្លូវ​ដង្ហើម MERS ពេល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ចូល​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា។ ក្រោយ​មក បុរស​រងគ្រោះ​ដែល​មាន​ជំងឺ​បេះ​ដូង​ជាប់​ខ្លួន​ផង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​នា​វិទ្យាស្ថាន​ជំងឺ​ឆ្លង Bamrasbaradura ក្នុង​ខេត្ត Nonthaburi។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បុរស​ចំណាស់​នោះ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ។

 

“ការ​ធ្វើតេស្ត​ចុង​ក្រោយ យើង​មិន​បាន​រក​ឃើញ​មេរោគ MERS ក្នុង​ខ្លួន​អ្នក​ជំងឺ​ទេ"។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​លោក Surachet Satitramai ដែល​លេខាធិការ​អចិន្ត្រៃយ៍​ស្ដីទី​នៅ​ក្រសួង​សុខាភិបាល ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​អង់គ្លេស Reuters។

 

លោក​បាន​បន្ត​ទៀត​ថា ទោះ​បី​បុរស​ចំណាស់​នេះ​បាន​រួច​ផុត​ពី​មេរោគ​មរណៈ​ក្ដី ក៏​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​បន្ត ដើម្បី​តាម​ដាន​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត រាប់​ទាំង​ជំងឺ​បេះ​ដូង ដែល​អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​ជា​សះ​ស្បើយ​ជំងឺ MERS។

 

ចំពោះ​សាច់ញាតិ​បី​នាក់​ទៀត​របស់​អ្នក​ជំងឺ ដែល​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ចូល​មក​ប្រទេស​ថៃ ក៏​ពុំ​មាន​មេរោគ MERS ជាប់​ខ្លួន​ដែរ។ ទោះ​យ៉ាង​ណា ក្រសួង​សុខាភិបាល​នៅ​បន្ត​ឃ្លាំ​មើល និង​តាម​ដាន​សុខភាព​មនុស្ស​មួយ​ចំនួន​ទៀត ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ជំងឺ។

 

នៅ​ប្រទេស​កូរ៉េខាងត្បូង ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ៣៣​នាក់​ហើយ​នៅ​ព្រឹក​នេះ ចំណែក​អ្នក​ឆ្លង​មាន ១៨៣​នាក់។ ជំងឺ MERS បាន​ឆ្លង​មក​ដល់​មនុស្ស​ដំបូង​ក្នុង​ឆ្នាំ២០១២ នៅ​តំបន់​មជ្ឈិម​បូព៌ា និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៤០០​នាក់​ទូទាំង​ពិភពលោក៕

 

ចុចអាន៖ ជំងឺ​ផ្លូវ​ដង្ហើម​គ្មាន​ថ្នាំ​ព្យាបាល MERS រីក​រាលដាល​ដល់​ថៃ​ហើយ

ចុចអាន៖ វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ channelnewsasia

អត្ថបទថ្មី