​អ្នក​គាំទ្រ​ខ្មែរ​​ស្មោះ​ម្នាក់​​ទៅ​ជួប​ Arsenal​ ​នៅ​សិង្ហបុរី ទី​បំផុត​បាន​ជួបកីឡាករ​​សំណព្វ​ចិត្ត​​ផ្ទាល់​​

  • 2015-07-17 18:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ តុង សុប្រាជ្ញ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​វិភាគ​សង្គម​ដ៏​ល្បី​ម្នាក់​នៅ​ប្រទេស​កម្ពុជា​​បាន​តស៊ូ​នាំ​ប្រពន្ធ​កូន​ទៅ​គាំទ្រ​ក្រុម​​កាំភ្លើង​ធំ​ Arsenal នៅ​ប្រទេស​សិង្ហបុរី​ ហើយ​នឹង​មាន​ឱកាស​ជួប​​កីឡាករ​សំណព្វ​ចិត្ត​របស់​ខ្លួន​ប្រចាំ​រដូវ​កាល​២០១៥-១៦​ដោយ​ផ្ទាល់​នា​រសៀល​ថ្ងៃ​នេះ​ និង​ជា​សមាជិក​ Arsenal ទី​មួយ​ដែល​លោក​បាន​ជួប។

 

លោក តុង សុប្រាជ្ញ នៅ​ប្រទេស​សិង្ហបុរី

កំពុង​នៅ​ប្រទេស​សិង្ហបុរី​ លោក តុង សុប្រាជ្ញ​ បាន​និយាយ​ថា វេលា​ម៉ោង​ប្រហែល​ជា​២​រសៀល​ថ្ងៃ​នេះ​ លោក​នឹង​បាន​ជួប​សមាជិក​ Arsenal ​លេខ​២៤​ Hector Bellerin។ លោក​ប្រាប់​ថា ៖«​រដូវ​កាល​២០១៥-១៦​នេះ​ ខ្ញុំ​ពេញ​ចិត្ត​ Bellerin ព្រោះ​ឃើញ​ចំណុច​ខ្លាំង​របស់​គាត់​៣​យ៉ាង។ ទី​១ គាត់​​ជា​កីឡាករ​វ័យ​ក្មេង​​ដែល​មាន​ល្បឿន​លឿន​បំផុត។ តាម​ព័ត៌មាន​អន្តរជាតិ​ចេញ​ថា​ ពេល​គាត់​ចាប់​ផ្តើម​​រត់​ម្តង​ៗ​លឿន​ណាស់​គឺ​កំណត់​ត្រា​ឈ្នះ​កំពូល​អ្នក​រត់​ប្រណាំង​លើ​លោក​​ Usain Bolt ទៀត តែ​​បើ​រត់​ពេញ​៦០​ឬ​១០០​ម៉ែត្រ​​គឺ​​អត់​ឈ្នះ​ Bolt ទេ​ គេ​និយាយ​តែ​ចេញ​ដេប៉ា​ដំបូង​រយៈ​ពេល​ខ្លី​។ មួយ​ទៀត​ ពេល​កាំភ្លើង​ធំ​ឈ្នះ​ Liverpool ៤-០ នៅ​លីក​​​ គេ​ធ្វើ​បាន​ល្អ​ណាស់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង ហើយ​ទី​៣​ពេល Arsenal លេង​នឹង​ Aston Villa​ វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup គឺ​​មាន​បាល់ដាច់​​មាត់​មួយ តែ Bellerin រត់​​ពី​ចម្ងាយ​ទៅ​ទាត់​បាល់​ចេញ​យ៉ាង​ល្អ​បំផុត»។​

 

