លោកស្រីធីតា ឃិះ ស្ត្រីខ្មែរដ៏ជោគជ័យ
- 2015-09-17 20:57:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រីធីតា ឃិះ ស្ត្រីខ្មែរដ៏ជោគជ័យ
ចន្លោះមិនឃើញ
លោកស្រី ធីតា ឃិះ ThidaKhus គឺជាស្ត្រីកម្ពុជាដ៏ មានកេរ្តិ៍ឈ្មោះក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល។ ជាមួយនឹងតួនាទីជាន់ខ្ពស់ជាច្រើនទាំងក្នុង និង ក្រៅប្រទេស មនុស្សជាច្រើន បានយល់ខុសថា លោកស្រី ធីតា ឃិះ មានស្វាមីបរទេសរឹក៏មានប្រវត្តិសិក្សាកាលយុវវ័យនៅប្រទេសអ្នកមានណាមួយ។
រូបថតរបស់ ប៉ែន ប៊ុនថាល់
តាមពិតលោកស្រីជាកុលធីតា ខ្មែរ ដែលបានទទួលការសិក្សានៅបឋមសិក្សាបទុមរាជា (សាលានរោត្តមបច្ចុប្បន្ន)ដោយប្រើភាសាបារាំងជាយាន។ លោកស្រីមានស្វាមីឈ្មោះ ឃិះ ជាវ ជាយុវជនខ្មែរមានកំណើតពីឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ដែលជាបុរសខ្មែរទីមួយ ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកគណិតវិទ្យាមកពីសហរដ្ឋអាមេរិក។ លោកឃិះ ជាវ បានចាកចេញទៅបំពេញការងារនៅក្រុងបាងកក នាឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៩ ជាអំឡុងពេលដែលលោកស្រីធីតាឃិះសិក្សាបន្តបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសនៅទីនោះ ជាមួយមហាវិទ្យាល័យ AIT (Asian Institute of Technology)។
ស្រ្តីខ្មែរដែលក្រោយមកបានក្លាយជាជនភៀសខ្លួននៅសហរដ្ឋអាមេរិករូបនេះ បានពង្រឹងតួនាទីសង្គមរបស់ខ្លួនដោយចាប់ផ្ដើមពីការងារជាអ្នកស្ម័គ្រចិត្ត អ្នកសម្របសម្រួលសេវាសង្គមកិច្ច ជាស្ថាបនិកសមាគមខ្មែរមួយ ជាសមាជិកក្រុមតស៊ូមតិ រហូតដល់ជានាយិកាសភាសម្ព័ន្ធអង្គការខ្មែរទំាំងជាង១០០នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខ្ញុំមានពេល១ម៉ោងសម្រាប់ ជជែកជាមួយ លោកស្រីនៅឯអង្គការ SILAKA ទីដែលលោកស្រីកំពុងមានតួនាទីជានាយិកាប្រតិបត្តិ។ មានព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដែលលោកស្រីបញ្ចេញអោយខ្ញុំដឹង ហើយដែលខ្ញុំជឿថា មានផលប្រយោជន៍ជាអនេកចំពោះយុវនារីខ្មែរជំនាន់ក្រោយ។
សំណួរ ៖ ជម្រាបសួរលោកស្រី!ក្នុងនាមជាស្ត្រីខ្មែរដ៏មានជោគជ័យមួយរូប តើលោកស្រីអាចរំលឹកបានទេពីក្ដីប្រាថ្នានានាកាលពីនៅជាយុវវ័យ?
ចម្លើយ៖ ខ្ញុំនៅឆ្ងាយពីលក្ខខណ្ឌរបស់យុវនារីយើងបច្ចុប្បន្ននេះណាស់! ក្មួយដឹងហើយ សម័យនោះ ជាសម័យតឹងរឹង! នារីវ័យក្មេងមិនទាន់រៀបការត្រូវគ្រប់គ្រងទាំងស្រុងដោយគ្រួសារឪពុកម្ដាយរឺបងប្រុស!ខ្ញុំរៀននៅសាលាបទុមរាជាជាសាលាដែលមានតែសិស្ស ស្រី និងមិនដែលមានទំនាក់ទំនងអ្វីជាមួយមនុស្សផ្ទុយ ភេទរហូតដល់ថ្ងៃរៀបការលើកលែងតែសមាជិកគ្រួសារ។ ការសិក្សារបស់ខ្ញុំ អាពាហ៍ពិពាហ៍របស់ខ្ញុំ គឺខ្ញុំមានអ្នកតម្រង់ ទិសអោយរួចជាស្រេចគឺបងប្រុស ខ្ញុំនិងឪពុកម្ដាយ។ ក្រោយមកខ្ញុំមានការផ្លាស់ប្ដូរដ៏សំខាន់ មួយគឺ បានស្វាមីជាមនុស្សដែលចូលចិត្តជំរុញអោយខ្ញុំម្ចាស់ការ!
