៥ សំនួរចំៗមានប្រយោជន៍សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះជាលើកដំបូង
- 2015-09-03 18:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សំនួរចំៗមានប្រយោជន៍សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះជាលើកដំបូង
ចន្លោះមិនឃើញ
ដំណើរតាមយន្តហោះអាចជារឿងដ៏ឈឺក្បាលមួយ ជាពិសេសសម្រាប់អ្នកទើបតែមានបទពិសោធន៍ធ្វើដំណើរជាលើកដំបូង។ យ៉ាងណាមិញ ការធ្វើដំណើរតាមយន្តហោះជាជម្រើសដ៏ប្រសើរ និងមានសុវត្ថិភាពបំផុតបើសិនអ្នកបានស្វែងយល់និងដឹងពីនីតិវិធីបានច្បាស់លាស់។
លោក សុខ បូរ៉ា ប្រធានគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Asiana ពន្យល់នីតីវិធីនានាដែលអ្នកធ្វើដំណើរតាមយន្តហោះ ត្រូវអនុវត្តដើម្បីធ្វើឲ្យការធ្វើដំណើរមានភាពរលូននិងមានសុវត្ថិភាព។
Sabay៖ តើការធ្វើដំណើរតាមយន្តហោះ អ្នកដំណើរត្រូវមានឯកសារតម្រូវចាំបាច់អ្វីខ្លះ?
សុខ បូរ៉ា៖ អ្នកធ្វើដំណើរទាំងអស់ត្រូវត្រៀមនិងរៀបចំឯកសារសំខាន់ៗមួយចំនួនជាចាំបាច់ មុនពេលធ្វើដំណើរឆ្លងកាត់ព្រលានទៅក្រៅប្រទេសមានដូចជាៈ
-លិខិតឆ្លងដែនៈ អ្នកធ្វើដំណើរទាំងអស់ត្រូវធ្វើឲ្យប្រាកដថា លិខិតឆ្លងដែនរបស់ខ្លួន មានសុពលភាព យ៉ាងហោចណាស់ឲ្យបាន៦ខែ គិតត្រឹមថ្ងៃធ្វើដំណើរ។
-ទិដ្ឋាការៈ អ្នកធ្វើដំណើរ ត្រូវមានទិដ្ឋាការ (Visa) នៃប្រទេសដែលជាគោលដៅធ្វើដំណើររបស់ខ្លួន។ បើសិនជាយើងធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់សុំទិដ្ឋាការ យើងត្រូវស្វែងយល់ថាប្រទេសទាំងនោះអាចអនុញ្ញាតឲ្យយើង ស្នាក់នៅជាលក្ខណៈទេសចរ ឬជំនួញបានរយៈពេលប៉ុន្មានថ្ងៃ។ យើងអាចស្វែងយល់ពីរយៈពេលដែលស្នាក់នៅបាន តាមរយៈស្ថានទូតរបស់ប្រទេសនោះ។
-សំបុត្រយន្តហោះ៖ ជាចាំបាច់យើងត្រូវមានសំបុត្រយន្តហោះ បើមិនដូច្នោះទេយើងមិនអាចធ្វើដំណើរបានទេ។ ប៉ុន្តែការទិញសំបុត្រយន្តហោះក៏វាអាស្រ័យទៅតាមប្រភេទទិដ្ឋាការនិមួយៗផងដែរ។ ឧទាហរណ៍ បើយើងទទួលបានទិដ្ឋាការប្រភេទទេសចរ (Tourist Visa) គឺតម្រូវឲ្យអ្នកធ្វើដំណើរទាំងអស់ ត្រូវតែទិញសំបុត្រយន្តហោះទៅ-មក (Round Trip Ticket)។
Sabay៖ នៅពេលឆ្លងកាត់ព្រលាន តើមាននីតិវិធីនិងការត្រួតពិនិត្យអ្វីខ្លះនិងព័ត៌មានផ្សេងៗដែលអ្នកធ្វើដំណើរត្រូវបំពេញ?