ការ​ជួប​របស់​អ្នក​វិភាគ​សង្គម​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា​ជា​មួយ​សមាជិក Arsenal នេះ​​អាច​ចាត់​ទុក​ថា ​​ជា​រឿង​ចៃដន្យ​​មួយ។ នៅ​ពេល​​​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ ដែល​ជា Brand Ambassador របស់​ផលិត​ផល​​ Puma ទៅ​ជួប​ក្រុម​ Arsenal នៅ​សិង្ហបុរី លោក​ក៏​បាន​ជួប​នឹង​ប្រធាន​ក្រុម​ហ៊ុន Meta Sport។ លោក កុក កាន់រតនា ជា​ប្រធាន​ក្រុម​ហ៊ុន Meta Sport ដែល​នាំ​ចូល​ផ្តាច់​មុខ​ផលិតផល Puma មក​កម្ពុជា​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​​ពី​អ្នក​រៀប​ចំ​កម្មវិធី​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​​គឺ​លោក តុង សុប្រាជ្ញ បាន​ចូល​ជួប​ជា​មួយ​​កីឡាករ គួច សុកុម្ភៈ ពី​ព្រោះ​គាត់​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ និង​ជា​ប្រធាន​ក្រុម​អ្នក​គាំទ្រ Arsenal នៅ​កម្ពុជា។ ទី​បំផុតអ្នក​រៀប​ចំ​កម្មវិធី​បាន​អនុញ្ញាត ហើយ​សុបិន​របស់​លោក​​ក្លាយ​ជា​ការ​ពិត​ ប៉ុន្តែ​ភរិយា និង​កូន​របស់​លោក​មិន​បាន​ចូល​រួម​ជា​មួយ​ទេ។

 

លោក​បាន​​បញ្ជាក់​​ថា តាម​ពិត​ទៅ​លោក​​មិន​បាន​​រំពឹង​ថា នឹង​​​​​​​​​ជួប​​កីឡាករ​ណា​ម្នាក់​ផ្ទាល់​នោះ​ទេ​ ពី​ព្រោះ​លោក​​​នាំ​ប្រពន្ធ-កូន​មកទិញ​សំបុត្រ​ចូល​ទស្សនា​ធម្មតា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​បែរ​ជា​មាន​​សំណាង​​​ជួប​ផ្ទាល់​​នឹង​កីឡាករ​សំណព្វ​ចិត្ត​លេខ​២៤​ថែម​ទៀត។

 

លោក​រំលឹក​ថា​ បើ​និយាយ​ពី​កីឡាករ​សំណព្វ​ចិត្ត​វិញ រដូវ​កាល​២០១៣-១៤​ លោក​ចេញ​ចិត្ត​កីឡាករ​ Mesut Ozil ហើយ​រដូវ​កាល​២០១៤-១៥ លោក​ពេញ​ចិត្ត​ Sanchez។ ចូល​រដូវ​កាល​២០១៥-១៦​នេះ​លោក​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ Bellerin។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ឱកាស​ជួប​កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ ​ ប៉ុន្តែ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​បាន​ជួប​កីឡាករ​កំពូល​លើ​លោក​នៅ​ប្រទេស​អង់គ្លេស។ ​ឆ្នាំ​១៩៩៩ លោក​បាន​ជួប​កីឡាករ​បារាំង​ David Ginola ដែល​ពេល​នោះ​ជា​សមាជិក​របស់​ក្រុម​ Spurs។ បន្ទាប់​មក​លោក​បាន​ជួប​ Bellamy របស់​ Liverpool នៅ​លីឡដ្ឋាន​ Anfield របស់​ហង្សក្រហម​តែ​ម្តង​ក្នុង​ឆ្នាំ​២០០៦។

 

លោក តុង សុប្រាជ្ញ​បាន​នាំ​ប្រពន្ធ និង​កូន​ឡើង​យន្តហោះ​ទៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ដើម្បី​គាំទ្រ​ដល់​ក្រុម​ Arsenal ដែល​ធ្វើ​ដំណើរ​មក​ប្រកួត​ពាន​មិត្តភាព​នៅ​ប្រទេស​​សិង្ហបរី៕

លោក តុង សុប្រាជ្ញ និង​កីឡាករ Bellamy

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ សុប្រាជ្ញ