៧ ចំណុច នារីៗចង់បានបុរសជាគូអនាគត?
- 2015-07-10 17:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុច នារីៗចង់បានបុរសជាគូអនាគត?
ចន្លោះមិនឃើញ
មនុស្សស្រីមុននឹង សម្រេចចិត្តជ្រើសរើសនរណាម្នាក់ ជាគូអនាគត នាងមានការត្រិះរិះពិចារណា ព្រោះមិនចង់ឱ្យចំណងស្នេហ៍បាក់បែក ដោយសារការជ្រើសរើសមនុស្សខុសឡើយ។ ដូច្នេះបើមនុស្សប្រុសចង់ធ្វើជាគូអនាគតរបស់មនុស្សស្រីណាម្នាក់ អាចសាកល្បងមើលតាមលក្ខណៈបុរសដែលប្រិយមិត្តនារីរបស់ Sabay ចែករំលែកបាន៖
រូបតំណាង
១. មានទំនួលខុសត្រូវ
នេះ គឺជា លក្ខណៈដែលនារីត្រូវការជាចាំបាច់ មុននឹងសម្លឹងមើលបុគ្គលិកលក្ខណៈ ផ្សេងទៀត។ សោម មេត្តា ជាបុគ្គលិកក្រុមហ៊ុន មួយបានប្រាប់ថា «បើមនុស្សស្រីសម្រេចចិត្តថា យកម្នាក់ណាជាគូហើយ គាត់ប្រគល់អ្វីគ្រប់យ៉ាងដល់បុរសម្នាក់នោះ អញ្ចឹងទាល់តែបុរសនោះមានទំនួលខុសត្រូវ»។
ស្រដៀងគ្នានេះដែរ កញ្ញា លីម ចិន្ដា ជានិស្សិតឆ្នាំទីបួន នៃសាកលវិទ្យាល័យមេគង្គកម្ពុជាក៏បានបន្ថែមថា «មានទំនួលខុសត្រូវខ្ពស់តែម្ដងមិនមែន មានទំនួលខុសត្រូវធម្មតាទេ! ឧទាហរណ៍ការហើយ មានស្រីហើយលែងប្រពន្ធបាត់ ចឹង!គាត់គួរតែចេះទទួលខុសត្រូវ»។ ចិន្ដា ក៏បានបញ្ជាក់ផងដែរថា បើមនុស្សប្រុសធ្វើបែបនេះបាន មិនខ្វះទេនារីស្រឡាញ់។
២. ចិត្តទូលាយ
មនុស្សស្រីមិនត្រូវការមនុស្សប្រុសកំណាញ់ឡើយ ទោះមានឬក្រ គួរតែបើកចិត្តឱ្យទូលាយ។ នេះជាទស្សនៈរបស់ កញ្ញា នេត លន់លីកា ជានិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា។ លីកាក៏បានបន្ថែមថា «មនុស្សប្រុសម៉ៅស្វិត គិតគ្រប់ជ្រុងពេកមុននឹងចំណាយអ្វីមួយ គ្មានស្រីណាចង់បានទេ ប៉ុន្តែមិនមែនមានន័យថាគាត់ចិត្តទូលាយជ្រុលពេកនោះទេ តែមនុស្សប្រុសម្នាក់ហ្នឹងគួរតែចេះថ្លឹងថ្លែងឱ្យបានល្អ ក្នុងនាមជាមនុស្សម្នាក់ដែលមនុស្សស្រីផ្ញើវាសនាលើ!»។
៣. ចេះរ៉ូមែនទិកខ្លះ
មនុស្សស្រីទោះបីជាចរិតទន់ភ្លន់ ឆ្នាសឆ្នើម ចរិតប្រុស មាត់រឹង យ៉ាងណាក៏ត្រូវការភាពរ៉ូមែនទិកពីបុរសដែលនាងស្រឡាញ់ដែរ។
«ជួនកាលគាត់គួរតែងបង្កើតកម្មវិធីណាដែល sweet sweet surprise ទោះជាពេលធ្វើទៅនាងថា ក្បាច់ក្បូរក៏ដោយ តែចិត្តនាងគឺចង់បានបែបនេះណាស់!»។ នូ ពេជ្រតា គណនេយ្យករក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុបានប្រាប់Sabay។
៤. ទុកនាងសំខាន់ជាងគេ
នៅចំពោះមុខមិត្តភ័ក្ដិ និង មនុស្សស្រីគួរតែសម្ដែងអាការៈ បែបណាដែលធ្វើឱ្យនាងគិតថា នាងជាមនុស្សស្រីសំខាន់។ ហ៊ានបដិសេធការដើរលេងជាមួយមិត្តភ័ក្ដិ ដើម្បីកំដរនាងដើរផ្សារ ឬធ្វើអ្វីផ្សេង។ កុំទុកនាងចោល និង យកចិត្តទុកដាក់ លើនាង ទោះជាខឹងក៏នាងនៅតែចិត្តទន់បាន បើមនុស្សប្រុសដែលនាងស្រឡាញ់ធ្វើបែបនេះ។ ទាំងនេះជាការលើកឡើងរបស់ កញ្ញា សាលី រីដា បុគ្គលិកនៃស្ថាប័នរដ្ឋមួយ។
៥. មិនប្រើហិង្សាឬជេរប្រមាថ
«វ៉ៃដំនិងជេរប្រមាថ ជាអំពើមួយដែលមនុស្សស្រីគ្រប់រូបរួមទាំងខ្ញុំស្អប់ ជាទីបំផុត!» ពីន ដាណេ និស្សិតទើបបញ្ចប់បរិញ្ញាបត្រ បានប្រាប់។
ចំណែកកញ្ញា ឌី ចាន់សីម៉ា វិញបានប្រាប់ថា «កុំថាឡើយគាត់ជេរ ឬវ៉ៃខ្ញុំ សូម្បីតែវ៉ៃឬជេរកូនក៏ខ្ញុំមិនចង់បានជាគូអនាគតដែរ តែបើវ៉ៃគ្នាដោយសារ ការពារខ្ញុំឬក៏អ្នកណាម្នាក់ពីមនុស្សអាក្រក់អី...បាន.. ឯរឿងជេរវិញគ្មានករណីលើកលែងទេ!»។
៦. យល់ពីនាងឱ្យបានច្រើន
បើនាងឈឺទៅទិញថ្នាំឱ្យនាង បើនាងពិបាកចិត្តត្រូវចេះលើកទៅចិត្តនាង បង្ហាញថាអ្នកត្រៀមខ្លួននៅក្បែរនាងគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះគួរតែដឹងថានាងចូលចិត្តអី មិនចូលចិត្តអី ព្រោះមនុស្សស្រីនឹងលួចញញឹម បើដឹងថាមនុស្សដែលនាងស្រឡាញ់ ដឹងចិត្តនាង។ នេះជាអារម្មណ៍របស់ កញ្ញា ហង់ សូដារីណា បុគ្គលិកធនាគារមួយរូប។
៧. ចេះការងារផ្ទះ
ក្រៅពីចេះរកលុយចូលផ្ទះហើយមនុស្សប្រុសគួរតែចេះការងារផ្ទះ មិនទាំងអស់ តែអាចធ្វើបានខ្លះ។ «ពេលរៀបការជាមួយគ្នារួចពួកយើងនឹងចេះចែករំលែក ការងារគ្នាធ្វើ ព្រោះសម្រាប់ខ្ញុំនឹងមនុស្សស្រីភាគច្រើន មិនសូវចេះធ្វើការងារផ្ទះអីណាស់ណាទេ ជាពិសេសរឿងធ្វើម្ហូបនេះហើយ ចឹងគួរតែចេះជួយភរិយា ធ្វើម្ហូបឬបោកខោអាវជាដើម » ថៅ ចាន់ទីណា និស្សិតឆ្នាំទីបីបានប្រាប់។
ទីណាក៏បានបន្ថែមថា មនុស្សប្រុសដែលជាគូអនាគតរបស់នារីគ្រប់គ្នាមិនគួរប្រកាន់ការងារប្រុសឬស្រីទេ ត្រូវចេះជួយគ្នាតិចឬច្រើន តាមដែលអាចធ្វើបាន ហើយវានឹងនាំមកនូវសុភមង្គល នារីៗមិនស្ដាយក្រោយឡើយបើ រកបានបុរសបែបនេះមកធ្វើជាគូអនាគត។
យ៉ាងម៉េចដែរប្រិយមិត្តបុរស មានចំណុចណាក្នុងនេះខ្លះដែរឬអត់? ចំណែកប្រិយមិត្តនារីវិញគិតដូចប្រភពទាំង៨រូបខាងលើដែរឬទេ?
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង