ឯកឧត្ដម ខៀវ កាញារីទ្ធ បើកទំព័រ “ឧត្ដមជនខ្មែរ” ​

  • 2015-09-11 17:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលទំព័រឧត្ដមជនខ្មែរចូលមកដល់ក្នុងគំនិតខ្ញុំភ្លាម ឥស្សរជនដែលខ្ញុំនឹកដល់មុនគេ គឺឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

 

នៅឆ្នាំ ២០០១ គឺពេលដែលខ្ញុំ កំពុងបំពេញ ការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ខ្ញុំបានអានដោយចៃដន្យនូវស្នាដៃបកប្រែរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធដែល រៀបរាប់ពីជីវិតស្ត្រីជាភរិយានៃកម្មាភិបាលខ្មែរក្រហមមួយរូបនោះ គឺរឿង ឆ្ងាយហួសពីជើងមេឃ។ ដោយការស្វះស្វែង បានរកឃើញស្នាដៃជាបន្តមកទៀតរបស់ ឯកឧត្ដមគឺ រឿងអ្នកដែលឃ្លាតឆ្ងាយ ដែលនិពន្ធផ្ទាល់ និង រឿងអគ្គមហាសេនា ប្រែសម្រួលពីស្នាដៃដើមរបស់អ្នកនិពន្ធល្បី James Clavell។

 

បទនិពន្ធ និង ទេពកោសល្យកែសម្រួលដ៏ប្រទាក់ក្រឡា ពោរពេញដោយសិល្បៈ មិនមែនគ្រាន់តែបង្ហាញពីសមត្ថភាពអក្សរសាស្ត្រជាតិ និង អន្តរជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញមិនអាចលាក់បាំងបាននូវទស្សនវិជ្ជាមានតម្លៃមួយចំនួន នៃជីវិតឥស្សរជនខ្មែរមួយរូប មានហេតុផលពិសេសជាច្រើនក្នុងការលើកយកស្នាដៃទាំងនោះមកប្រែសម្រួល និង រៀបរៀងជា មរតកសម្រាប់អ្នកអានខ្មែរណាដែលមិនមានលទ្ធភាពយល់អស់សេចក្ដី នៃបទនិពន្ធកំពូលៗរបស់ពិភពលោក។

 

នៅខែ មិថុនា ឆ្នាំ ២០១១ ខ្ញុំបានទទួលការអនុញ្ញាតពី ឯកឧត្ដម ខៀវ កាញារីទ្ធ ដើម្បីធ្វើបទសម្ភាសន៍ពិសេសមួយ។ នៅឯខុទ្ទកាល័យក្រសួងព័ត៌មាន ឯកឧត្ដមបានពុះហែកពេលវេលាដ៏ចង្អៀតមកស្វាគមន៍ក្រុមការងារយើង ដោយរាក់ទាក់ដូចដែល ឯកឧត្ដម ធ្លាប់ធ្វើទៅកាន់អ្នកសារព័ត៌មានគ្រប់និន្នាការនយោបាយ។

 

សំណួរទំាង ១១ ដែលខ្ញុំដាក់ទៅក្នុងបទសន្ទនាហាក់កំពុងទាញ ឥស្សរជន រូបនេះវិលរកអតីតកាលជិត ៤០ ឆ្នាំមុនដែលយុវជន ខៀវកាញារីទ្ធ ដឹងសេចក្ដីនៅចន្លោះពេលដែលឥទ្ធិពលសង្គ្រាមត្រជាក់ Cool War កំពុងត្រួតត្រានឹងបែងចែកពិភពលោកទៅជាប្លុកធំពីរ។

 

សំណួរ៖ ជម្រាបប្រសាសន៍ឯកឧត្ដម សូមឯកឧត្ដមមេត្តារៀបរាប់ត្រួសៗពីប្រវត្តិសិក្សា និងការស្រមៃពីអតីតកាលមុនពេលក្លាយជាឥស្សរជនដ៏សំខាន់មួយរូប។

 

 

 

ចម្លើយ៖ ជាការពិតលោកឪពុក អ្នកម្ដាយខ្ញុំលោកចង់អោយខ្ញុំក្លាយជាគ្រូពេទ្យ។ ប៉ុន្តែបំណងផ្ទាល់ខ្លួនរបស់ខ្ញុំគឺចង់ក្លាយជាអ្នកការទូតម្នាក់។ ដោយសារជំនាន់នោះប្រាក់ខែអ្នកការទូតគឺខ្ពស់ ដូចបានដឹងហើយ ថាខ្ញុំមានបងប្អូនច្រើនដល់ទៅ៩នាក់ ខ្ញុំគិតថាការដែលយើងមានចំណូលច្រើនជាគោលដៅសំខាន់។ ដោយសារអញ្ចឹងខ្ញុំផ្ដោតការសិក្សាផ្នែកភាសាជា ខ្លាំងគឺបារាំងនិងអង់គ្លេស។ នៅឆ្នាំ ១៩៧០ សង្គ្រាម Civil កំពុងចិញ្ច្រាំមាតុភូមិរបស់យើង។ ខ្ញុំសិក្សាចប់ទុតិយភូមិនៅចំពេលដែលប្រទេសចាប់ផ្ដើមបែងចែកនិន្នាការនយោបាយ។ ស្ថានភាព សេដ្ឋកិច្ចកាន់តែតឹងតែងជាលំដាប់ ហើយខ្ញុំក៏មានគំនិតស្វែងរកការងារធ្វើ ប៉ុន្តែលោកគ្រូម្នាក់របស់ខ្ញុំបានទូន្មានថា ខ្ញុំជាសិស្សដ៏ពូកែម្នាក់មានការងារជាច្រើនកំពុងរង់ចាំខ្ញុំ ដូច្នេះខ្ញុំគួរបន្តការសិក្សាអោយបានដល់គោលដៅចុងក្រោយសិន។ គាត់បានលើកឡើងពីចំណូលកាន់តែច្រើននៅពេលយើងមានតួនាទីល្អ បន្ទាប់ពីមានចំណេះដឹងទូលំទូលាយ។ ការទូន្មាននោះ ទាក់ចិត្តខ្ញុំជាខ្លាំង។ ខ្ញុំងាកចេញពីផែនការស្វែងរកការងារធ្វើហើយប្រលងចូលមហាវិទ្យាល័យនីតិសាស្ត្រ។ វាមិនមែនជារឿងងាយទេមែនទេ? សម្រាប់ពេលបច្ចុប្បន្ន ក្នុងការក្លាយជានិស្សិតនៅសាលានោះ ហើយរឹតតែលំបាកទៅទៀតសម្រាប់សម័យកាលខ្ញុំតែខ្ញុំបានទទួលជោគជ័យ ។

 

សំណួរ៖ ចាស ដោយឡែកតើនយោបាយគឺជាការតាំងចិត្ត ជាជម្រើសចាំបាច់ រឺក៏ជាភាពចៃដន្យសម្រាប់ឯកឧត្តម?

 

ចម្លើយ៖ នយោបាយជារឿងចៃដន្យសុទ្ធសាធ។ ខ្ញុំមិនដែលតាំងចិត្តទេ ហើយខ្ញុំស្អប់នយោបាយផង ដោយសារខ្ញុំគិតថា នយោបាយកំណត់យើងឲ្យគាំទ្រតែម្ខាងៗខុសពីនិស្ស័យ ខ្ញុំដែលចូលចិត្តមនុស្សគ្រប់ប្រភេទ និងគោរពទស្សនៈផ្សេងគ្នាៗ។ បន្ទាប់ពីជាប់សាលាច្បាប់មក ខ្ញុំក៏ប្រលងជាប់លេខមួយសម្រាប់ការចូលទៅកាន់សាលាជាតិរដ្ឋបាល (ភូមិន្ទរដ្ឋបាល) ផ្នែកមន្ត្រីការទូតជាន់ខ្ពស់។ នៅទីនោះខ្ញុំបានផ្លាស់ប្ដូរការគិត ដោយសារខ្ញុំបានមើលឃើញអតីតនិស្សិតជាច្រើនដែលមានកម្រិតសិក្សាខ្ពស់ក្លាយជាអ្នកការទូតអាចរស់បានសុខសាន្តជាមួយប្រពន្ធកូននៅបរទេស តែអ្នក សិក្សាបានកម្រិតមធ្យម ទទួលបានការងារផ្នែករដ្ឋបាល ដូចជា ចៅហ្វាយខេត្តអាចក្លាយទៅជារដ្ឋមន្ត្រី។ល។គេមានឱកាសច្រើនជាងក្នុងការយឹតយោងបងប្អូនក្រុម គ្រួសារ។ ដូច្នេះខ្ញុំក៏ប្ដូរមកចាប់អារម្មណ៍តួនាទីជាអ្នកតំណាងរាស្ត្រអីវិញ ដែលអាចក្លាយទៅជាថ្នាក់ដឹកនាំមួយរូប តែការងារទាំងហ្នឹងទាក់ទងនឹងនយោបាយជាចាំបាច់។ ប៉ុន្តែ របបប៉ុល ពតបានចូលមកដល់។

 

ឯកឧត្ដម ខៀវ កាញារីទ្ធកាលពី ៣០ ឆ្នាំមុន

 

សំណួរ៖ ចុះតើការប្ដេជ្ញាចិត្ត ដាក់បញ្ចូលផែនការជីវិតអោយរួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជា កើតឡើងដោយរូបភាពណាដែរហើយតាំងពីពេលណាមកឯកឧត្ដម?

 

ចម្លើយ៖ គឺនៅឆ្នាំ១៩៩១គណបក្សប្រជាជនបានអំពាវនាវរកការចូលរួមពីបញ្ញវន្ត។ នៅពេលខ្ញុំចាប់ផ្ដើមចូលរួម ខ្ញុំចាប់ចិត្តនឹងការងារនៅទីនោះ ដោយសារ​ខ្ញុំចូលចិត្តរបៀបប្រជាមតិ សាកសួរយោបល់ និងភាពស្និទ្ធស្នាលគោរពគ្នាខ្ញុំ ហ៊ាននិយាយ ថាគណបក្សប្រជាជនមានទម្លាប់ប្រជាធិបតេយ្យជាយូរមកហើយជាមួយ សមាជិក សមាជិការបស់ខ្លួន។ ការងារក្នុងនីតិប្បញ្ញត្តិពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣ ខ្ញុំជាតំណាងរាស្ត្រមណ្ឌលកណ្ដាល ១៩៩៣ ដល់ ១៩៩៨ ជាតំណាងរាស្ត្រប្រចាំរាជធានីភ្នំពេញ និងពីឆ្នាំ១៩៩៨ដល់បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម។ ចំណែកនៅក្នុងនីតិប្រតិបត្តិ ខ្ញុំចាប់ផ្ដើមពីការងារជានិពន្ធនាយកកាសែតរបស់រដ្ឋមួយនាសម័យនោះឈ្មោះថាកាសែត កម្ពុជា ជាទីប្រឹក្សានាយករដ្ឋមន្ត្រី ប្រធានក្រុមលេខាធិការរដ្ឋកម្ពុជានៅឧត្ដមក្រុមប្រឹក្សាជាតិ SNC ផងដែរ។

 

