ស្ងាត់​ៗ កែវ និសា ទទួល​តំណែង​ថ្មី​មួយ​នៅ CNC

  • 2015-09-04 17:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង កែវ និសា ទទួល​បាន​តំណែង​ថ្មី​មួយ​នៅ​ទូរទស្សន៍ CNC បន្ថែម​ពី​លើ​តំណែង ២ ដែល​នាង​មាន​ស្រាប់​នៅ MyTV។

 

តំណែង​ថ្មី​នេះ និសា ត្រៀម​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​តន្ត្រី​ថ្មី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ ក្រោយ​បាន​សម្រេច​ផ្លាស់​ប្ដូរ​របត់​មក​រក​ព័ត៌មាន​កម្សាន្ត​ខ្លះ ផ្សំ​នឹង​ព័ត៌មាន​សេដ្ឋកិច្ច និង​ព័ត៌មាន​ក្នុង​ស្រុក​ផ្សេង​ទៀត។

 

អ្នក​មេម៉ាយ​រូប​ស្រស់​ខាង​លើ មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ទេ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​បម្រើ​ការ នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ដដែល គឺ​លោក សេត គឹម​សឿន បាន​បង្ហើប​ថា ការ​ចរចា​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​គ្នា​តាំង​ពី​ខែ​មុន។ ដូច្នេះ​តាម​ផែន​ការ​គ្រោង​ទុក កែវ និសា នឹង​ត្រូវ​ចេញ​មុខ​កាន់​ក្បាល​មីក្រូហ្វូន​នៅ​ក្នុង​កម្មវិធី​តន្ត្រី​ទី​១​របស់​ស្ថានីយ​ទូរទស្សន៍​ខ្លួន ត្រឹម​ចុង​សប្ដាហ៍​នេះ។

 

 

កែវ និសា បាន និង​កំពុង​កាន់​កម្មវិធី​២​នៅ MyTV គឺ​កម្មវិធី "Ganzberg Challenge" និង​កម្មវិធី "រង្វាន់​ទេវតា"។ ការងារ​ជាមួយ​នឹង​កម្មវិធី​ទាំង​ពីរ​នេះ និសា ធ្វើ​បាន​ល្អ ដោយ​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់ ទើប CNC សម្រេច​ថា​ធ្វើ​ការងារ​ថ្មី​នេះ​ជាមួយ​នាង។

 

លោក សេត គឹមសឿន អ្នក​គ្រប់​គ្រង​កម្មវិធី​កំពូល​តន្ត្រី KAP ជា​កម្មវិធី និសា ត្រូវ​ធ្វើ​ជា​ពិធីការិនី ថ្លែង​ថា "និសា ជា​តារា​ជួរ​មុខ​ទាំង​សម្តែង និង​ពិធីករ ហើយ​នាង មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​និយាយ​លេង​សើច ។ មិន​ត្រឹម​ប៉ុណ្ណឹង​ចុង​ក្រោយ​នេះ នាង ឆក់​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មហាជន​ទាំង​ទីក្រុង និង​ជន​បទ តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​យ៉ាង​លឿន។ ដូច្នេះ​ទើប​សម្រេច​ថា​យក​នាង"។

 

កែវ និសា នឹង​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​ស្រី​ពីរ​ដួង​ទៀត​គឺ​លោក សាហារា ពន្លឺ និង​កញ្ញា ចាន់ ស្រីរ័ត្ន សម្រាប់​នាទី​ជា​ពិធីការិនី​ក្នុង​កម្មវិធី "កំពូល​តន្ត្រី KAP”។ អ្នក​គ្រប់​គ្រង​កម្មវិធី​ខាង​លើ​ដដែល​បញ្ជាក់​ថា កម្មវិធី​កម្សាន្ត​ដ៏​ថ្មី​មួយ​នេះ នឹង​ដំណើរ​ការ​សប្ដាហ៍​ទី​១​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ០៦ កញ្ញា​ចុង​សប្ដាហ៍​នេះ។

 

"ដោយ​សារ​ទើប​បើក​ឆាក​អីចឹង យើង​មាន​តារា​ចម្រៀង​ល្បី​ៗ​មាន ខេមរៈ សិរីមន្ត សុខ ពិសី នាយ​កុយ(ច្រៀង​ជា​កិត្តិយស) ជា​ដើម​នឹង​ចូល​រួម។ ក្រៅ​ពី​នេះ ចុង​កម្មវិធី​នឹង​មាន​ការ​សម្ដែង​របស់​ក្រុម​កំប្លែង ពែកមី ថែម​ទៀត​ផង" លោក សេត គឹម​សឿន ថ្លែង៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី