នេះ​ណែ!​ គួច​ សុកុម្ភៈ​ និយាយ​ពី​ការជួប​កីឡាករ​ Arsenal​ នៅ​សិង្ហបុរី​ ម្សិល​មិញ​

  • 2015-07-18 14:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​ក្រុម​ណាហ្គាវើល​ និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ គួច​ សុកុម្ភៈ​ បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ដែល​បាន​ជួប​កីឡាករ​ក្រុម​ Arsenal​ ផ្ទាល់​កាល​ពីម្សិល​​មិញ​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​នាម​ជា​ទូតសុឆន្ទៈ​ (Brand​ Ambassador)​ របស់​ផលិត​ផល​ Puma​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

 

 

គួច សុកុម្ភៈ និង​កីឡាករកាំភ្លើង​ធំ Monreal

 

គួច  សុកុម្ភៈ​ រួម​ជា​មួយ​លោក​ កុក​ កាន់រតនា​ ប្រធាន​ក្រុម​ហ៊ុន​ Meta​ Sport​ ដែល​នាំ​ចូល​ផលិត​ផល​ Puma​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​លោក​ តុង​ សុប្រាជ្ញ​ ជា​អ្នក​គាំទ្រ​ បាន​ចូល​ជួប​ផ្ទាល់​ជា​មួយ​កីឡាករ​ Arsenal​ ពីរ​នាក់​គឺ​លេខ​១៨​ Monreal​ និង​លេខ​២៤​ Bellerin​ នៅ​ហាង​ Puma​ ​នៅ​ផ្សារ​ទំនើបមួយ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​រសៀល​ ម្សិល​មិញ។

 

គួច​ សុកុម្ភៈ​ បាន​និយាយ​ថា​ ៖«ពេល​បាន​ជួប​ពួក​គាត់​ផ្ទាល់​ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ រំភើប​ខ្លាំង​មែន​ទែន។ យើង​បាន​ចាប់​ដៃ​គ្នា​ និយាយ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​យើង​អត់​បាន​និយាយ​អី​ច្រើន​ទេ​ ព្រោះ​មនុស្ស​ចោម​រោម​ច្រើន​​ពេក​នៅ​​ផ្សារ​ទំនើប​នោះ​ ពេល​វេលាក៏​តិច​​ ហើយ​​សន្តិសុខ​​តឹង​តែង​ខ្លាំង​​ អង្គរក្ស​តាម​ការពារ​កីឡាករ​រហូត»។

 

ទូត​សុឆន្ទៈ​របស់​ Puma​ ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​សង្ឃឹម​ថា​ លោក​នឹង​មាន​ឱកាស​បាន​ជួប​កីឡាករ​របស់​ក្រុម​ Arsenal​ និង​កីឡាករ​កំពូល​លើ​លោក​​ផ្សេង​ទៀត។

 

គួច សុកុម្ភៈ និង​លោក កុក កាន់រតនា ព្រម​ទាំង​លោក តុង សុប្រាជ្ញ

 

គួច សុកុម្ភៈ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ Meta Sport​ និង​ក្លិប​ណាហ្គាវើល​បញ្ជូន​ឲ្យ​ទៅ​ជួប​ផ្ទាល់​ក្រុម​កីឡាករ​កាំភ្លើង​ធំ​ក្នុង​នាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​ Puma​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​ពីរ​ឆ្នាំ។ ការ​បញ្ជូន​ទៅ​ជួប​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កីឡាករ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ និង​ខំ​ប្រឹង​ក្នុង​អាជីព​បាល់៕​

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ​​Puma