អតីត​តារា​ស្រី​សិចស៊ី ម៉ានីតា សម្ងំ​បើក​ហាង​សាឡន!

  • 2014-10-18 16:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​ប្រកាស​ឈប់​ពី​សិល្បៈ​អតីត​តារា​សិច​ស៊ី ម៉ានីតា បាន​ងាក​មក​ចាប់​យក​អាជីព​កាត់​សក់​វិញ​ម្ដង ដោយ​បើក​ហាង​សាឡន​តូច​មួយ​យីហោ D&T នៅ​ម្ដុំ​ផ្សារ​ស៊ីឡឹប ដោយ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បាន​ដឹង​ពី​រឿង​នេះ។

នាង​បាន​ប្រាប់​ Sabay ថា ការ​ចាប់​យក​អាជីព​ជា​ជាង​កាត់សក់​ដូច្នេះ គឺ​មិន​ចង់​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​សិល្បៈ​ទៀត​ទេ ព្រោះ​មាន​ស្វាមី​រួច​ហើយ និង​​គួរ​តែ​ឈប់​ល្អ​ជាង។ ម្យ៉ាង​ទៀត ម៉ានីតា អះអាង​ថា គ្មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​ប្រឡូក​ក្នុង​វិស័យ​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង ដូច​កាល​នៅ​លីវ​នោះ​ទេ ដោយ​ក្រែង​ចិត្ត​ស្វាមី​ ព្រោះ​របស់​ម្នាក់​នោះ ក៏​ពូកែ​ប្រចណ្ឌ​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ចំពោះ​ហាង​ថ្មី​នេះ ម៉ានីតា មិន​ទាន់​បាន​ប្រាប់​ដំណឹង​ទៅ​កាន់​អ្នក​រួម​អាជីព​នៅ​ឡើយ​​ទេ ដោយ​គ្រាន់​តែ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ប៉ុណ្ណោះ ឲ្យ​មិត្ត​ភក្ដិ​ខ្លះ​បាន​ដឹង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អតីត​តារា​ចម្រៀង និង​បង្ហាញ​ម៉ូដ​ខាង​លើ​បាន​បន្ត​ថា ពេល​នេះ​​ហាង​របស់​នាង ចាប់​ផ្ដើម​មាន​អតិថិជន​ស្គាល់​បណ្ដើរៗ​ហើយ បន្ទាប់​ពី​បាន​ដំណើរការ​អស់​រយៈ​ពេល​៣​ខែ​កន្លង​។ អតិថិជន មក​រក​សេវាកម្ម​កាត់សក់ ឬ​សេវាកម្ម​ផ្សេង​ទៀត​ក្នុង​ហាង D&T Salon ជា​រឿយៗ។

ម៉ានីតា បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ ជាមួយ​បុរស​ម្នាក់​ជា​អ្នក​មាន​ជីវភាព​សមរម្យ។ នាង​បាន​ប្រកាស​ភ្លាមៗ​ថា បញ្ចប់​ជីវិត​សិល្បៈ​របស់​ខ្លួន ដោយ​គ្មាន​គម្រោង​វិល​វិញ​នោះ​ទេ ខណៈ​មុខ​របរ​ផ្ទាល់​ខ្លួន​ចាប់​ផ្ដើម​ដំណើរ​ការ​ទៅ​ហើយ និង​ខ្លាច​ស្វាមី​មាន​ការ​ប្រចណ្ឌ។ ជំហាន​បន្ទាប់​របស់ ម៉ានីតា គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ទៅ​កាន់​​អ្នក​ធ្លាប់​រួម​អាជីព​ឲ្យ​បាន​ដឹង​បន្ថែម​ទៀត ហើយ​ផែន​ការ​បន្ត គឺ​ពង្រីក​ហាង​ធំ​ជាង​មុន៕