១៥ ប្រទេសចូលរួម ពិព័រណ៍ស្ដីពីឧស្សាហកម្មឱសថ និង បរិក្ខារពេទ្យនៅកម្ពុជា
- 2015-09-14 21:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥ ប្រទេសចូលរួម ពិព័រណ៍ស្ដីពីឧស្សាហកម្មឱសថ និង បរិក្ខារពេទ្យនៅកម្ពុជា
ចន្លោះមិនឃើញ
បណ្ដាប្រទេសមានជំនាញលើវិស័យសុខាភិបាលចំនួន ១៥ គឺអាល្លឺម៉ង់ ហុឡង់ដ៍ បេឡារូស សិង្ហបុរី ថៃ ម៉ាឡេស៊ី ចិន វៀតណាម ជប៉ុន ឥណ្ឌា បង់ក្លាដេស និង កម្ពុជាជាដើម បានបង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍ ក្នុងការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ ស្ដីអំពីឧស្សាហកម្មឱសថ និងបរិក្ខារពេទ្យនៅកម្ពុជា «ខេមបូឌា ហ្វាមិតអិចស្បូ ២០១៥» កាលពីព្រឹកមិញ។
ផ្អែកតាមលោក ង៉ូយិន បាវិន តំណាងអ្នករៀបចំកម្មវិធី ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង បើកជំពូកថ្មីសម្រាប់ឧស្សាហកម្ម ថែទាំសុខភាពរបស់ប្រទេសកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មរឹងមាំ ឈានទៅរកទីផ្សារពិភពលោក និងជាផ្លូវមួយនាំសហគ្រាសក្នុងស្រុក និង អន្តរជាតិដែលពាក់ព័ន្ធក្នុងវិស័យថែទាំសុខភាព ឱ្យបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នា។
តាំងពីម៉ោង ៩ ព្រឹកមិញ ពិព័រណ៍នេះទៀតសោត មានដាក់បង្ហាញផលិតផលជាច្រើន តួយ៉ាងឧបករណ៍វេជ្ជសាស្ត្រ ឱសថ គ្រឿងផ្សំផលិតផលធម្មជាតិ អាហារបំប៉ន និង ផលិតផលវេជ្ជសាស្ត្រជាច្រើនទៀត នៃបណ្ដាប្រទេសនានាលើពិភពលោក។
មានវត្តមានក្នុងពិធី លោកវេជ្ជបណ្ឌិត គង់ ពិសិទ្ធ អ្នកតំណាងសមាគមគ្រូពេទ្យនៅកម្ពុជា បានថ្លែងឱ្យអ្នកចូលរួម និងអ្នកសារព័ត៌មានដឹងថា ការបង្កើតឱ្យមានពិព័រណ៍នេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ ពីភាពរីកចម្រើន ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល នៅកម្ពុជាក៏ដូចជានៅក្នុងតំបន់។
ចំណែកលោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង នៃក្រសួងសុខាភិបាល ក៏បានសម្ដែងក្ដីសាទរចំពោះពិព័រណ៍ ដែលរៀបចំដោយក្រុមហ៊ុន មីង វី ពិព័រណ៍ នេះផងដែរ។ ទោះបីជាយ៉ាងណា លោកបញ្ជាក់ថា សូមឱ្យបណ្ដាក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសុខាភិបាល ស្វែងយល់ពីច្បាប់ និង បទដ្ឋានគតិយុត្តិ របស់ក្រសួងសុខាភិបាលឱ្យបានស៊ីជម្រៅ និងគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិ ដែលធ្វើឡើង ២ ថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែកញ្ញា (បើកពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច) នៅសណ្ឋាគារភ្នំុពេញនេះ ក៏មានវត្តមានរបស់ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ភ្ញៀវជាតិ-អន្តរជាតិ និស្សិត និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាច្រើនផងដែរ៕
គ្រូ ៣ រូបទទួលការគោរពស្រលាញ់ខ្លាំង ពីប្រជាជនខ្មែរក្នុងវិស័យអប់រំ
អាហារូបករណ៍ ១០០០ កន្លែងមកដល់ហើយ!
អត្ថបទ៖ អ៊ុំ សុភក្តិ