សំណួរ ៖ លោកស្រីមិនមែនមានន័យថាដោយសារតែការជំរុញ នោះទើបលោកស្រីអាចក្លាយជាបុគ្គលដ៏ជោគជ័យមួយរូបទេមែនទេ?
ចម្លើយ៖ សម្រាប់ឆ្ពោះទៅជោគជ័យ ត្រូវការកត្តាគួបផ្សំច្រើន។ ស្វាមីខ្ញុំ ជាមនុស្សបើកទូលាយនឹងលើកទឹកចិត្តអាចថាជាឱកាសមួយ ការប្រឹងប្រែង និងនិស្ស័យពីកំណើតជាកត្តាសំខាន់មួយទៀត។ សម័យនោះ ស្ត្រីខ្មែរជាច្រើនរស់ពឹងផ្អែកទាំងស្រុងលើបុរស តែខ្ញុំ គិតផ្ទុយពីពួកគេតាំងពីពេលនោះ ខ្ញុំចង់មានការងារធ្វើមានចំណូល និងមិនចេះសុំលុយប្តីទាល់តែសោះ។ អញ្ចឹងហើយបានជាមានកូនបីនាក់ហើយ ខ្ញុំនៅតែបន្តការសិក្សារហូតដល់ចប់នៅស្រុកថៃ។ នៅឆ្នាំ៧៩ ខ្ញុំនឹងប្តីមិនអាចវិលមកស្រុកវិញទេ ទោះបីរបបប៉ុលពតចប់ហើយ ក៏ដោយព្រោះខ្ញុំចេញទៅកាន់Passport របបលន់ នល់ ខ្ញុំមិនអាចចូលស្រុកក៏ក្លាយជាជនភៀសខ្លួន ដោយមានបងប្អូនច្រើននៅបារាំងនិងអាមេរិក ខ្ញុំក៏រកអ្នកធានាអោយចេញទៅប្រទេសទីបី។ ទៅដល់នោះ ត្បិតតែមានកូនតូចក្នុងបន្ទុក ខ្ញុំក៏អត់ព្រមសំងំធ្វើជាមេផ្ទះដែរ ខ្ញុំចូលធ្វើការស្ម័គ្រចិត្តខាងជួយជនភៀសខ្លួនរហូតបានបទពិសោធន៍ ក្រោយមក ក៏បង្កើតសមាគមខ្លួនឯងផ្ដល់សេវាសង្គមកិច្ចដល់ជនភៀសខ្លួនគ្រប់ជាតិសាសន៍នៅ Sen Antonio Texas។
រូបថត ប៉ែន ប៊ុនថាល់
សំណួរ ៖ ក្រោយមក លោកស្រីបានជ្រើសជានាយិកាសភាសម្ព័ន្ធអង្គការខ្មែរទាំងជាង១០០នៅសហរដ្ឋអាមេរិក ដែលមានការិយាល័យនៅWashington DC ដោយសារអ្វីដែរ?
