យ៉ាន់ ប៉ិច៖ «ប្ដី​ខ្ញុំសឹង​ក្លាយ​ជា​ក្មេង​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍»

  • 2015-07-29 15:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឱ្យ​បុរស​កូន​បី​មួយ​រូប​ក្លាយ​ជា​មនុស្ស​ថ្មី។ អ្នក​ស្រី យ៉ាន់ ប៉ិច ​ប្រាប់​ថា៖ «​ប្ដី​ខ្ញុំសឹង​ក្លាយ​ជា​ក្មេង​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍»។

 

អ្នក​ស្រី យ៉ាន់ ប៉ិច មាន​ស្វាមី​ឈ្មោះ វ៉ន វ៉ាន ហើយ​បច្ចុប្បន្ន​ជាប្រជាពលរដ្ឋ​កំពុង​រស់​នៅ ​ភូមិ​ទំពាំង​ឫស្សី ឃុំ​សំរោង ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម។

 

 

កាល​ពី​ថ្ងៃ​ទី ​២០ ខែ​មេសា ឆ្នាំ​២០១៥ លោក វ៉ន វ៉ាន បាន​ជិះ​ម៉ូតូ​ម៉ាក​គុបជ្រុង​​ទាំង​ស្រវឹង និង​មិន​ពាក់​មួក ទៅបុក​បង្គោល​ស៊ីម៉ងត៍ ជង់​ចម្រឹង​ដែក​​មួយ ត្រង់​តំបន់​គល់​ភ្នែក​ និង​​​ក្បាល នៅ​ចន្លោះ​ភូមិ​ទំពាំង​ឫស្សី និង​ភូមិ​ស្វាយព្រៃ ក្រោយ​ត្រឡប់​មក​ពី​ពិធី​ឡើងផ្ទះ​របស់​សាច់ញាតិ ដែល​ហេតុការណ៍​នេះ ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

 

អ្នក​ស្រី យ៉ាន់ ប៉ិច ​បញ្ជាក់​​ថា៖ «កាល​នោះ​ខ្ញុំ​អត់​បាន​ទៅ​កន្លែង​កើតហេតុ​ទេ ព្រោះ​គ្រាន់​តែ​ឮ​ខ្ញុំ​ទន់​ដៃ​ទន់​ជើង ដួល​សន្លប់​តែ​ម្ដង។ បងប្អូន​ថា យូរដែរ​ទម្រាំពេទ្យដក​គាត់​ពី​ដែក​នោះ​បាន ហើយបើ​និយាយ​ពី​ឈាមវិញ ​មិន​បាច់​និយាយ»។

 

ក្រោយ​មកក្រុមគ្រូពេទ្យ​ខាង​មន្ទីរពេទ្យ​ស្គន់ បាន​បញ្ជូន​លោក វ៉ន វ៉ាន មក​មន្ទីរពេទ្យ​រុស្សី។ ​​អ្នក​ប្រកប​របរ​កាត់ដេរ បន្តិចបន្តួច​តាម​ផ្ទះ​យ៉ាន់ ប៉ិច រៀបរាប់​ពី​ទុក្ខ​លំបាក​ថា ​គ្មាន​លទ្ធភាព​ឡើយ តែ​សំណាងល្អ​​អ្នកស្រីមាន​ប័ណ្ណក្រីក្រ ហើយមាន​អង្គការ​​មួយ​ ជួយ​ចេញ​ថ្លៃ​​វះកាត់ និង ​ព្យាបាល​កាល​គ្រា​នោះ តែ​សព្វ​ថ្ងៃ​ស្ត្រី​កូន​បី​​កំពុង​ជួប​ការ​លំបាក ព្រោះ​ត្រូវ​រ៉ាប់រង​​​បន្ទុក​គ្រួសារ​​ទាំងស្រុង។

 

ប៉ិច ​ដែល​ក្លាយ​ជា​មេ​គ្រួសារ​​បញ្ជាក់​ថា ប្ដី​របស់​អ្នកស្រី​ប្រៀបដូចជាកូន​ក្មេង​ មិន​ដឹងអ្វី​ម្នាក់​អ៊ីចឹង ក្រោយ​ត្រឡប់​មក​ពី​សម្រាក​ព្យាបាល​ពី​មន្ទីរ​ពេទ្យ​រុស្សីវិញ។

 

«​ក្រ​ហើយ ប្ដី​ឈឺ​ទៀត! ហ៊ឺម...ពី​មុន​បាន​គាត់​ជួយ ​លី​ស្រូវ ធ្វើ​ការ​រក​លុយ​ចិញ្ចឹម​គ្រួសារ។ ​គាត់​ដូច​កូន​ក្មេង​អ៊ីចឹង ក្រោយ​វះកាត់។ គាត់​អត់​ចាំ​អី​បាន​ទាំងអស់ ជួនកាល​អត់​ស្គាល់​ខ្ញុំ​ផង។ ពេល​ណា​យើង​អត់​នៅផ្ទះ គាត់​ដើរ​ទៅ​ព្រៃ​ក្រោម​ ឬ​ទៅ​មាត់​ស្រះតែ​ឯង ដល់​ពេល​ដឹង​ខ្លួន​ ទើប​គាត់​ដើរ​មក​ផ្ទះ​វិញ» អ្នកស្រីប្រាប់។

ទោះបី​ជា​យ៉ាង​ណា ក្នុង​រយៈពេល ​២​ ខែ​ចុងក្រោយ​នេះ ជំងឺ​​របស់​លោក វ៉ាន មាន​សភាព​ធូរស្រាល​គ្រាន់​បើ​ច្រើន​ ដោយ​លោក​ចេះ​ដឹង ស្គាល់​បងប្អូន និង​ អាច​ធ្វើការ​បាន​បន្តិចបន្តួច ដូចជាដាំបាយ កាប់​អុស​ជាដើម។

​ អ្នកស្រី ប៉ិច បន្ថែម​ថា អ្នកស្រី​មាន​ចិត្ត​សប្បាយ​រីករាយខ្លាំងណាស់ បន្ទាប់​ឃើញ​អាការៈប្ដី​ធូរស្រាល​ឡើង​វិញ ៖«បងអរមែនទែន បាន​គាត់​ស្គាល់​កូន​ស្គាល់​ចៅ​​ណា​អូន ពេល​វះកាត់​ហ្នឹង ពេទ្យ​​អត់​ហ៊ាន​ធានា​ថា ប៉ះពាល់ ឬ​មិន​ប៉ះ​ពាល់​ក្បាល​ទេ តែ​ឥលូវ​ឃើញ​ថា​ដឹង​ច្រើន​ហើយ»។

 

ក្នុង​ជំនួប​ជាមួយ Sabay ​អ្នកស្រី​បាន​ផ្ដែផ្ដាំ​ទៅ​កាន់​បងប្អូន​ខ្មែរ​ទាំង​អស់​ថា សូម​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​បើ​ផឹក​ស្រា​កុំ​បើកបរ ឬ​ត្រូវ​ពាក់​មួក​សុវត្ថិភាពឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ដែលនាំ​ខាតបង់​​ដល់​គ្រួសារ​ខ្លួន គ្រួសារ​អ្នកដទៃ និង​សង្គម​ជាតិ។

 

ក្រើន​រំលឹក​​ថា បើយោងតាម​របាយកាណ៍បណ្ដោះអាសន្ន របស់​រដ្ឋាភិបាល គ្រោះ​ថ្នាក់​ចរាចរណ៍​ ​បាន​សម្លាប់​មនុស្ស​​ជា​​មធ្យម​​ជាង​​ ៦ នាក់​ និង ​របួសធ្ងន់ជិត ១៧ នាក់ក្នុង ១ ថ្ងៃ និង​ មាន​ចំនួន​អ្នកស្លាប់​សរុប ២ ២២៦ នាក់កាល​ពី​ឆ្នាំ ២០១៤៕

 

ចុចអាន៖ ឯកឧត្ដម ខៀវ កាញារីទ្ធ បង្ហាញ​​អនុសាសន៍​ ៦​ ចំណុចសំខាន់ៗ ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ចុចអាន៖ នគរបាល​នឹង​ពង្រាយ​កម្លាំង​​ត្រួតពិនិត្យ​ទ្រង់ទ្រាយ​ធំ​​នៅ​ផ្លូវ​សំខាន់​ៗចំនួន​ ៤

អត្ថបទ៖ អ៊ុំ សុភក្តិ