សុខ បូរ៉ា៖ នៅពេលឆ្លងកាត់ព្រលានយន្តហោះមាននីតិវិធី និងការត្រួតពិនិត្យមួយចំនួនត្រូវបានអនុវត្តដូចជា៖ ការ check in ដើម្បីថ្លឹងអីវ៉ាន់សម្រាប់ផ្ញើ និងយក Boarding Pass ដើម្បីឡើងយន្តហោះ និងលេខកៅអីសម្រាប់អង្គុយ។ ពេល check in បុគ្គលិក check in ឬបុគ្គលិកអាកាសចរនឹងប្រាប់ពីវត្ថុដែលអាចផ្ញើ ឬយកតាមខ្លួនបាន និងវត្ថុដែលត្រូវហាមឃាត់ក្នុងការយកឡើងយន្តហោះ។
ប្រសិនបើឆ្លងកាត់ការត្រួតពិនិត្យរកឃើញវត្ថុដែលអាចមានគ្រោះថ្នាក់ ឬហាមឃាត់, ភ្នាក់ងារសន្តិសុខព្រលាននឹងទាក់ទងទៅម្ចាស់ឥវ៉ាន់។ លើសពីនេះទៅទៀតពេលធ្វើដំណើរ អ្នកដំណើរទាំងអស់ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនសម្រាប់ការចេញដំណើរដូចជា៖ សលាកបត្រចេញដំណើរ សម្រាប់មន្ត្រីអន្តោប្រវេសន៍នៅច្រកចេញដំណើរ និងសលាកបត្រពេលទៅដល់សម្រាប់មន្ត្រីអន្តោប្រវេសន៍ សលាកបត្រគយ, និងសលាកបត្រសុខភាព (អាស្រ័យទៅតាមព្រលានយន្តហោះនិមួយៗ)។
Sabay៖ តើអ្នកធ្វើដំណើរម្នាក់ៗអាចយួរអីវ៉ាន់ជាប់ខ្លួនទម្ងន់កម្រិតណា និងអីវ៉ាន់ដាក់ថ្លឹងអនុញ្ញាតនៅលើយន្តហោះ។ តើមានអីវ៉ាន់ណាខ្លះដែលត្រូវបានហាមឃាត់សម្រាប់ទាំងយួរជាប់ខ្លួន និងអនុញ្ញាតដាក់នៅលើយន្តហោះ? តើមានការគិតថ្លៃលើឥវ៉ាន់ដែលអ្នកធ្វើដំណើរដាក់លើសកម្រិតដែរឬទេ បើមានគិតតម្លៃសេវាយ៉ាងម៉េចដែរ?
សុខ បូរ៉ា៖ សម្រាប់ទម្ងន់នៃអីវ៉ាន់ដាក់ថ្លឹង និងឥវ៉ាន់យួរជាប់ខ្លួនគឺវាអាស្រ័យទៅលើគោលការណ៍ របស់ក្រុមហ៊ុនអាកាសចរផ្សេងៗគ្នា ដោយផ្អែកទៅលើប្រភេទសំបុត្រ និងគោលដៅដែលត្រូវធ្វើដំណើរទៅ។
ជាទូទៅរបស់របរដែលធ្វើពីដែក មានភាពមុតស្រួច ដូចជាកាំបិត, កន្ត្រៃកាត់ក្រចក, កន្ត្រៃ។ របស់ដែលអាចមានជាតិឆេះ ដែកកេស, ឈើគូស និងរបស់ផ្សេងៗដែលអាចបង្ហាញថាមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងៗទៀត ត្រូវបានហាមឃាត់ក្នុងការយកឡើងយន្តហោះ។ លើសពីនេះទៅទៀតដោយយោងតាមអង្គការអាកាសចរអន្តរជាតិ (ICAO), វត្ថុដែលមានជាតិទឹក, ស្រ្ពៃយ៍ ឬជែល(Gel/ Aerosol) ដែលមានចំណុះលើសពី 100ml ក្នុងមួយបំពង់ឬមួយដប ក៏ត្រូវបានហាមឃាត់ក្នុងការយកតាមខ្លួនផងដែរ។
ចំណែកឯអីវ៉ាន់ដាក់ថ្លឹងវិញ វត្ថុដែលមានជាតិឆេះ ឬផ្ទុះក៏ត្រូវបានហាមឃាត់ផងដែរ។ លើកលែងតែក្នុងករណីពិសេសដែលមានការយល់ព្រមពីបុគ្គលិកក្រុមហ៊ុនអាកាសចរដែលយើងធ្វើដំណើរ។
ទាក់ទងអីវ៉ាន់ដាក់ថ្លឹង របស់អ្នកធ្វើដំណើរនីមួយៗត្រូវបានបញ្ជាក់នៅលើសំបុត្រយន្តហោះ។ បើសិនជាមានករណីលើសពីទម្ងន់ដែលបានកំណត់ អ្នកធ្វើដំណើរម្នាក់ៗ អាចនឹងប្រឈមមុខ នឹងការបង់ប្រាក់សម្រាប់អីវ៉ាន់ដែលបានលើស។ ចំណែកឯតម្លៃ នៃឥវ៉ាន់ដែលលើស វាអាស្រ័យទៅតាមគោលដៅដែលត្រូវទៅ និងតាមតម្លៃរបស់ក្រុមហ៊ុននិមួយៗដែលបានកំណត់។
Sabay៖ តើមានកំណត់ពេលវេលាជាក់លាក់យ៉ាងណា សម្រាប់អ្នកដំណើរមកដល់ព្រលានទាន់ពេល វេលា ដើម្បីចៀសវាងបញ្ហាឬការខកជើងយន្តហោះដោយចៃដន្យ?
សុខ បូរ៉ា៖ ជាការផ្តល់យោបល់ សម្រាប់អ្នកធ្វើដំណើរការមកដល់ព្រលានយន្តហោះទាន់ពេលវេលាជារឿងសំខាន់ ដូច្នេះដើម្បីជៀសវាងបញ្ហាយឺតយ៉ាវ ឬការខកជើងយន្តហោះដោយប្រការណាមួយ អ្នកធ្វើដំណើរទាំងឡាយគួរលៃពេលវេលា នៃការមកដល់ព្រលានយន្តហោះឲ្យបានយ៉ាងតិច ៣ម៉ោងមុនម៉ោងចេញដំណើរ សម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិ និងយ៉ាងតិច ២ ម៉ោងមុននៃម៉ោងចេញដំណើរសម្រាប់ការហោះហើរក្នុងស្រុក។
Sabay៖ តើមានដំបូន្មានអីទៀតសម្រាប់លោកចង់ណែនាំសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ ដើម្បី ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាព និងរលូន? សុខ បូរ៉ា៖ ជាយោបល់ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំសូមផ្តល់យោបល់មួយចំនួនបន្ថែមទៀតដូចជា ពេលកក់សំបុត្រយន្តហោះ អ្នកធ្វើដំណើរទាំងឡាយត្រូវប្រាកដថាឈ្មោះដែលកក់សម្រាប់ទិញសំបុត្រយន្តហោះ ដូចគ្នាគ្រប់តួអក្សរនឹងឈ្មោះក្នុងលិខិតឆ្លងដែន ដើម្បីជៀសវាងបញ្ហាពេលcheck in ឬ ពេលឡើងយន្តហោះ។ ម៉្យាងវិញទៀត ចំពោះឥវ៉ាន់ថ្លឹងនិងឥវ៉ាន់យកតាមខ្លួនក៏ដូចគ្នាដែរ ត្រូវធ្វើការថ្លឹងឲ្យបានត្រឹមត្រូវមុនពេលមកដល់ព្រលានយន្តហោះ និងត្រូវដឹងថាឥវ៉ាន់ដែលខ្លួនយកទៅ អាចអនុញ្ញាតិឲ្យយកចូលប្រទេសដែលយើងត្រូវទៅ ឬអត់ ដើម្បីជៀសវាងការឲ្យដកឥវ៉ាន់ចេញពេលcheck in នៅព្រលានយន្តហោះ នាំឲ្យមានបញ្ហារំខាននិងខាតបង់ពេលវេលា៕
បន្តអាន៖ រៀនសិក្សាប្រយោគភាសាអង់គ្លេសនិយមប្រើនៅព្រលានយន្តហោះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា