ភរិយា ស៊ុក សុភា ភ្ញាក់​ផ្អើល​នឹង​គំនូរ​របស់​កូន​អាយុ​៧​ឆ្នាំ ស្ទើរ​ដូច​វិចិត្រករ​អាជីព

  • 2015-07-02 17:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារីណា ភរិយា ស៊ុក សុភា បាន​ពោល​ថា នាង​ពិត​ជា​មាន​ការ​ភ្ញាក់​មែន​ទែន ពេល​បាន​ឃើញ​រូប​គំនូរ​ប៉ុន្មាន​សន្លឹក​ដែល​គូរ​ដោយ​កូន​ប្រុស​ច្បង Alexander អាយុ ៧​ឆ្នាំ​របស់​ខ្លួន ល្អ​ហួស​ពី​ការ​គិត​ដល់។

 

 

គំនូរ​ប៉ុន្មាន​សន្លឹក​នោះ Alexander បាន​គូរ​ពី​តួអង្គ Hero ក្នុង​រឿង​ភាពយន្ត​គំនូរ​ជីវចល​ដ៏​ល្បី​របស់​ជប៉ុន "Dragon Ball"។ សារីណា មិន​បាន​ចាប់​អារម្មណ៍ កូន​ប្រុស​ច្បង​រូប​នេះ ចាប់​ផ្ដើម​គូរ​គំនូរ​នេះ​តាំង​ពី​ពេល​ណា​ទេ គឺ​ឃើញ​ក្រោយ​ពី​គំនូរ​ត្រូវ​បាន​គូរ​រួច​រាល់​ទៅ​ហើយ។ នាង​ថ្លែង​ថា “ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​មោទនភាព​ខ្លាំង​ណាស់ ម៉ាក់​មិន​នឹក​ស្មាន​ថា​កូន​អាច​គូរ​បាន​ល្អ​ដល់​ម្ល៉ឹង​ទេ!"។

 

ព្រម​ជាមួយ​គ្នា​នោះ ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម ក៏​បាន​ពោល​សរសើរ និង​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​ដែរ ចំពោះ​អ្វី​ដែល​កុមារ​វ័យ ៧​ឆ្នាំ​រូប​នេះ​ធ្វើ​បាន។ ឆ្លើយ​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក អ្នក​ម្ដាយ​កូន ៥នាក់​រូប​នេះ បាន​អះអាង​ថា កូនប្រុស​ច្បង​របស់​ខ្លួន​រូប​នេះ មាន​ទេពកោសល្យ​កាត់​មក​រក​ខ្លួន ដែល​ចូល​ចិត្ត​គូរ​គំនូរ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា បើ​ស្ថិត​វ័យ​ដូច​គ្នា នាង​ចាញ់​កូន​ដាច់។

 

 

Alexander កាល​នៅ​តូច និង​គំនូរ​របស់​គេ

 

សារីណា ថ្លែង​ថា “កូន​មួយ​ហ្នឹង​ចូល​ចិត្ត​គូរ​តាំង​នៅ​តូច​ចាប់​ពី​១​ឆ្នាំ​កន្លះ​ចេះ​កាន់​ប៊ិច​យ៉ាង​ស្ទាត់ ដល់​ជាង​ពីរ​ឆ្នាំ​ចាំ​ផ្ដើម​ផាត់​ពណ៌​យ៉ាង​ស្អាត និង​ចេះ​រើស​ពណ៌​ហើយ​ផាត់​មាន​របៀប និង​អត់​ចេញ​ក្រៅ​ទេ ទើប​ខ្ញុំ​ដឹង​ថា កូន​ហ្នឹង​ចូល​ចិត្ត​គូរ​រូប​ដូច​ខ្ញុំ​ដែរ។ ខ្ញុំ​ចូល​ចិត្ត​ជាង​គេ គឺ​គូរ​រូប និង​ផាត់​ពណ៌​ហ្នឹង តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ទើប​តែ​ចេះ​គូរ​ស្ទាត់​ពេល​ធំ នៅ​អាយុ​ប៉ុណ្ណឹង(៧​ឆ្នាំ) ខ្ញុំ​អត់​ចេះ​គូរ​ស្អាត​អញ្ចឹង​ទេ!”។

 

ដោយ​សារ​ឃើញ​ថា កូន​ប្រុស​មាន​ទេពកោសល្យ សារីណា បាន​ប្រាប់​ថា នាង​តែង​ទិញ​ពណ៌ និង​សៀវភៅ​អោយ​គូរ​ជានិច្ច។ "អោយ​តែ​គូរ​ហើយ​យក​មក​អោយ​ខ្ញុំ​មើល​ហើយ ហើយ​មាន​មួយ​សន្លឹក​ទៀត​ដែល​អោយ​ខ្ញុំ​មើល​យូរ​ហើយ ខ្ញុំ​គិត​ថា​ស្អាត​ដែរ តែ​ដល់​រូប​ទាំង​បី​ចុង​ក្រោយ​នេះ ជា​រូប​ដែល​ពិបាក​គូរ ដល់​ឃើញ​គូរ​បាន​ល្អ​គ្រប់​ជ្រុង​ពេក​ទើប​ភ្ញាក់​តែ​ម្ដង​ទៅ"។ សារីណា បន្ថែម។

 

សារីណា មិន​មាន​គម្រោង​បន្ទច់បង្អាក់​កូន​ប្រុស​ដ៏​មាន​ទេពកោសល្យ​នេះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំរុញ​បន្ថែម។ អ្នក​ម្ដាយ​រូប​នេះ ថ្លែង​ថា "ខ្ញុំ​បាន​ប្រាប់​កូន​ហើយ​ថា កូន​រៀន​គូរ​អោយ​ពូកែ​ទៅ នៅ​ស្រុក​គេ​នេះ រក​លុយ​បាន​ណាស់​ខាង​គូរ ខាង designer ហ្នឹង តែ​បើ​កូន​ចង់​ខាង​អ្វី អាច​ធ្វើ​បាន​គឺ​ស្រេច​តែ​គេ​ចុះ!”៕

 

មេម៉ាយៗ ក្នុង​សិល្បៈ​ខ្មែរ សុទ្ធ​តែ​តារា​ល្បី

 

អ្នក​ជំនាញ​ថា ប៉ែន​ ចំរុង​ ឡប់​ដាច់​គេ​២​ឆ្នាំ​ចុង​ក្រោយ

 

តោះ...ឥឡូវ​ស្នាដៃ​របស់ Alexander ទាំង​អស់​គ្នា​មើល៍ ឡូយ​ទេ​ប៉ុណ្ណឹង?

 

 

Alexander កូន​ច្បង​របស់ ស៊ុក សុភា និង​សារីណា

 

 

 

 

 

រូប​ថត៖ ផ្ដល់​ដោយ សារីណា

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី