កីឡាករ​នីហ្សេរីយ៉ា​សរសើរ​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​កម្ពុជា

  • 2015-09-17 18:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba ​ទើប​ចុះ​កុងត្រា​លេង​ឲ្យ​​ក្លិប​បឹង​កេត​អង្គរ​កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ទឹក​ដី​ថៃ​រយៈ​ពេល​បី​ឆ្នាំ​រួច​មក។ ក្រោយ​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ជិត​មួយ​ឆ្នាំ កីឡាករ​រូប​នេះ​បាន​ពោល​សរសើរ​ពី​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​ខ្មែរ ដែល​ធ្វើ​ឲ្យ​រូប​គេ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស។

 

 

កីឡាករ Esoh Paul Omogba បាន​ចំណាយ​ពេល​បី​ឆ្នាំ​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​នៅ​ក្លិប​ពីរ​របស់​ប្រទេស​ថៃ គឺ Udon Thani និងSamut Sakhon ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​លីក​លំដាប់​ទី​បី។ ដើម​ឆ្នាំ២០១៥ កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ បាន​ចុះ​កិច្ច​សន្យា​មួយ​ឆ្នាំ​ជាមួយ​ក្លិប​បឹង​កេត​អង្គរ ដោយ​បំពេញ​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប ហើយ​បច្ចុប្បន្ន​ស៊ុត​បញ្ចូល​ទី​បាន ៦​គ្រាប់។

 

Esoh បាន​ប្រាប់ Sabay ថា ពេល​ចូល​មក​ដល់​ទឹក​ដី​កម្ពុជា​ដំបូង លោក​មាន​អារម្មណ៍​ពិបាក​បន្តិច ដោយសារ​ស្ថានភាព​ខុស​គ្នា​ពី​ប្រទេស​ថៃ។ ទោះ​យ៉ាង​ណា កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ​បាន​ព្យាយាម​សម្រប​ខ្លួន និង​ស្វែង​យល់​ពី​វប្បធម៌​របស់​ប្រជាជន​កម្ពុជា ហើយ​បច្ចុប្បន្ន​អាច​ទម្លាប់​បាន​ព្រោះ​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​ខ្មែរ។ Esoh បាន​សាកល្បង​ទទួល​ទាន​អាហារ​ខ្មែរ ហើយ​សរសើរ​ថា​មាន​ឱជារស​ឆ្ងាញ់ និង​ចូល​ចិត្ត។

 

ចំណែក​កន្លែង​ស្នាក់​អាស្រ័យ​​វិញ​ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​ Esoh ​បាន​រស់​នៅ​ជិត​​សមាជិក​ក្នុង​ក្រុម។ អ្វី​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ស្រលាញ់​កម្ពុជា​គឺ ភាព​ស្និទ្ធស្នាល​ដែល​ប្រជាជន​ខ្មែរ​មាន។ Esoh បាន​និយាយ​ថា៖ "ប្រជាជន​ខ្មែរ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល ពួក​គេ​ចូល​ចិត្ត​រាប់​អាន​ជា​គ្រួសារ ហើយ​យើង​ចូល​ចិត្ត​ធ្វើ​អ្វី​ជាមួយ​គ្នា យើង​រស់នៅ​ដោយ​សន្តិភាព​ជាមួយ​គ្នា"។

 

 

ចំពោះ​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា Esoh បាន​មើល​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ច្រើន ហើយ​ប្រហែល ១​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត អាច​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​បាន។ បច្ចុប្បន្ន​កីឡា​បាល់​ទាត់​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ហាក់​មាន​គម្លាត​គ្នា​ឆ្ងាយ​បន្តិច ប៉ុន្តែ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​នៅ​តែ​ចង់​បន្ត​កុង​ត្រា​ជាមួយ​ក្លិប​បាល់​ទាត់​បឹង​កេត​អង្គរ​លើ​ទឹក​ដី​កម្ពុជា។

 

កីឡាករ​ដែល​ចាប់​ផ្ដើម​លេង​បាល់​តាំង​ពី​អាយុ ៧​ឆ្នាំ​រូប​នេះ ចង់​ចាប់​យក​ឱកាស​ក្នុង​លីក​បាល់​ទាត់​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​អឺរ៉ុប។ បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​កីឡាករ Esoh គឺ​ចង់​លេង​ក្នុង​ក្របខ័ណ្ឌ Champions League និង​បញ្ចប់​អាជីព​នៅ​ទ្វីប​អឺរ៉ុប​តែ​ម្ដង៕

 

ទស្សនា​វីដេអូ​ដែល​ជា​ចំណាប់​អារម្មណ៍​របស់ Esoh Paul Omogba អំពី​ប្រជា​ពល​រដ្ឋ​ខ្មែរ៖

 

 

អត្ថបទ៖ គង់ វិសាល