គន្លឹះចងចាំមេរៀនប្រវត្តិវិទ្យា និង ជីវវិទ្យា
- 2015-08-07 21:27:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះចងចាំមេរៀនប្រវត្តិវិទ្យា និង ជីវវិទ្យា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងអប់រំបានចេញលិខិតមួយជម្រាបដល់មន្ទីរអប់រំគ្រប់ខេត្ត-ក្រុង ពីវិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៤-សីហា-២០១៥ ដោយក្រសួងបានកំណត់យកមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង មុខវិជ្ជាជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម។
ថ្ងៃនេះ Sabay បានជួបជាមួយលោកគ្រូ ស៊ុន ផុន បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៅវិទ្យាល័យ ហ៊ុន សែនឈូក ហើយបច្ចុប្បន្ន គាត់កំពុងបង្រៀនគួរប្រវត្តិវិទ្យាដែរនោះ បានលើកឡើងថា ក្រោយពីក្រសួងបានជ្រើសមុខប្រវត្តិសម្រាប់ការប្រឡងមក លោកគ្រូ មានសិស្សមករៀនគួរបន្ថែមច្រើនជាងមុនពាក់កណ្តាល តែមិនច្រើនណាស់ណាទេ ព្រោះថា សិស្សដែលរៀនថ្នាក់សង្គម ពុំសូវមានច្រើន។ជាក់ស្តែងក្នុងវិទ្យាល័យហ៊ុន សែនឈូក មានថ្នាក់សង្គមតែ ១ ថ្នាក់ទេ ក្នុងចំណោម ៩ថ្នាក់។
“ឆ្នាំនេះក្រសួងនៅតែរឹតបណ្តឹងការប្រឡងដដែលមិនមានបន្ធូរបន្ថយទេ ហើយក៏គ្មានការប្រឡងលើកទី២ ទៀតដែរ អញ្ចឹងហើយសិស្សត្រូវតែខិតខំរៀនឲ្យមែនទែន ដូចប្រសាសន៍លោករដ្ឋមន្រ្តីនិយាយថា អ្នកចេះ គឺ ជាប់”។ លោក គ្រូ ស៊ុន ផុន និយាយ។
លោកគ្រូ ស៊ុន ផុន កំពុងបង្រៀនសិស្ស
ឆ្លើយតបនឹងសំណើរបស់ភ្នាក់ងារ Sabay ដែលឲ្យលោកគ្រូផ្ដល់ជាគន្លឹះរៀនប្រវត្តិវិទ្យាឲ្យឆាប់ចេះ ងាយយល់នោះ លោកគ្រូ បានប្រាប់ដូចខាងក្រោមនេះ៖
១.បង្កើនការអានឲ្យបានច្រើន៖ នៅពេលអានអត្ថបទមេរៀន សិស្សត្រូវរៀនបង្កើតសំណួរក្នុងមេរៀន ឫ ចំណុចដែលរៀននោះ ថា ចំណុចនេះគេចង់បង្ហាញពីអ្វី?
២.កត់ត្រា៖ ពេលអានមេរៀន ត្រូវចេះកត់ត្រាចំណុចសំខាន់ៗ នៃមេរៀន ព្រោះយើងមិនអាចចងចាំមេរៀនបានទាំងអស់នោះទេ។
៣.យកចិត្តទុកដាក់ស្តាប់គ្រូពេលគាត់ពន្យល់ និង កត់ចំណាំនូវអ្វីដែលគាត់បាននិយាយ។
៤.រៀនខ្លួនឯងបន្ថែម៖ ចំណុចសំខាន់ទោះមុខវិជ្ជាណាក៏ដោយ មិនថា តែប្រវត្តិវិទ្យាទេ គឺ ត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ដូចជា ត្រូវអានមេរៀន រៀនធ្វើលំហាត់ឲ្យបានច្រើន។
សម្បុរស មានកម្ពស់ខ្ពស់ រាងស្គមបន្តិច និង និយាយញាប់ៗ គឺ លោកគ្រូ ណុប អូននាង ជាគ្រូបង្រៀនថ្នាក់ទី ១២ មុខវិជ្ជាជីវវិទ្យាមានប្រសាសន៍ប្រាប់ពី គន្លឹះដើម្បីចងចាំមេរៀន ឫ ចំណុចសំខាន់ៗក្នុងមេរៀន នោះអ្នកត្រូវ៖
១.ចាំចំណងជើងមេរៀនៈ មេរៀននិយាយពីអ្វី
២.អានមាតិកា (ចំណងជើងរងតូចៗ) ក្នុងមេរៀនៈ អានរូច ក្តោបន័យសំខាន់ៗ
៣.មើលរូបភាព បើមិនយល់មេរៀនៈ ក្នុងមេរៀនតែងមានរូបភាព អាចតិច ឫ ច្រើន ហើយរូបភាពទាំងនោះ វាបង្ហាញអត្ថន័យត្រង់ចំណុចនោះដែរ។
“គន្លឹះនេះ គឺអាចយកទៅប្រើប្រាស់ក្នុងមុខវិជ្ជាមេរៀនផ្សេងៗបានផងដែរ ក្រៅពីជីវៈវិទ្យា។ ចំពោះការធ្វើលំហាត់វិញ តម្រូវឲ្យប្អូនៗយល់មេរៀន ដែលទាក់ទងនឹងលំហាត់នោះជាមុនសិន ហើយព្យាយាមធ្វើលំហាត់ ដែលមានរបៀបដោះស្រាយស្រដៀងៗគ្នាៗឲ្យបានច្រើន ព្រោះថា លំហាត់ក្នុងជីវៈវិទ្យា គឺ ស្រដៀងៗគ្នា មិនសូវជាខុសគ្នាប៉ុន្មានទេ” ។ នេះជាការបង្ហើបប្រាប់របស់លោកគ្រូ អូននាង៕
ចង់ដឹងព័ត៌មានច្រើនទៀតពីការប្រលងបាក់ឌុបឆ្នាំ ២០១៥ ចុចត្រង់នេះ
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 5678 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឡុច គីមសាយ រូបថត៖ ទូរសព្ទដៃ