៤ យប់ ៥ ថ្ងៃ ស្វែងយល់ពីសក្ដានុពលទេសចរនៅប្រទេសកូរ៉េ
- 2015-08-11 19:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យប់ ៥ ថ្ងៃ ស្វែងយល់ពីសក្ដានុពលទេសចរនៅប្រទេសកូរ៉េ
ចន្លោះមិនឃើញ
ទីភ្នាក់ងារទេសចរកម្ពុជាមួយក្រុមរួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកដែលសរុបមានគ្នាជាង ១៥ នាក់ បានទទួលការអញ្ជើញដើម្បីធ្វើដំណើរទេសចរសិក្សាស្វែងយល់ពីសក្ដានុពលទេសចររបស់ប្រទេសកូរ៉េ។ ដំណើរកម្សាន្តដែលមានរយៈពេល ៤ យប់ ៥ ថ្ងៃនេះ រៀបចំឡើងដោយក្រុមហ៊ុនអាកាសចរ Asiana និងមានការសហការពីទីភ្នាក់ងារទេសចរកូរ៉េ KTO។
ក្នុងដំណើរទេសចរកម្សាន្តនេះ ក្រុមទីភ្នាក់ងារទេសចរកម្ពុជានិងអ្នកសារព័ត៌មានកម្ពុជាបានធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានទេសចរល្បីៗនៅប្រទេសកូរ៉េតាំងពីទីក្រុង Seoul ដល់ទីក្រុង Busan។
ក្រុមទេសចរបានទៅទស្សនាទីក្រុងវប្បធម៌ Paju ដែលមានទីតាំងស្ថិតនៅភាគខាងជើងឈៀងខាងលិចទីក្រុង Seoul ក៏ដូចជាបានទៅទស្សនាតំបន់ដ៏រសើប DMZ ដែលខណ្ឌចែកទឹកដីរវាងប្រទេសកូរ៉េខាងត្បូងនិងខាងជើងជាតំបន់ដែលមានការការពារនិងប្រឈមមុខខ្លាំងបំផុតក្នុងពិភពលោក។ នៅទីនោះ ក្រុមអ្នកធ្វើដំណើរបានចូលទៅទស្សនារូងសម្ងាត់ក្រោមដីជម្រៅរាប់សិបម៉ែត្រ ក៏ដូចជាទស្សនាស្ថានីយរថភ្លើងដែលភ្ជាប់ពីកូរ៉េខាងត្បូងនិងកូរ៉េខាងជើង និងតំបន់ប្រវត្តិសាស្ត្រមួយចំនួនទៀត។
បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនិងទេសចរមួយចំនួន ក្រុមអ្នកធ្វើដំណើរក៏បានទៅទស្សនានៅ OneMount ជាកន្លែងកម្សាន្តដ៏ពេញនិយមនិងល្បីបំផុតមួយនៅលើពិភពលោក ដែលមានកន្លែងជិះស្គីលើទឹកកក សួនទឹក និងហាងលក់ទំនិញជាច្រើន។
នៅថ្ងៃទីពីរក្រុមអ្នកចូលរួមដំណើរកម្សាន្តក៏បានចាកចេញពីទីក្រុង Seoul ឆ្ពោះទៅទីក្រុងកំពង់ផែ Busan ដែលជាទីក្រុងធំជាងគេលំដាប់ទីពីររបស់កូរ៉េខាងត្បូង តាមរថភ្លើងល្បឿនលឿន KTX។ ការធ្វើដំណើរតាមរថភ្លើងដែលបានចំណាយពេលជាង ៣ ម៉ោង បានធ្វើឲ្យអ្នកធ្វើដំណើរអាចគយគន់សម្រស់ទេសភាពដ៏ស្រស់ត្រកាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េនៅតាមទីជនបទស្រុកស្រែចម្ការ។
នៅទីក្រុង Busan ក្រុមអ្នកទេសចរកម្ពុជាបានទៅកម្សាន្តនៅឆ្នេរ Haeundae ជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយ និងទៅស្វែងយល់ពីភូមិវប្បធម៌ Gamcheon Culture Village ដែលមានផ្ទះបុរាណៗជាច្រើនត្រូវបានសាង់សង់នៅតាមចង្កេះភ្នំនិងត្រូវបានអភិរក្សដើម្បីបម្រើវិស័យទេសចរ។ ជាមួយគ្នានេះក៏បានទស្សនាផ្សារលក់អាហារសមុទ្រស្រស់ៗនៅ Jalgachi Market និង Kukje Market និងទស្សនាតំបន់ទេសចរទើបបង្កើតថ្មី Oryudo Skywalk ដើម្បីលម្ហែរអារម្មណ៍និងបានគយគន់មហាសមុទ្រដ៏ធំល្វឹងល្វើយ និងបទពិសោធន៍ការដើរលើស្ពានកញ្ចក់លើវេហាស៍ដ៏ព្រឺព្រួច។
នៅទីក្រុង Busan អ្នកធ្វើដំណើរក៏បានទៅទស្សនាព្រះវិហារព្រះពុទ្ធសាសនា Yonggungsa ដែលមានទីតាំងនៅលើឆ្នេរភាគឦសាននៃទីក្រុង Busan។ Yonggungsa ជាព្រះវិហារព្រះពុទ្ធដ៏កម្រមួយដែលត្រូវបានសាងសង់ឡើងនៅតាមបណ្ដោយបន្ទាត់ឆ្នេរសមុទ្រ ដែលខុសប្លែកពីព្រះវិហារភាគច្រើនបំផុតនៅក្នុងប្រទេសកូរ៉េដែលត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំ។
នៅទីក្រុង Seoul ក្រុមអ្នកធ្វើដំណើរក៏បានទៅទស្សនាសួនឧទ្យាន Namsan Park និងប៉ម Nansan Tower។ Namsan Park ជាឧទ្យានដ៏ធំបំផុតនៅក្នុងទីក្រុង Seoul ដែលគ្របដណ្តប់តំបន់ដ៏ធំនិងមានផ្លូវដើរដ៏ស្រស់ស្អាតជាមួយសម្រស់ធម្មជាតិដ៏សែនមនោរម្យ។ ឧទ្យាននេះមានកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរដូចជាខ្សែរថខ្សែកាប និងប៉ម Namsan ដែលអាចសម្លឹងមើលសម្រស់ទីក្រុង Seoul ដ៏ស្រស់ឆើត។
ក្នុងដំណើរទេសចរមកប្រទេសកូរ៉េ ក្រុមអ្នកចូលរួមដំណើរកម្សាន្តរបស់កម្ពុជាក៏ត្រូវបានជូនទៅទស្សនាតំបន់ Myeong Dong Down Town Street ដែលជាតំបន់ដែលសំបូរហាងលក់ទំនិញដ៏ពេញនិយមនៅក្រុង Seoul ដែលមានលក់របស់របរយ៉ាងសំបូរបែបជាពិសេសសម្លៀកបំពាក់និងគ្រឿងសម្អាងល្បីៗទាំងយីហោក្នុងស្រុកនិងមកពីបរទេស។
ជាមួយគ្នានេះដែរ ក្រុមអ្នកដំណើរក៏បានទៅទស្សនារាជវាំង Gyeong-Bok Royal Palace និងសារមន្ទីរជាតិ National Folklore Museum ដែលមានតម្កល់ស្នាដៃសិល្បៈនិងវត្ថុបុរាណជាច្រើនរបស់ជនជាតិកូរ៉េពីជំនាន់ដើម។ កាន់តែពិសេសនោះ ការបានភ្លក្សរសជាតិម្ហូបអាហារបែបប្រពៃណីរបស់កូរ៉េ និងការទស្សនាការសំដែងសិល្បៈកម្សាន្តដ៏រស់រវើកជាច្រើនទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា