​គ្រូ​​ក្រុម​​ម្ចាស់​ជើង​ឯកឆ្នាំ​ចាស់​មិន​​​ហ៊ាន​ធានាតំណែង​ជើង​ឯក​​​ជាតិ 2015 U-13

  • 2015-08-26 16:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​គ្រូ​​បង្វឹក​​ក្រុម​បាល់ទាត់​​យុវជន​រតនៈ​ក្រោម​អាយុ១៣​ឆ្នាំ​មិន​ហ៊ាន​ធានា​​​ពី​ការពារ​​​តំណែង​ជើង​ឯក​ចាស់​របស់​ខ្លួន​ឡើយ​សម្រាប់​​​ឆ្នាំ​នេះ​​ ខណៈ​ការ​​ប្រកួត​បាល់ទាត់​ជ្រើស​រើស​ជើង​ឯក​​​​ជាតិ​​ក្រោម​អាយុ ១៣ឆ្នាំ(U-13)​​​ឆ្នាំ​២០១៥​​នឹង​ចាប់​ផ្ដើម​​​ពី​ថ្ងៃ​ទី២៨​ ខែ​សីហា​ ​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ​នៅ​​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​ជាតិ​បាទី ខេត្ត​តាកែវ។

 

​លោក​ ទេព្យ ឈិន គ្រូ​បង្វឹកក្រុម​​​យុវជន​រតនៈ​បាន​ឲ្យ​ដឹង​ថា ​កូន​ក្រុម​របស់​លោក​ដែល​ប្រជែង​បាន​ជើង​ឯក​កាល​ពី​ឆ្នាំ​មុន​បាន​ផុត​អាយុ​អស់​ហើយ ​ដោយ​ឡែក​ឆ្នាំ​នេះ​សុទ្ធតែ​ជា​កីឡាករ​ដែល​​ត្រូវ​បាន​ជ្រើស​រើស​ថ្មី​ៗ និង​​មាន​កាយសម្បទា​មិន​ស្មើ​គ្នា​ទៀត​ផង។ ​ឆ្នាំ​នេះ​លោក​មិន​រំពឹង​ថា​ អាច​ការពារ​តំណែង​ជើង​ឯក​បាន​ទេ សមត្ថភាព​កូន​ក្រុម​របស់​លោក​មាន​​គ្រប់គ្រាន់​ ប៉ុន្តែ​​អាច​នឹង​​ចាញ់​ក្រុម​ផ្សែង​ត្រង់​មាឌ​​ កម្លាំង និង​ល្បឿន។

 

​គ្រូ​បង្គោល​រូប​នេះ​ប្រាប់​ទៀត​ថា ​​​ក្រុម​យុវជន​រតនៈ​មាន​ការ​បណ្ដុះ​បណ្ដាល​ច្រើន​ខែ​មក​ហើយ​ គិត​ចាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​មក​ម្ល៉េះ ប៉ុន្តែ​​ទោះ​បី​ជា​ការ​ការពារ​តំណែង​ជើង​ឯក​មាន​​ការ​លំបាក​ក៏​កូន​ក្រុម​របស់​លោក​បាន​តាំង​ចិត្ត​យ៉ាង​ខ្លាំង​​ដើម្បី​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​។ សម្រាប់​ទម្រង់​លេង​ និង​បច្ចេកទេស​​ពួក​គេ​មាន​ចំណុច​ល្អ​ច្រើន​ ​​ដូច​ជា​ការ​បញ្ជូន​បាល់ ​និង​ការ​យល់​ចិត្ត​គ្នា​លើ​ទីលាន។

 

​​គ្រូ​គណិតវិទ្យា​​រូប​នេះ​បាន​បន្ថែម​​​ថា ​​មូល​ហេតុ​​​ដែល​ធ្វើ​ឲ្យ​លោក​គិត​ថា​​ពិបាក​ការពារ​តំណែង​ជើង​ឯក ​​ពី​​​ព្រោះ​​ឆ្នាំ​នេះ​កូន​ក្រុម​របស់​លោក​​មាន​សមត្ថភាព​នៅ​ក្រោម​​កីឡាករ​​របស់​លោក​កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​នឹង​នោះ​ក្រុម​ដែល​លោក​គិត​ថា​ពិបាក​យក​ឈ្នះ​​មាន​ច្រើន​ ពិសេស​គឺ​ក្រុម​ដែល​មាន​ទីតាំង​នៅ​ភ្នំពេញ និង​ក្រុម​អធិរាជ​ភ្នំពេញ​ជា​ដើម។

 

​ក្រុម​​យុវជន​រតនៈ​នឹង​​​ប្រកួត​ដំបូង​របស់​ខ្លួន​នា​ថ្ងៃ​​ទី​២៨​ ​ខែ​សីហា ខាន​ស្អែក​​​ជា​មួយ​ក្រុម​​រស្មី​​​​ក្រហម​​​​​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A ។ សម្រាប់​ការ​ប្រកួត​​ឆ្នាំ​នេះ​មាន​ក្រុម​ចំនួន​៣២​ដែល​ត្រូវ​បាន​បែង​ចែក​ជា​៨​ពូល​ដែល​ក្នុង​១​ពូល​មាន​៤​ក្រុម​ដែល​នឹង​ចាប់​ដំណើរ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២៨​ ខែ​សីហា​ ​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ​នៅ​​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​ជាតិ​បាទី ខេត្ត​តាកែវ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​

អត្ថបទថ្មី