រូបថត ប៉ែន ប៊ុនថាល់

សំណួរ៖ មានមនុស្សជាច្រើនឆ្ងល់ថា យុវភាពរបស់ឥស្សរជនមួយរូបមានលក្ខណៈរបៀបណា? ការបកស្រាយដែលចាក់ចំចំណុចចាប់អារម្មណ៍បំផុតគឺផ្ដោតលើអាកប្បកិរិយា មនោសញ្ចេតនា មិត្តភាពនិង តួនាទីក្នុងគ្រួសារ។សូមឯកឧត្ដមមេត្តារំលឹកឡើងវិញពីចំណុចទាំងនេះផង។

 

ចម្លើយ៖ ដោយខ្លីគឺខ្ញុំដូចយុវវ័យដទៃភាគច្រើនដែលទំនើបនិយមឡូយឆាយចូលចិត្តសប្បាយ ទាន់សម័យតែមិនចោលទេការរៀន សូត្រនិងគោលដៅអនាគត។ខ្ញុំទុកសក់ វែងតាមយុវវ័យជំនាន់នោះគេនិយម ហើយប្រើសំលៀកបំពាក់អីតាមសម័យអញ្ចឹងដែរ បទចម្រៀង ខ្ញុំស្ដាប់តែបទបរទេស រហូតដល់វ័យជាង៣០ចូលពីប៉ុលពតមកវិញបានចេះស្ដាប់បទលោកស៊ិនស៊ីសាមុត លោកអ៊ិនយ៉េនវិញ អញ្ចឹងបានមានអ្នកខ្លះឥឡូវនេះគាត់សួរខ្ញុំថា ម៉េចក៏អោយមានMy Tvអីចាក់បទរបៀបHip hop ច្រើនម្ល៉េះ ?ខ្ញុំតបទៅគាត់ ថា អា ហ្នឹងសម្រាប់ក្មេង គ្នា យុវវ័យ ត្រូវមានអី មួយរបស់គ្នាអោយគ្នាមើលដែរ មិនអាចមានតែសម្រាប់មនុស្សកណ្ដាល មនុស្សវ័យចាស់ ទេ !ហើយរឿងមិត្តភ័ក្ដិវិញពីក្មេងខ្ញុំមានមិត្ត ភក្តិមានអនុស្សាវរីយ៍ល្អជាច្រើននិងមានមិត្ត ល្អខ្លះនៅធ្វើការជាមួយគ្នាទើស សព្វថ្ងៃ។នៅក្នុងគ្រួសារវិញខ្ញុំគោរពឪពុកម្ដាយស្រលាញ់បងប្អូនណាស់ ។ចំណែកសាលារៀនដែលបន្សល់នូវអនុស្សាវរីយ៍ជានិច្ចក្នុងជីវិត ខ្ញុំគឺសាលាឥន្ទ្រ ទេវីសព្វថ្ងៃ។ដូចខ្ញុំបានប្រាប់ហើយ គ្រូខ្ញុំម្នាក់គាត់ជាគ្រូកីឡាសោះ តែគាត់បានណែនាំខ្ញុំកុំអោយឈប់ រៀននៅក្រោយបាក់ឌុប គាត់លើកទឹកចិត្តអោយខ្ញុំរៀនបន្តទៀត។ខ្ញុំបានចងចាំរូបគាត់ជានិច្ចនៅក្នុងអតីតកាលរបស់ខ្លួនឯង។

 

 

រូបថតអនុស្សាវរីយ៍ដែលឯកឧត្ដម ខៀវ កាញារីទ្ធ រក្សាទុកក្នុង បន្ទប់ធ្វើការ

 

សំណួរ៖ មានយុវវ័យជាច្រើនចង់ផ្សារភ្ជាប់គោលដៅអនាគតជាមួយនយោបាយ។ មានខ្លះនៃពួកគេ គ្រាន់តែប្រើនយោបាយជាប្រយោជន៍ផ្ទាល់ខ្លួន ហើយខ្លះទៀតត្រូវបានប្រើប្រាស់ដោយអ្នក នយោបាយ។ នៅក្នុងបរិបថបច្ចុប្បន្នតើឯកឧត្ដមយល់ថា ឥរិយាបថនយោបាយបែបណា ដែល យុវវ័យគួរប្រកាន់យក?

