ជើងឯកជាតិ U-13 ឆ្នាំ២០១៥បានទៅក្រុងសៀមរាបអង្គរ ឯក្រុមប៉ៃលិនបានលេខ២
- 2015-09-08 15:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកជាតិ U-13 ឆ្នាំ២០១៥បានទៅក្រុងសៀមរាបអង្គរ ឯក្រុមប៉ៃលិនបានលេខ២
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់អាយុក្រោម១៣ ឆ្នាំរបស់ក្រុងសៀមរាបអង្គរបានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ថ្នាក់ជាតិ U-13 ប្រចាំឆ្នាំ២០១៥ ក្រោយយកឈ្នះក្រុមត្បូងប៉ៃលិនដោយលទ្ធផល៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ជាតិបាទីខេត្តតាកែវ។
សកម្មភាពប្រកួតនាពេលកន្លងទៅក្នុងពាន U-13ថ្នាក់ជាតិ(រូបថតFFC)
ក្រៅពីការប្រកួតដណ្ដើមជើងឯកនៃពានរង្វាន់ខាងលើនេះ ក្រុមបាល់ទាត់ខេត្តពោធិ៍សាត់ បានបំបាក់ក្រុមជើងឯកឆ្នាំចាស់ ក្រុមយុវជនរតនៈ រហូតដល់ទៅ៥-១ ដើម្បីប្រជែងយកលេខ៣នៅទីលានជាមួយគ្នា។
មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមសៀមរាបអង្គរបានយកឈ្នះក្រុមយុវជនរតនៈដែលជាក្រុមជើងឯកឆ្នាំចាស់ ២-១ កាលពីថ្ងៃសៅរិ៍ ទី៥ ខែកញ្ញា កន្លងទៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលក្រុមត្បូងប៉ៃលិន ឈ្នះក្រុមអាវុធហត្ថខេត្តពោធិ៍សាត់ ដោយលទ្ធផល ២-១ លើទីលានជាមួយគ្នា។
សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកទទួលបាន ៥លានរៀល ជើងឯករងបានចំណែក ៣លានរៀល និងលេខ ៣បានប្រាក់ ២លានរៀល។ ចំណែកក្រុម Fair Play បានទៅក្រុមយុវជនរតនៈ អ្នកចាំទីល្អបំផុតបានទៅកីឡាករ ធិន រិទ្ធី របស់ក្រុមសៀមរាបអង្គរ ខណៈអ្នកទាត់បាល់ចូលទីច្រើនជាងគេបានទៅកីឡាករ នេន ស៊ីដេត របស់យុវជនរតនៈ ដោយរកគ្រាប់បាល់បាន ២៣ គ្រាប់ម្នាក់ឯង។
ពានរង្វាន់យុវជនក្រោមអាយុ១៣ឆ្នាំ ប្រចាំឆ្នាំ២០១៥នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានក្រុមចូលរួមចំនួន ៣២ ក្រុមមកពីខេត្ត/ក្រុងទូទាំងប្រទេស ចែកជា ៨ ពូល ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ២៨ ខែ សីហា ដល់ ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នៅលើទីលានទាំង ៤ ក្នុងបរិវេណមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។ ក្រុមលេខ១ និង លេខ ២ តាមពូលនីមួយៗ មានឈ្មោះឡើងទៅលេងវគ្គ ១/៨ ផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះបន្តឡើងទៅលេងវគ្គ ១/៤ ក្រុមចុងក្រោយ រួមទាំងវគ្គពាក់កណ្ដាកផ្ដាច់ព្រ័ត្រ និង វគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា