រឿងខ្លី "អំបោះ" ឆ្លុះបញ្ចាំងពីភាពផុយស្រួយនៃជីវិតកម្មការនីរោងចក្រកាត់ដេរ
- 2015-07-21 22:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងខ្លី "អំបោះ" ឆ្លុះបញ្ចាំងពីភាពផុយស្រួយនៃជីវិតកម្មការនីរោងចក្រកាត់ដេរ
ចន្លោះមិនឃើញ
"ជីវិតពួកគាត់គឺពឹងផ្អែកទាំងស្រុងជាមួយម៉ាស៊ីនដេរ និងអំបោះដេរបើកាលណាអំបោះជំពាក់វ័ណ្ឌគ្នាយើងមិនងាយស្រាយបានឡើយព្រោះវាមានសរសៃរតូច និងងាយដាច់ប្រៀបមកជីវីតកម្មការិនីរោងចក្រកាត់ដេរ គឺមានតម្លៃហាក់តូចដូចជាអំបោះដែលងាយរងគ្រោះ ងាយដាច់អីចឹង"។ យុវជន រិន សុក្រិត ថ្លែង។
យុវជន រិន សុក្រិត ជាអ្នកដឹកនាំ និងផលិត បានបន្តពាក់ព័ន្ធនឹងចំណងជើងនៅក្នុងរឿងអំបោះថា គឺបានឆ្លុះបញ្ចាំងពីភាពផុយស្រួយរបស់ជីវិតកម្មការនីរោងចក្រកាត់ដេរនិងជីវិតដ៏សោកសង្រេងកើតទុក្ខរបស់ពួកគេ។ហើយមិនអាចដោះស្រាយបានប្រៀបទៅនឹងមនុស្សម្នាក់ដែលព្យាយាមដោះស្រាយអំបោះជំពាក់គ្នានោះដែរ។ ទីបំផុតគឺមានតែយកអំបោះថ្មីមកជំនួស ឬក៏កាត់អំបោះនោះផ្តាច់តែម្តង។
រិន សុក្រិត ជាអ្នកនិពន្ធ និងដឹកនាំ រួមទាំងសម្ដែងផង
លើសពីនេះទៅទៀតរឿង"អំបោះ"នេះដែរ ជាក់ស្តែងគឺចង់បង្ហាញពីជីវភាពនៃការរស់នៅរបស់កម្មការនីដែលមានការជួបប្រទះនូវភាពខ្វះខាតនឹងបញ្ហាប្រឈមចំបងគឺទាក់ទងនឹងការបំពានផ្លូវភេទ។ សុក្រិត បន្ថែម។
ទៀតសោតក្នុងនោះព្រហ្មវិហារធម៌របស់លោកឪពុកអ្នកម្តាយនៅតែមានចំពោះកូនជានិច្ច។ មិនថាកូនជួបនូវបញ្ហាយ៉ាងណាក៏លោកទាំងពីរនៅតែមិនបោះបង់ចោលកូននោះឡើយ។ ម៉្យាងវិញទៀតចង់បង្ហាញពីទឹកចិត្តស្រលាញ់របស់អ្នកម្តាយដែលបានដឹងរឿងគ្រប់យ៉ាងរបស់កូនប៉ុន្តែនៅតែមិនដាច់ចិត្តបោះបង់ចោលកូននោះឡើយ។ អ្នកដឹកនាំខាងលើ បញ្ជាក់។
ពាក់ព័ន្ធនឹងការថតលោកប្រាប់ថារឿងនេះថតរយៈពេល៣ថ្ងៃដោយចំណាយថវិការអស់ប្រហែលជាង៥០០ដុល្លារហើយទាំងអ្នកផលិតអ្នកដឹកនាំនិងតួសម្តែងគឺមានប្រហែល១០នាក់ប៉ុណ្ណោះ។ចំពោះការថតគឺមានការលំបាកដោយសារតែទាំងអស់គ្នាគឺជានិស្សិតគួបផ្សំនឹងឧបករណ៍ក៏មិនសូវគ្រប់គ្រាន់។
យុវជន រិន សុក្រិត និស្សិតឆ្នាំទី៤នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដេប៉ាដឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍បានប្រាប់ដល់ Sabay ថារឿងនេះជាប្រភេទរឿងខ្នាតខ្លីដែលលោកបានព្យាយាមសម្រិតសម្រាំង ខ្លាំងជាទីបំផុតហើយវាក៏ជានិក្ខេបបទមួយបញ្ចប់ឆ្នាំសិក្សារបស់លោកផងដែរ។
អត្ថបទ៖ ថា ម៉ាលីដា