 

ចម្លើយ៖ ខ្ញុំទទួលស្គាល់ថាអញ្ចឹងមែន! មិនថាសម័យនេះរឺសម័យណាទេ រឿងហ្នឹងកើតឡើងជានិច្ចចំពោះយុវវ័យ! ខ្ញុំគ្រាន់តែដាស់តឿនថា វ័យនេះជាវ័យសកម្ម មានថាមពល មានលទ្ធភាពច្រើនដែលជាការសម្លឹងឃើញនឹងចាប់យកដោយអ្នកនយោបាយ។ ដូច្នេះមុនពេលសម្រេចចិត្តប្រឡូក គួរទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយនឹងពិចារណាថ្លឹងថ្លែងសព្វគ្រប់សិន ទើបមិនក្លាយទៅជាអ្នកត្រូវបានគេប្រើប្រាស់។

 

សំណួរ៖ ជាឪពុកមួយរូប ឯកឧត្ដមជាប់ពាក់ព័ន្ធកម្រិតណាក្នុងការរៀបចំគោលដៅអនាគតបុត្រធីតា?

 

ចម្លើយ៖ កូនស្រីខ្ញុំជាកូនទោល។ ខ្ញុំមិនចង់អោយនាងរៀន IT ទេ ដោយសារខ្ញុំបារម្ភថាជំនាញនេះ ធ្វើអោយនាងកាន់តែឯកោ ប៉ុន្តែខ្ញុំនៅតែទុកឲ្យនាងសម្រេចចិត្ត។ ខ្ញុំមិនរៀបចំអ្វីៗសម្រាប់កូនខ្ញុំទេ ខ្ញុំចង់ឲ្យគេចេះរៀបចំអ្វីៗដោយឯករាជ្យម្ចាស់ការ តែប្រសិនពេលកូនមានបញ្ហាចង់ពិគ្រោះ ខ្ញុំតែងផ្ដល់ជាយោបល់ និងលើកទឹកចិត្តការសម្រេចចិត្តរបស់គេ។

 

សំណួរ៖ នៅក្នុងតួនាទីជាអ្នកដឹកនាំដែលបន្សល់នូវការគោរពជាទូទៅ តើឯកឧត្ដមផ្អែកលើទ្រឹស្ដី ណាមួយ រឺលំអានបុគ្គលរូបណាដែរ?

 

ចម្លើយ៖ ខ្ញុំចូលចិត្តមនុស្សជាច្រើនក្នុងពិភពលោក តែទ្រឹស្ដីដែលខ្ញុំនិយមប្រើតាមគឺភាគច្រើន លោក Mahatma Gandhi ។

 

សំណួរ៖ កំណាត់ជីវិត ក្នុងរបប៣ឆ្នាំ៨ខែគួរណាស់តែបន្សល់ការចងចាំពិសេសណាមួយរឺទស្សនវិជ្ជាខ្លះសម្រាប់ជីវិតជាឥស្សរជនមួយរូប ជាទុនថ្លឹងថ្លែងក្នុងបច្ចុប្បន្នភាព តើនោះជាអ្វីខ្លះ?

