តើ​សិស្ស​និទ្ទេស​ A យក​​ថវិកា​ ពីរ​លាន​រៀល​នោះ ​ទៅ​ធ្វើ​អ្វី​ខ្លះ?

  • 2015-09-17 13:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី ១៤ កញ្ញា សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ សិស្ស​និទ្ទេស A ទាំង​ ១០៨ នាក់ ​នៅ​វិមាន​សន្តិភាព​ និង​បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​ Samsung Galaxy Tab មួយ​គ្រឿង កាក់​ប្រាក់​មួយ សៀវភៅ​អនុស្សាវរីយ៍​ និង​ ទឹក​ប្រាក់​សុទ្ធ​ ២ លាន​រៀល​​។

 

ចង់​ដឹង​ថា​តើ​ ពួក​គេ​ចំណាយ​ថវិកា​ទាំង​នោះ​យ៉ាង​ណា​ខ្លះ?

 

លី​សុក្រិត គុលិកា ជា​សិស្ស​និទ្ទេស A មក​ពី​វិទ្យាល័យ​ជាស៊ីម​ សាមគ្គី​​ បាន​ប្រាប់​ Sabay ឱ្យ​ដឹង​ថា រូប​គេ​យក​លុយ​ទាំង​នេះ ប្រគល់​ជូន​ឪពុក​ម្ដាយ​ ជា​អ្នក​សម្រេច​ចិត្ត។ លិកា​ បាន​បន្ត​ទៀត​ថា ថវិកា​ទាំង​នេះ​ ច្រើន​ណាស់​រូប​គេ​មិន​ដឹង​ថា យក​ទៅ​ធ្វើ​អ្វី​ឡើយ ម្យ៉ាង​វិញ​ទៀត​ ឪពុក​ម្ដាយ​ក៏​បាន​ប្រគល់​លុយ​ខ្លះ​រួច​ទៅ​ហើយ​  សម្រាប់​លិកា​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ។ ​«ខ្ញុំ​ចង់​ឱ្យ​គាត់​ យក​លុយ​ហ្នឹង​សម្រាប់​ បង់​សាលា​ឱ្យ​ប្អូន សម្រាប់​ខ្ញុំ​អត់​មាន​ត្រូវ​ការ​អី​ទេ ព្រោះ​ដឹង​តែ​បាន​អាហារូបករណ៍​ហើយ!»។ គុលិកា​ បាន​បញ្ជាក់។

 

​( យុវជន លី សុក្រិតគុលិកា)

 

ចំណែក​ស៊ាន ពេជ្ររ៉ា សិស្ស​និទ្ទេស A មក​ពី​វិទ្យាល័យ​ ពួក ខេត្ត​សៀមរាប​វិញ មាន​គម្រោង​ចង់​ទិញ​សំលៀក​បំពាក់​ជូន​ លោក​ឪពុក​អ្នក​ម្ដាយ​ និង ជូន​ថវិកា​ខ្លះ​ដល់​ពួក​គាត់​ សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​ដែល​កំពុង​តែ​ខិត​មក​ដល់​។ មូល​ហេតុ​ដែល ពេជ្ររ៉ា​ សម្រេច​ចិត្ត​ទិញ​ សំលៀកបំពាក់​ឱ្យ​ពួក​គាត់​ព្រោះ ពេជ្ររ៉ា​យល់​ថា ពួក​គាត់​នឹង​បាន​ ឃើញ​​អាវ​​ដែល​កូន​ប្រុស​ទិញ​ឱ្យ​គ្រប់​ពេល​ដែល​ពាក់។ ចំណែក​​ថវិកា​ដែល​នៅ​សល់​ ពេជ្ររ៉ា​គ្រោង ចំណាយ​លើ​ការសិក្សា​ស្នាក់នៅ​ភ្នំពេញ ចៀសវាង​​ការ​សុំ​​ជំនួយ​ពី​អ្នក​ផ្ទះ​​នៅ ខេត្ត​សៀមរាប។ «នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល ខ្ញុំ​បាន​ជួយ​បន្ធូរ​ បន្ទុក​ឪពុក​ម្ដាយ​​លើ​ការ​ចាយ​វាយ!»។ ស៊ាន​ ពេជ្ររ៉ា ​បាន​បន្ថែម។

 

ងាក​មក​ លឹម រស្មី​ វិញ​ប្រាប់​ថា ថវិកា​ទាំង​នោះ​នឹង​ចំណាយ​ទៅ​លើ​ការសិក្សា​ សាកលវិទ្យាល័យ​​ ព្រោះ​មិន​ទាន់​ដឹង​ថា បាន​ជាប់​អាហារូបករណ៍​ឬ អត់​ទេ​ ដូច្នេះ ​ត្រូវ​យោង​ខ្លួន​ឯង​ជា​មុន​សិន ម្យ៉ាង​វិញ​ទៀត​ ប្អូន​ៗ របស់​រស្មី​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ សិង្ហបុរី​អស់​ហើយ នៅ​តែ​រូប​គេ​ប៉ុណ្ណោះ​ ដែល​ត្រូវ​ការ​ចំណាយ​លុយ។

 

បន្ថែម​ពី​លើ​នេះ​ សិស្ស​មក​ពី​វិទ្យាល័យ​សន្ធរ​ម៉ុក​រូប​នេះ​ ក៏​មាន​គំនិត​ចង់​ចំណាយ​លើ​ការ​ ​ជួសជុល​ផ្ទះ​ដែរ ។

 

 

(​ យុវជន លឹម រស្មី)

 

ហ៊ុន សុវណ្ណ​ដេត សិស្ស​និទ្ទេស A ម្នាក់​ទៀត​ដែល​មក​ពី​វិទ្យាល័យ​​ជា​ស៊ីម សាមគ្គី​ បាន​ប្រាប់​ថា ក្នុង​នាម​​ជា​បង​ប្រុស​គេ ដេត​ចង់​ចំណាយ​លុយ​នោះ​ ជួយ​ឪពុក​ម្ដាយ​ ​ដើម្បី​ទិញ​ម៉ូតូ​ឱ្យ​ប្អូន​ស្រី​ជិះ​ទៅ​រៀន។  មូលហេតុ​ដែល អ្នក​ភ្នំពេញ​រូប​នេះ​ សម្រេច​ចិត្ត​ ធ្វើ​ដូច្នេះ​ ពី​ព្រោះ​តែ​រូប​គេ​យល់​ថា លោក​ឪពុក​-អ្នកម្ដាយ​បាន​​ ខិត​ខំរក​លុយ​ ដើម្បី​ផ្គត់​ផ្គង់​ ជីវភាព​រស់​នៅ និង​ ការសិក្សា​របស់​ដេត​ តាំង​ពី​ដើម​មក​។ នេះ​ជា​លើក​ទី​មួយ ដែល​ សុវណ្ណដេត បាន​ប្រាក់​រង្វាន់​ដល់​ទៅ​ ពីរ​លាន​រៀល​ សម្រាប់​ជូន​ឪពុក-​ម្ដាយ​៕

 

អត្ថបទ៖ ណេង ណេង​​