គួរឲ្យស្តាយ កីឡាការិនីកម្ពស់ខ្ពស់ ស៊ន ដាវីន លាឈប់ពីជម្រើសជាតិ
- 2015-08-05 17:50:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្តាយ កីឡាការិនីកម្ពស់ខ្ពស់ ស៊ន ដាវីន លាឈប់ពីជម្រើសជាតិ
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន ដាវីន បានដាក់ពាក្យលាឈប់ទៅខេមរៈសហព័ន្ធតេក្វាន់ដូដើម្បីលាឈប់ពីជម្រើសជាតិកម្ពុជា បន្ទាប់ពីមិនទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិកន្លងមក។
ស៊ន ដាវីន បានសរសេរលិខិតលាឈប់មួយច្បាប់ដែលបានផ្ញើទៅខេមរៈសហព័ន្ធតេក្វាន់ដូដើម្បីផ្តល់ដំណឹង និងលាឈប់ពីជម្រើសជាតិ ពោលគឺបន្ទាប់ពីកីឡាការិនីជម្រើសជាតិរូបនេះបានវិលត្រឡប់មកពីការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។ ខេមរៈសហព័ន្ធតេក្វាន់ដូក៏បានផ្តល់ដំណឹងនេះទៅដល់ក្រសួងអប់រំ យុវជន និងកីឡាដែរ។
ប្រហែលជា៣ឆ្នាំចុងក្រោយនេះ ស៊ន ដាវីន មិនទទួលបានលទ្ធផលល្អពីការប្រកួតលក្ខណៈអន្តរជាតិឡើយ។ កីឡាការិនីរូបនេះបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៣នៅប្រទេសមីយ៉ាន់ម៉ា។
បន្ទាប់ពីបានរៀបការជាមួយអ្នកប្រដាល់ វ៉ន វីវ៉ា ហើយ កីឡាការិនីកម្ពស់ខ្ពស់រូបនេះកាន់តែមានអារម្មណ៍នឿយណាយចំពោះអាជីពកីឡា។ ក្រោយពេលប្រកួតនៅប្រទេសខាងត្បូងកាលពីពេលថ្មីៗនេះ ដាវីន បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា ខ្មាសប្រទេសកំណើតខ្លួនឯងណាស់ នេះមិនមែនជាការប្រកួតយកបទពិសោធន៍ទៀតទេ គឺការដណ្ដើមយកមេដាយ ប៉ុន្តែខ្ញុំធ្វើមិនបាន ខ្ញុំចាញ់ហើយបងប្អូន ខ្ញុំគ្មានសមត្ថភាពទេ (ជាមួយម្ចាស់ផ្ទះកូរ៉េពិន្ទុ15ទល់នឹង9) សុំទោសផង»។
ក្នុងអាជីពកីឡាតេក្វាន់ដូ ស៊ន ដាវីន បានចាប់ផ្តើមហ្វឹកហាត់កីឡាតេក្វាន់ដូក្លឺបអូឡាំពិកក្នុង ឆ្នាំ២០០៦ ហើយបានជាប់ជាកីឡាការិនី ជម្រើសជាតិឆ្នាំ២០០៧។ កីឡាការិនីរូបនេះជាអតីតសិស្សវិទ្យាល័យឫស្សីកែវ និងបញ្ចប់ការសិក្សាមធ្យមសិក្សា ទុតិយភូមិ២០១១។ បន្ទាប់មក ដាវីនបានប្រឡងជាប់ជាគ្រូកីឡា ហើយបញ្ចប់ការសិក្សាផ្នែកគ្រូកីឡានៅវិទ្យាស្ថានជាតិអប់រំកាលពី ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ។
សង្ខេបការប្រកួត និងលទ្ធផល -ឆ្នាំ២០០៧ ប្រកួត KOREAN OPEN នៅទីក្រុង សេអ៊ូល ទទួលបានមេដាយមាស១ -ឆ្នាំ២០០៨ ប្រកួត KOREAN OPEN ទទួលបានមេដាយប្រាក់១ -ឆ្នាំ២០០៩ ប្រកួត ASEAN CHAMPIONSHIPS VIETNAM ទទួលបានមេដាយសំរឹទ្ធិ១ -ឆ្នាំ២០១០ ប្រកួត KOREAN OPEN ទទួលបានមេដាយមាស១ និងប្រាក់១ -ឆ្នាំ២០១០ ចូលរួមប្រកួតកីឡា ASEAN Games ពុំទទួលបានលទ្ធផល -ឆ្នាំ ២០១១ ប្រកួត ASEAN CHAMPIONSHIPS នៅកម្ពុជាទទួលបានមេដាយមាស១ -ឆ្នាំ ២០១១ ប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់១ -ឆ្នាំ២០១១ ចូលរួមប្រកួតព្រឹត្តិការណ៍វគ្គជម្រុះ សម្រាប់កីឡាអូឡាំពិកនៅប្រទេសថៃ ទទួលបានចំណាត់ថ្នាក់លេខ៤ ហើយត្រូវបានទទួលសិទ្ធិដែលហៅថា Wild Card ទៅចូលរួមប្រកួតកីឡាអូឡាំពិកលើកទី៣០ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ -ឆ្នាំ ២០១៣ ប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយប្រាក់១
អត្ថបទ៖ ជាន ចាន់រ៉ា