​ភាពយន្ត Power Rangers វគ្គ​ថ្មី​នឹង​​ចាប់​ផ្ដើម​ថត​នៅ​ដើម​ឆ្នាំ​ក្រោយ

  • 2015-09-15 20:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​​​នៅ​ចាំ​មនុស្ស​យន្ត​គ្រប់​ពណ៌ Power Rangers ដែរ​ឬទេ? មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​របស់​រឿង​នេះ​ ដោយ​ក្រោយ​រយៈ​ពេល​ចេញ​ផ្សាយ​បាន​២០​ឆ្នាំ ភាពយន្ត​​ដែល​ធ្លាប់​កំដរ​​អារម្មណ៍​របស់​កុមារ​ជា​ច្រើន​នោះ​នឹង​​ត្រលប់​មក​វិញ​ដោយ​នឹង​ចាប់​ផ្ដើម​ថត​នៅ​​ថ្ងៃ​ទី ១៨​ខែ មករា​ឆ្នាំ​ក្រោយ​និង​គ្រោង​បញ្ចប់​​នៅ​​​ថ្ងៃ​ទី ១២ ខែ​​មេសា។

 

 

ត្រលប់​ទៅ​ខែ​មេសា​​ក្នុង​ឆ្នាំ​នេះ​វិញ ក្រុមហ៊ុន Lionsgate បាន​លើក​ថ្ងៃ​បញ្ចាំង​រឿង​ Power Rangers ថ្មី​នេះ ពី​ថ្ងៃ​ទី ២២​ខែ​កក្កដា ឆ្នាំ ២០១៦ ទៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០១៧ វិញ​ដោយ​មិន​បាន​ប្រាប់​ហេតុ​ផល​ជាក់​លាក់​អ្វី​នោះ​ទេ​។ ចាប់​ពី​ពេល​នោះ​មក​គ្មាន​ដំណឹង​អ្វី​ពី​រឿង​នេះ​ត្រូវ​បាន​បង្ហើប​នោះ​​ឡើយ​។ ស្រាប់​តែ​ពេល​ថ្មី​ៗ​​សហព័ន្ធ​អ្នក​ដឹក​នាំ​សម្ដែង​​រឿង​ប្រទេស​កាណាដា បាន​ប្រកាស​​រឿង​ដែល​ត្រូវ​ផលិត​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​ដោយ​ក្នុង​នោះ​រឿង "Power Rangers” ​របស់ អ្នក​ដឹកនាំ​​សម្ដែង Dean Israelite ក៏​មាន​​ឈ្មោះ​ក្នុង​តារាង​នោះ​ដែរ។

 

ពាក្យ​ចចាមអារ៉ាម​បាន​លេច​​ឡើង​ថា Power Rangers ភាគ​ថ្មី​នេះ​នឹង​និយាយ​ពី​តួ​អង្គ​ ៥ ដដែល​នោះ​គឺ Jason, Zack, Kimberly, Billy និង​ Trini ប៉ុន្តែ​​បុគ្គលិក​លក្ខណៈ​របស់​តួ​អង្គ​ទាំង​នេះ​នឹង​ត្រូវ​​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង Power Ranger ដែល​មាន​ឈ្មោះ​ពេញ​ថា "Mighty Morphin Power Rangers” គឺ​ជា​ប្រភេទ​រឿង​ភាពយន្ត​របស់​កុមារ​ដែល​ចាប់​ចាក់​បញ្ចាំង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៥ ​នៅ​ក្នុង​រដូវ​កាល​ទី១ និង​ទទួល​​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​​លើ​ពិភពលោក​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ៕

 

 

ចុចអាន៖ដឹង​ទេ​ថា​ តុក្កតា​ដែល​អ្នក​ពេញ​និយម​ពី​ក្មេង ​ផលិត​នៅ​ប្រទេស​ណា​ខ្លះ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ moviepilot