​ហេតុ​អ្វី​បាន​ជា​មាន​​អ្នក​​ប្រើ​ដៃ​ស្តាំ ​ច្រើន​ជាង​អ្នក​ប្រើ​ដៃ​ឆ្វេង?

  • 2015-08-12 00:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា​មនុស្ស​​ភាគ​ច្រើន​បាន​​ប្រើ​​ដៃ​ស្ដាំ​​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​​ ដូច​ជា​​​ការ​​ចាប់​កាន់​របស់​ប្រើ​ប្រាស់​ ញ៉ាំ​អាហារ ឬ​ការ​កត់​ត្រា​មេរៀនជា​ដើម ប៉ុន្តែ​ក្នុង​នោះ​ក៏​គេ​សង្កេត​ឃើញ​មាន​អ្នក​ប្រើ​ដៃ​ឆ្វេង​នោះ​ដែរ។ តើ​ហេតុអ្វី​បាន​ជា​មនុស្ស​ភាគច្រើន​មាន​ទម្លាប់​ប្រើ​ដៃ​ស្ដាំ?

 

អ្នក​ប្រើ​ដៃ​ស្ដាំ

 

តាម​ ​ទិន្នន័យ​​ស្រាវជ្រាវ​ក្នុង​​សហរដ្ឋអាមេរិក​​បាន​ឲ្យ​​ដឹង​ថា ​មាន​មនុស្ស​​ប្រហែល​៧០​ ទៅ​​៩៥​ភាគ​រយ​ ទម្លាប់​ប្រើ​​ដៃ​​ស្ដាំ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ ​ចំណែក​ឯ​​មនុស្ស​ប្រហែល​ពី​៥​ទៅ​៣៥​​ភាគ​រយ​​ប៉ុណ្ណោះ​ដែល​ទម្លាប់​ប្រើ​ដៃ​ឆ្វេង​។ ​

 

ការ​ស្រាវជ្រាវ​​​​វិទ្យាសាស្ត្រ​​រួម​ទូ​ទៅ​ ​​​​​បាន​បញ្ជាក់​ថា ទាក់​ទង​​សកម្មភាព​ប្រចាំ​ថ្ងៃ​​​របស់​មនុស្ស ​​​តួ​នាទី​នៃ​​​ខួរ​ក្បាល​​ទាំង​ពីរ​ផ្នែក​គឺ ​(ផ្នែក​ខាង​ឆ្វេង ​និង​ផ្នែក​ខាង​ស្ដាំ) ​ដែល​ជា​អ្នក​បញ្ជា​ទម្លាប់​នៃ​​ការ​ប្រើ​ប្រាស់​ដៃ​ឆ្វេង ​ឬ​ដៃ​ស្ដាំ ​ ដែល​មាន​ន័យ​ថា​ខួរ​ក្បាល​ផ្នែក​​ខាង​ឆ្វេង​ បញ្ជា​ដល់​​​ដៃ​ខាង​ស្ដាំ​ ចំណែក​ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​គឺ​​បញ្ជា​​ដៃ​ខាង​ឆ្វេង​។

 

បុគ្គល​​ល្បីៗ​​មួយចំនួន​ដែល​ប្រើ​ដៃ​ឆ្វេង

​ ​​សម្រាប់​ការ​ស្រាវ​ជ្រាវ​មួយ​​​របស់​​សាកលវិទ្យាល័យ ​Pennsylvania ​សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ ​Clare Porac ​បាន​បង្ហាញ​ថា ​​​គឺ​កត្តា​​​​ហ្សែន​​​​​​បាន​​ចូល​រួម​ចំណែក​ទាក់​ទង​នឹង​ទម្លាប់​​ប្រើ​ស្ដាំ​ ច្រើន​ជាង​​ដៃ​​ឆ្វេង​​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​​​ ។ ហ្សែន​​ម៉្យាងដែល​​​​តំណាង​ដោយ​អក្សរ ​D​ ជា​ហ្សែន​ដៃ​ស្ដាំ ដែល​​​មាន​នៅ​​ក្នុង​ចំណោម​​មនុស្ស​​ភាគ​​ច្រើន ចំណែក​ឯ​ហ្សែន​ម្យ៉ាងទៀត ដែល​តំណាង​​ដោយ​អក្សរ​ C ​អាច​ឲ្យ​មនុស្ស​ប្រើ​ដៃ​ស្ដាំ​ក៏​បាន ឆ្វេង​ក៏​បាន​នោះ​​ មាន​មិន​ច្រើន​នោះ​ទេ។ ​​​​​​​​​​​​​​​​​​​​​​​​ ​ក្រៅ​ពី​កត្តា​ខួរ​ក្បាល និង​ហ្សែន នៅ​មាន​កត្តា​មួយ​​ចំនួន​ទៀត​​គឺ​​បរិស្ថាន​ជុំ​វិញ​ខ្លួន​ ​ដែល​ជំរុញ​ឲ្យ​មាន​អ្នក​ប្រើ​ដៃ​ស្ដាំ​ច្រើន តួ​យ៉ាង​កាល​ពី​ថ្នាក់​បឋម​សិក្សា​ គ្រូ​បង្រៀន​​ឲ្យ​កូន​សិស្ស​ទម្លាប់​ប្រើ​​​ស្តាំ​ ការ​ទម្លាប់​ឲ្យ​កូន​ៗ​ប្រើ​ដៃ​ស្ដាំ​បរិភោគអាហារ រួម​ទាំង​ការ​រចនា​ ឬផលិត​ឧបករណ៍​ប្រើ​ប្រាស់​​ផ្សេង​ៗ​​សម្រាប់​តែ​អ្នក​ប្រើ​ដៃ​ស្ដាំ រាប់​តាំង​ពី​​បង្កាន់​ដៃ​ទ្វារ កន្ត្រៃ កូន​កណ្ដុរ​ (Mouse បញ្ជាកុំព្យូទ័រ​) ជា​ដើម៕

 

កន្រ្ដៃ​ត្រូវ​បាន​គេ​ផលិត​ឡើង​តម្រូវ​អ្នក​ប្រើ​ដៃស្ដាំ

 

ចុច​អាន៖ ហេតុអ្វី​អ្នក​មាន ​និង​បុគ្គល​ជោគជ័យ​​​ចូលចិត្ត​ក្រោក​ពី​ព្រលឹម?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ scientificamerican, ehow​