 

 

ចម្លើយ៖ គឺក្ដីសង្ឃឹម។ រយៈពេលនោះបានបង្រៀនខ្ញុំ ឲ្យដឹងថា ក្ដីសង្ឃឹមអាចជួយមនុស្សដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈលំបាកបំផុត។ នៅក្បែរខ្ញុំ មានមនុស្សជាច្រើនបានបណ្ដោយខ្លួនឲ្យស្លាប់តាមដំណើរដោយសារភាពអស់សង្ឃឹម។ ឈឺក៏លែងមើលលែងរវល់ចង់រស់។ ខ្ញុំនឹកសរសើរស្ត្រីខ្មែរ នៅក្នុងរបប នោះស្ត្រីតស៊ូបានប្រសើរជាងបុរស ស្វិតស្វាញជាង។ ត្រូវចាំថា បើយើងគ្មានសង្ឃឹមអ្វីក៏ចប់ដែរ។ ខ្ញុំតែងមានសង្ឃឹម ហើយទម្លាប់យកអ្វីៗ ដែលល្អមកគិតក្នុងពេលដែលខ្ញុំកំពុងពិបាកបំផុត។

 

សំណួរ៖ មានបទពិសោធន៍ណាមួយដែលឯកឧត្ដមយល់ថា មានសារៈសំខាន់និងអាចចែករំលែកជា ប្រយោជន៍ដល់យុវវ័យបាន?

 

ចម្លើយ៖ នៅចន្លោះឆ្នាំ១៩៧០ដល់១៩៧៥យុវវ័យក្នុងប្រទេសយើងត្រូវបានបែងចែកជាពីរនិន្នាការយ៉ាងហោចណាស់។ មួយផ្នែកគាំទ្រររបបសាធារណរដ្ឋ មួយផ្នែកគាំទ្រក្រុមអ្នកតស៊ូបដិវត្តន៍។ ពួកគេត្រូវបានធ្វើឲ្យជាប់ចិត្តទៅនឹងនិន្នាការនយោបាយក្រោមស្លាកស្នេហាជាតិ តស៊ូដើម្បីប្រជាជនដូចគ្នា ប៉ុន្តែមានយុវវ័យភាគច្រើនបានក្លាយទៅជាជនរងគ្រោះនៅពេលក្រោយមក។ ខ្ញុំចង់ឲ្យយុវវ័យដែលចាប់អារម្មណ៍នឹងនយោបាយ សិក្សាឲ្យបានស៊ីជម្រៅ មុនពេលសម្រេចចិត្តនិងតាមដានព័ត៌មាននានាឲ្យបានច្បាស់លាស់។

 

សំណួរ៖ ទោះបីអ្នកសារព័ត៌មានជាទូទៅទទួលស្គាល់ថា ឯកឧត្ដមបានផ្សារភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងសេរីភាព សារព័ត៌មាន និងសង្គមកម្ពុជា តែជាមួយតួនាទីជាអ្នកនាំពាក្យដ៏មានឥទ្ធិពលមកពីគណបក្សកាន់អំណាច តើឯកឧត្ដមមានមធ្យោបាយបែបណា ក្នុងការលើកទឹកចិត្តខ្លួនឯងនូវរាល់ពេលរងការរិះគន់ពីអ្នកជំទាស់?

 

ចម្លើយ៖ ខ្ញុំតែងតែចាំពាក្យមួយថា វាជារឿងឆ្កួតបំផុតដែលយើង ចង់ឲ្យគេគ្រប់គ្នា សុទ្ធតែស្រលាញ់យើង។ ការរិះគន់គឺជារឿងធម្មតាសម្រាប់អ្នកធ្វើការលើកលែងតែអ្នកមិនធ្វើប៉ុណ្ណោះ។

 

 

សំណួរ៖ ប្រសិនបើមិនមែនមានតួនាទីជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងមិនមែនជាឥស្សរជន នយោបាយ តើការងារអ្វីដែលឯកឧត្ដមចង់ធ្វើបំផុត? ចម្លើយ៖ ខ្ញុំចង់ក្លាយជាអ្នកសរសេរសៀវភៅ ការបកប្រែសៀវភៅល្អៗក្តី ការតែងនិពន្ធក្តី សុទ្ធតែជាចំណូលចិត្តរបស់ខ្ញុំ។

 

 

អត្ថបទ៖ Sabay

អត្ថបទថ្មី