ខៀវ កាញារីទ្ធ ស្នើ​ឱ្យ​អ្នក​ម៉ូតូ​ឌុប​មាន​មួក​ការពារ​សម្រាប់​អ្នក​ដំណើរ

  • 2015-07-31 17:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​ទាំងអស់​ មាន​មួក​ការពារ​សម្រាប់​ភ្ញៀវ​របស់​ខ្លួន ក្នុង​គោល​បំណង​កាត់​បន្ថយ​អត្រា​មរណៈ ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

 

 ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន 

 

 

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែង​​ប្រាប់​អ្នកកាសែត ក្នុង​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន​ស្ដី​ពី “រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា” កាល​ពី​ថ្ងៃទី ១៥ ខែកក្ដដា ថា "អ្នក​ជិះ​ម៉ូតូ​ សំខាន់ត្រូវ​ចេះ​ជំរុញ​​អ្នក​ជិះ​ក្រោយ ឱ្យ​គាត់​ពាក់​មួក ដើម្បី​​ធានា​បាន​សុវត្ថិភាព។ យើង​នឹង​គិតគូរ​ដល់​អ្នក​មិន​មាន​លទ្ធភាព​ទិញ​មួក ​ធ្វើ​យ៉ាងណា​យើង​នឹង​រក​អ្វី ​សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ទិញ"។

 

ដោយ​មើល​ឃើញ​ថា អ្នក​កាន់​ដៃ​ចង្កូតនៅមិន​ទាន់​យល់ដឹង​ពី​គុណ​សម្បត្តិ នៃ​មួក​ការពារ និង​ ច្បាប់​ផាក​ពិន័យ ឯកឧត្ដម​​​លើកឡើង​​ថា ពេល​ផាក​ពិន័យ គឺ​គេ​ផាក​លើ​អ្នក​កាច់​ចង្កូត មិន​មែន​អ្នក​ជិះ​ខាងក្រោយ​ទេ ដោយ​មិន​ប្រកាន់​​ថា​ អ្នកនោះ​​ឯងជា​អ្នក​អ្នក​ម៉ូតូ​ឌុប ឬ​អ្នកបើក​ម៉ូតូ​ធម្មតា​ឡើយ។

 

បន្ថែម​លើ​នេះ លោក​​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​រត់​ម៉ូតូ​ឌុប មាន​មួក​សម្រាប់​ខ្លួន​ឯងផង និង​អ្នកដំណើរផង ហើយ​លោក​ក៏​ស្នើ​សុំ​ឱ្យ​ស្ថាប័ន ឬ​ អង្គការ​ពាក់ព័ន្ធ​នានារួមទាំង អង្គការ AIP Foundation ដើម្បី​ជួយ​ដល់​អ្នកដែល​​គ្មាន​លទ្ធភាព​ទិញ​ផង​ដែរ។ ​

 

 លោក គឹម បញ្ញា

 

 

ជុំវិញ​បញ្ហា​នេះ​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ប្រចាំ​នៅ​កម្ពុជា (AIP) ដែល​តែង​ចូលរួម​បំផុស​ចំណេះដឹង​​លើ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ និង ​តែងចូល​រួម​ចែក​មួក​សុវត្ថិភាព​ដល់​ពលរដ្ឋ​ខ្មែរ ប្រាប់​ថា ​បច្ចុប្បន្ន​អង្គការ​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​នានា ដែល​កំពុង​អនុវត្ត​ការងារ​ សុវត្ថិភាព​ចរាចរណ៍ ក៏​ដូចជា​វិស័យ​ឯកជន ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​បញ្ហា​នេះផងដែរ​។

 

លោក​ថាវា​លំបាក​បន្តិច ព្រោះ​ថា​ថវិកា​របស់​ពួកគេ រួម​ទាំង​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ត្រូវ​បាន​គ្រោង​សម្រាប់​សកម្មភាព និង ​គម្រោង​ពាក់ព័ន្ធ​ តាម​ការ​ព្រមព្រៀង​ជាមួយ​ម្ចាស់​អំណោយ និង ​អ្នក​ឧបត្ថម្ភ​រួច​ទៅ​ហើយ។ ចំពោះ​វិស័យ​ឯកជន​ក៏​ដូចគ្នា ភាគ​ច្រើន​ថវិកា​របស់​ពួកគេ គឺ​គ្រោង​សម្រាប់​ការងារ​សង្គម​ប្រចាំ​ឆ្នាំ​នីមួយៗ ត្រូវ​បាន​ប្រើប្រាស់ បែងចែក​លើ​គម្រោង ឬ​ គំនិត​ផ្ដួចផ្ដើម​នានា ​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។

 

ទោះជា​យ៉ាងណាលោក​ បញ្ញា បន្ថែម​ថា "អង្គការ​នឹង​អាច​ស្វែងរក​ដៃគូ​គាំទ្រ​ និង​ ឧបត្ថម្ភ​លើ​ការងារ​នេះ​ ក្នុង​ពេល​សមស្រប​ណាមួយ ​នា​ពេល​​ខាង​មុខ​ជាក់​ជាមិនខាន"។

 

ក្នុង​របាយការណ៍ ​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​មក​ពី​​របាយការណ៍​បណ្តោះ​អាសន្ន​ របស់​រដ្ឋាភិបាល​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៤ ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួនសរុប ២ ២២៦ នាក់ ក្នុង​នោះមាន ១៦១៤ នាក់​ជា​អ្នក​ជិះ​ម៉ូតូ។ ​របាយការណ៍​បង្ហាញ​ទៀត​ថា ចំណោម​អ្នកជិះម៉ូតូ មានតែ ១២% ប៉ុណ្ណោះ ដែលបាន​​​ពាក់​មួក​សុវត្ថិភាពការពារ​ក្បាល។ ("មួកសុវត្ថិភាព​មួយ ជួយជីវិត​បាន​ម្នាក់")

 

 

 

 

 

ចុចអាន៖ យ៉ាន់ ប៉ិច៖ «ប្ដី​ខ្ញុំសឹង​ក្លាយ​ជា​ក្មេង​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍»

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម