ឃុន វុត្ថា៖ ​ក្មេងៗ​កំព្រា​ទាំង​នោះធ្វើ​ឲ្យ​ខ្ញុំ​សឹង​តែ​ស្រក់​ទឹក​ភ្នែក​ បើ​ធៀប​​នឹងអតីតកាល​កម្សត់​ខ្ញុំ

  • 2015-07-27 18:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ជីវិត​ដែល​ធ្លាប់​​ហែល​ឆ្លង​កាត់​នឹង​ភាព​លំបាក​​តាំង​ពី​នៅ​តូច​ដល់​ពេល​ដែល​ឃើញ​ក្មេងៗ​កំព្រា​នៅ​អង្គការ​លោក​តា​ ហ៊្វុយ ហ្សូ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹក​អាណិត​ពួក​គាត់​ណាស់"។ ឃុន វុត្ថា ថ្លែង។

 

 

ឃុន វុត្ថា បាន​រំលឹក​ពី​អតីតកាល​ជាកូន​កំព្រា​ឪពុក​រស់​តស៊ូ​ជាមួយ​នឹង​អ្នកម្តាយ​យ៉ាង​វេទនា​។ តារាចម្រៀង​រូប​នេះ​​បន្តទៀត​ថា​លោក​ខ្វះ​ភាព​កក់​ក្តៅ​ត្រឹម​តែ​លោក​​ឪពុក​ចុះ​ទម្រាំ​ក្មេងៗទាំង​នោះ​កំព្រា​ទាំងម្តាយ​ឪពុក​​ដែលរស់​​នៅ​ក្នុង​អង្គការ​របស់​តារា​កំប្លែង​ជើង​ចាស់ លោកតា ហ្វ៊ុយ ហ្សូ​ មិន​ដឹង​ជា​ពួក​គេមាន​អារម្មណ៍​បែប​ណា?​

 

"ភាព​កម្សត់​ដែល​ខ្ញុំ​ធ្លាប់​បាន​ហែល​ឆ្លង​ខ្ញុំ​យល់​ថា​ក្មេងៗ​ទាំង​នោះ​​ច្បាស់​ជា​មិន​បាន​ទទួល​អ្វី​ដែល​គេ​ហៅ​ថា​ភាព​កក់​ក្តៅ​ពី​អ្នក​មាន​គុណ​ដូច​ក្មេង​ដទៃ​ទៀតឡើយ​។​ ខ្លួន​ខ្ញុំ​នៅ​មាន​ម្តាយ​ប៉ុន្តែ​ពួកគេ​ជាក្មេង​កំព្រា​គ្មាន​ទាំង​ម្តាយ​ និង​ឪពុក​ តើ​ពួក​គេ​ទាំង​នោះ​មាន​អារម្មណ៍​ថា​កណ្តោច​កណ្តែង​យ៉ាង​ណា​ទៅ​?” វុត្ថា និយាយ​។

 

 

 

អតីត​បេក្ខភាព ​The Voice Cambodia រូបនេះ​បាន​និយាយ​ថា ​រូប​លោក​មិន​មែន​ជា​អ្នក​មាន​ជីវភាព​​ធូរ​ធារ​អី​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​លោក​​មាន​ឆន្ទៈ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ចំណែក​ជា​អ្នក​ជួយ​ដល់​ក្មេង​កំព្រា​នៅ​ក្នុង​អង្គការ​លោក​តា​ ហ្វ៊ុយ ហ្សូ។

 

តារា​ចម្រៀង​រូប​នេះ​ បាន​ពោលទៀត​​ថា ​ការ​ងារ​មនុស្ស​ធម៌​នេះ​ ជា​ទឹក​ចិត្ត​​​ដ៏​ពិត​ប្រាកដ​ទោះ​មាន​អ្នក​ណា​ថា​ការ​ធ្វើ​របស់​លោក​ជា​ការ​សម្តែង​ក៏​ដោយ​ទាំង​នោះ​គឺ​ជា​ការលើក​ឡើង​របស់​ពួក​គេ​សំខាន់​អ្វី​ដែល​ លោក​កំពុង​តែ​ធ្វើ​ គឺ​ស្តែង​ចេញ​ពី​ទឹក​ចិត្ត​ស្រលាញ់​ និង​អាណិត​ដ៏​ធំធេង​ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​។ ​  

ទន្ទឹម​នឹង​នោះ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ ឃុន វុត្ថា បាន​ប្រាប់​ថា​ លោក​ជាមួយ​​​​អង្គការ​លោក​តា​ ហ៊្វុយ ហ្សូ​​ គ្រោង​នឹង​ធ្វើ​ការ​លក់​សំបុត្រ​ចូល​ទស្ស​នា​​ការ​សម្តែង​របស់​អង្គការ​​ដើម្បី​ប្រមូល​ថវិកា​ជួយ​ទៅ​ដល់​ក្មេង​កំព្រា​​។ សកម្មភាព​​នោះ​ ​​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចម្រៀងផលិត​កម្ម​ហង្សមាស​គឺ​លោក​ ឆន​ សុវណ្ណរាជ​ ផងដែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា

 

រូបថត៖ ឃុន វុត្ថា