ភាពយន្ត​ខ្នាត​ធំ “ព្រលឹង​៧​ថ្ងៃ" ត្រៀម​បញ្ចាំង និង​កាត់​ចំណែក៥%​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

  • 2014-10-13 17:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​មួយ​របស់​ផលិតកម្ម Rich Kids Media មាន​ចំណង​ជើង​ថា "ព្រលឹង​៧​ថ្ងៃ" ជា​ប្រភេទ​រឿង​ខ្មោច​បែប​កំប្លែង ត្រៀម​នឹង​ដាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្នុង​នោះ​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ​ចំនួន ៥% នឹង​ត្រូវ​កាត់​ចេញ​បរិច្ចាគ​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

"ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ចំនួន​ច្រើន​ទេ ប៉ុន្តែ​ជា​ទឹក​ចិត្ត​របស់​ពួក​យើង យើង​ចង់​ចូល​រួម​ចំណែក​ជួយ​កុមារ​ៗ​របស់​យើង​តាម​រយៈ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា យើង​ចង់​មាន​ចំណែក​តូច​មួយ​ក្នុង​កិច្ចការ​មនុស្ស​ធម៌​នេះ"។ លោក ចាន់ណា រ៉ូណាន ប្រធាន​ក្រុម​តារា​ចម្រៀង De5inite និង​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង "ព្រលឹង​៧​ថ្ងៃ" ថ្លែង​បញ្ជាក់។

 

លោក បាន​សង្កត់​ថា ចំណែក ៥% ភាគ​រយ​ពី​ការ​លក់​សំបុត្រ​ដែល​គ្រោង​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ គឺ​មិន​ពឹង​ផ្អែក​លើ​ថា​តើ ចំណេញ ឬ​ខាត​នោះ​ឡើយ។ "យើង​ដឹង​តែ​កាត់​ប៉ុណ្ណឹង ខាត​ក៏​ដោយ ចំណេញ​ក៏​ដោយ ដូច​ខ្ញុំ​ប្រាប់​អីចឹង នេះ​ជា​ទឹក​ចិត្ត​ពួក​យើង!"។

 

“ព្រលឹង​៧​ថ្ងៃ" ជា​ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​ផលិតកម្ម Rich Kids Media សហការ​ផលិត​ជាមួយ ក្រុមហ៊ុន T.I.C និង​និពន្ធ​ដោយ ចាន់​ណា រ៉ូណាន។ ​សហការ​ដឹក​នាំ​ថត​ដោយ​ ជ័យ រិទ្ធា និង ចាន់​ណា រ៉ូណាន។ រឿង​នេះ និយាយ​ពី​ការ​ដឹង​ខ្លួន​របស់​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​ក្រោយ​រយៈ​ពេល​៧​ថ្ងៃ។

 

“វា​មិន​មាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​មាន​សាច់​រឿង​ច្រើន​ទៀត តែ​ខ្ញុំ​សុំ​មិន​និយាយ​លម្អិត​នា​ពេល​នេះ ទុក​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ទស្សនា​ដោយ​ខ្លួន​ឯង វា​មាន​បង្កប់​អាថ៌កំបាំង ប្រទាក់​ក្រឡា​ច្រើន។ ខ្ញុំ​ហ៊ាន​និយាយ​ថា រឿង​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ខក​ចិត្ត​ទេ យើង​ធ្វើ​រឿង​នេះ​សម្រិត​សម្រាំង​បំផុតទាំង​សាច់​រឿង ទាំង​បច្ចេកទេស។ អីចឹង​ហើយ​ខ្ញុំ​ចង់​ពុក​ម៉ែ​បង​ប្អូន​សន្និដ្ឋាន​ដោយ​​ខ្លួន​ឯង​ថា យើង​ចំណាយ​ប៉ុន្មាន​សម្រាប់​ធ្វើ​រឿង​នេះ ក្រោយ​ពី​បាន​ទស្សនា​ចប់"។

 

ខ្សែ​ភាពយន្ត​ខ្នាត​ធំ "ព្រលឹង​៧​ថ្ងៃ" ចាប់​ផ្ដើម​ថត​តាំង​ពី​ខែ​មេសា បញ្ចប់​នៅ​ខែ​កក្កដា។ មក​ទល់​នឹង​ពេល​នេះ បាន​កាត់​ត​សម្រួល​បច្ចេកទេស​រួច​រាល់​ទៀត រង់​ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។ លោក ចាន់​ណា រ៉ូណាន ថ្លែង​ថា រឿង "ព្រលឹង​៧​ថ្ងៃ" របស់​លោក​នឹង​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​មាន​ដូច​ជា សៀមរាប បាត់​ដំបង កំពង់​ចាម និង​ខេត្ត​ព្រះសីហនុ។ "បន្ទាប់​ពី​បញ្ចប់​ការ​ដាក់​បញ្ចាំង​គ្រប់​គោលដៅ ថវិកា​៥%​យើង​នឹង​កាត់​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា"៕

 

លោក ចាន់​ណា រ៉ូណាន និង​សកម្មភាព​ថត​រឿង "ព្រលឹង​៧​ថ្ងៃ"(រូប​ថត​ផ្ដល់​ដោយ​លោក ចាន់​ណា រ៉ូណាន)

 

អត្ថបទស្ដី​ពី​តន្ត្រីជាតិ​ផ្សេង​ៗ​ទៀត មាន​នៅ​ទី​នេះ…!!!

តាម​ដាន​ព័ត៌មាន​ពី​សកម្មភាព​តារា​ជាតិ​ផ្សេង​ទៀត មាន​នៅ​ទី​នេះ…!

អត្ថបទ៖ ទារិកា