ចម្លើយ៖ ខ្ញុំ និយាយមែនទែនគឺខ្ញុំអត់ ចង់ធ្វើជាអ្នកដឹកនាំគេទេ! វាមានសម្ពាធខ្លាំង តែដោយសារបទពិសោធន៍ធ្វើការកន្លងមកជួបបញ្ហាខ្លះធ្វើអោយខ្ញុំគិតថា យើងធ្វើជាមេដឹកនាំពិបាកម្យ៉ាង ប៉ុន្តែបើមានមេដឹកនាំមិនល្អ កាន់តែពិបាក ដូច្នេះទោះលំបាក តែហោចណាស់យើងជាម្ចាស់លើវាសនាខ្លួនយើង ហើយខ្មែរយើងនិយាយ ទៅមិនសូវចូលចិត្តទេអា រឿងចេញមុខចេញមាត់ ធ្វើការធ្វើ តែបើរឿងអោយចេញមុខចេញមាត់ចេះតែរុញគ្នា ពេលនោះ ខ្ញុំក៏អញ្ចឹងដែរតែម្ដងម្កាលចេះតែមានគំនិតសួរខ្លួនឯងថា បើម្នាក់ៗចេះតែអត់ចង់ចេញមុខតើអោយអ្នកណាមួយចេញវិញ? ពេលណាគេទទួលស្គាល់ដឹងពីតម្លៃស្ត្រីកើត? ទីបំផុតក៏តាំងចិត្ត ថាចាប់តួនាទីជាស្ត្រីក្នុងភាពជាអ្នកដឹកនាំហ្នឹងម៉ោរហូតទៅ!
សំណួរ ៖ ចុះក្រោយមក អ្វីទៅដែលនាំលោកស្រីអោយត្រឡប់មកកម្ពុជាវិញ?
ចម្លើយ៖ បើតាមត្រង់ទៅគឺ ដោយសារការងារនៅអាមេរិកច្រើនហើយបានទទួលកិត្តិយសផង អត់ដែលគិតថាដូរការងារទេ កាលឆ្នាំ១៩៩៣ ស្រុកយើងល្អវិញធម្មតា ខ្ញុំថាមកលេង៦ខែប៉ុណ្ណឹង។ ប៉ុន្តែដល់បានមក ក៏មានមនោសញ្ចេតនា។ និយាយរួមតាំងពីយុវវ័យមក ខ្ញុំមានអនុស្សាវរីយ ច្រើននៅក្រុងកែប មានអនុស្សាវរីយជាមួយទឹកសមុទ្រខ្មែរ ចម្ការកាហ្វេអី ហ្នឹងព្រោះគ្រួសារខ្ញុំមានចម្ការ ហើយឧស្សាហ៍ទៅលេងជានិច្ចកាលពីនៅក្មេងៗ។ដល់ពេលត្រឡប់មកស្រុក អនុស្សាវរីយ៍ចាស់ រើឡើងទៅដល់អាមេរិកវិញចេះតែមានជំងឺនឹកស្រុកខ្មែរ។នៅស្រុកគេ ក្មួយត្រូវដឹងថា ខ្មែរយើងអោយតែជួបជុំគ្នានិយាយលេងគឺគ្មានអីក្រៅពីនិយាយរឿងស្រុកខ្មែរទេ។ខ្ញុំមកពីរលើកបានសម្រេចថាត្រូវតែត្រលប់មក នៅទីនេះវិញ។គឺពេលកំពុងជិះទូកឆ្លងទៅកោះទន្សាយ ស្រាប់តែនឹកក្នុងចិត្តថា ត្រូវតែត្រឡប់មកនៅស្រុកខ្មែរវិញ។
សំណួរ ៖ លោកស្រីកសាងអង្គការSILAKAដោយរបៀបណាដែរ?
ចម្លើយ៖ ពីដំបូងគឺនៅឆ្នាំ១៩៩៧ ដែលខ្ញុំមកដល់គឺមិនទាន់បានបង្កើតអង្គការទេ គ្រាន់តែសម្របសម្រួលនាំអ្នកស្ម័គ្រចិត្តអាមេរិកមកជួយតាមអង្គការនៅក្នុងស្រុកយើង ដោយមានកម្មវិធីមួយឈ្មោះ Cando។ ហើយចាប់ពីពេលនោះ ក៏ចេះតែដើរជួយរៀបចំអង្គការ សមាគមអោយអ្នកនេះអ្នកនោះ ចូលរួមជាមួយចលនាមហាជនជំរុញអោយមានវប្បធម៌អហិង្សា ផ្សព្វផ្សាយមធ្យោបាយដោះស្រាយទំនាស់។ អង្គការ SILAKA នេះបង្កើត ឡើងក្រោយពេលដែលខ្ញុំសម្គាល់ឃើញពិតប្រាកដថា កម្ពុជាយើងត្រូវការអាទិភាពនូវការបង្កើនធនធានមនុស្សបង្កើនសមត្ថភាពមន្ត្រីទាំងខាងរដ្ឋាភិបាលនិងសង្គមស៊ីវិលទើបបង្កើតឡើងមក។
សំណួរ ៖ ចុះហេតុអ្វីបានជាលោកស្រីមិន ចូលរួមជាមួយគណបក្សនយោបាយ?
ចម្លើយ៖ ខ្ញុំដឹងច្បាស់ថា ការងារហ្នឹងមិនស័ក្ដិសមនឹងមនុស្សដូចខ្ញុំ! ខ្ញុំចូលចិត្តធ្វើអីដោយឯករាជ្យបម្រើឧត្ដមគតិមួយផ្សេងដាច់ដោយឡែករបស់ខ្ញុំ ហើយខ្ញុំ មិនសូវពូកែបត់បែនជាមួយសកម្មភាព ដែលផ្ទុយនឹងគំនិត ឬចំណេះដឹងខ្លួនផង។ ទោះតែ នយោបាយសំខាន់ ខ្ញុំក៏បានចូលរួមជាមួយគណៈកម្មការ ស្ត្រីដើម្បីដោះស្រាយបញ្ហានយោបាយដែរ ទោះជាសង្គមស៊ីវិលតែវាដូចតែគ្នាទេ!
សំណួរ ៖ មានបុរសខ្មែរជាច្រើនតែងតែគិតថា នៅពេលដែលនារីម្នាក់មានតួនាទីខ្ពស់ក្នុងសង្គមគាត់អាចនឹងប្រឈមមុខចំពោះការបាក់បែកគ្រួសារ រឺអាចថាគាត់មានឱកាសច្រើនក្នុងការកសាងគ្រួសារថ្មី ចុះផ្អែកលើបទពិសោធន៍លោកស្រីវិញ?
ចម្លើយ៖ គេនិយាយហ្នឹងអាចត្រូវខ្លះ! រវាងអ្នកនៅតែផ្ទះនឹងអ្នកចេញដើរខាងក្រៅឱកាសជួបមនុស្សម្នាថ្មីៗច្បាស់ជាខុសគ្នា! ជាក់ស្ដែង ខ្ញុំមានកូនមានប្ដីតែ នៅតែមានបុរសមួយចំនួនបង្ហាញខ្លួនមក! ខ្ញុំធ្វើការនៅ Washington ទុកកូននៅ Texas អោយប្តីមើល ខ្លួនឯងមួយខែបានទៅផ្ទះម្ដង។ កុំថានៅស្រុកយើង នៅអាមេរិកក៏ ខ្មែរយើងនៅទីនោះហើយនៅតែខ្លះលប លួចរិះគន់ខ្ញុំថាបែបមិនមែនស្រី ខ្មែរទេ តិចទៀតអី អាចចាញ់បោកបុរសណា ហើយ!
សំណួរ ៖ ចុះការសន្និដ្ឋានហ្នឹងក្លាយជាការពិតដែរទេ បើមានបុរសតាមលោកស្រីច្រើនមែនអញ្ចឹង?
ចម្លើយ៖ ធម្មតាយើងនៅក្នុងវ័យមួយដែលនៅមានរូបសម្រស់នៅមានភាពស្វាហាប់ទាក់ទាញ វាធម្មតាទេដែលមានមនុស្សមកស្រលាញ់ ជាការពិតពេលខ្លះដូចលើកទឹកចិត្ត យើងអោយកាន់តែស្រលាញ់ខ្លួនឯង ការរំភើបអីចេះតែមានហើយក្មួយ តែដំណាក់កាលអស់ហ្នឹងទុកអោយខ្ញុំ Phylosophy មួយ !
សំណួរ ៖ គឺអ្វីទៅលោកស្រី?
ចម្លើយ៖ គឺមនុស្ស ស្រីមិនងាយផិតប្តីទេ !ប្រសិនបើជាបុរសវិញ ប្រហែលអាចកើតឡើងអ្វីៗឆាប់ណាស់តែស្ត្រីអត់បាន!យើងមានរំភើប មានអារម្មណ៍ដូចយុវវ័យ ព្រោះយើងមានឱកាសមែន តែយើងមានសីលធម៌! ពិសោធន៍ខ្លួនឯង ខ្ញុំយល់ថាស្ត្រីមានសីលធម៌ខ្ពស់ ក្នុងកម្រិតមួយ ដែលមានឥទ្ធិលាភ លើរឿងអស់ហ្នឹងទៀតទប់យើងបាន ចំណេះដឹងយើង អោយយើងគិត គឺមិន អាចកើតឡើងបានទេ រឿងផ្ដេសផ្ដាស ទោះបីយ៉ាងណាស្ត្រីម្នាក់អាចផិតប្តីគាត់បានទាល់តែប្តីនោះយ៉ាប់មែនទែនតាម៉ង នេះទស្សនៈខ្ញុំ!
សំណួរ ៖ តើក្នុងតួនាទីកន្លងមក តើលោកស្រីធ្លាប់ដែលទទួលរងការបំបាក់ទឹកចិត្តផ្សេងៗទេ? ហើយដោះស្រាយដោយវិធី ណា?
ចម្លើយ៖ ការបាក់ទឹកចិត្តជានិច្ចជា កាលដើរ ទន្ទឹមជាមួយជីវិតយើងអ្នកណាក៏ធ្លាប់មាន ដែរទោះអ្នកណាក៏ដោយ ពេលខ្លះត្រូវគិតថាវាជាជីវិត មនុស្សចាប់ពីពីរ នាក់ទៅមានការគិត ខុសគ្នា សំខាន់មិនមែនរកមធ្យោបាយប្រឆាំងគ្នាទេតែត្រូវការពារកុំអោយខ្លួនឯងបាក់ជាង នេះ។នៅ ទីនេះបើសិនមានអីមិនសូវសប្បាយចិត្ត ខ្ញុំលើកទឹកចិត្តខ្លួនឯងដោយ ចុះទៅធ្វើការជាមួយសហគមន៍ ពួកគាត់ធ្វើអាយខ្ញុំ មានកម្លាំងចិត្តដោយសារយើងមានអារម្មណ៍ថាយើងកំពុងបានធ្វើ អ្វីមួយដើម្បីមនុស្សដែលគេកំពុងត្រូវការយើង!ចំណែកកាលនៅអាមេរិក គឺមានគេនាំយើងអោយធ្វើរឿងមិនសូវត្រឹមត្រូវទាក់ទងនឹងលុយកាក់ ហើយ គេមានតួនាទីធំយើងពិបាកប្រកែក ខ្ញុំពិបាកចិត្តតែខ្ញុំអត់ព្រមធ្វើតាមគេទេ រហូតដល់គេគាបសង្កត់យើងគ្រប់មធ្យោបាយ បាក់ទឹកចិត្ត តែខ្ញុំស៊ូ រហូតដល់គេត្រូវចុះចាញ់ គឺធ្វើ អីយើងលែងបាន !ខ្ញុំថានៅរាល់ពេលបាក់ទឹកចិត្ត យើងគួររកមនុស្សអាចជួយលើកទឹកចិត្តវិញ បើមិនអញ្ចឹងទេ គឺត្រូវតស៊ូដល់ទីបំផុតមិនអាចទន់ជ្រាយទេ។
សំណួរ ៖ ចុះតើលោកស្រីធ្លាប់ធ្វើអោយអ្នកណាមិនសប្បាយចិត្តដោយសារតែ ភាពរឹងប៉ឹងរបស់លោកស្រីដែរទេ?
ចម្លើយ៖ ក្មួយត្រូវចាំថា មនុស្ស ណាក៏ដោយគេនឹងមិនសប្បាយចិត្តភ្លាមប្រសិនបើយើងធ្វើអ្វីអោយប៉ះពាល់ដល់ផលប្រយោជន៍របស់គេ តែតួនាទីជាអ្នកដឹកនាំពេលខ្លះវាគ្មានជម្រើស ទេ !ចូរចាំ ថាតួនាទី នេះមិនមែនសម្រាប់ តែធ្វើអោយគេសប្បាយចិត្តទេតែត្រូវការពារផលប្រយោជន៍ធំផលប្រយោជន៍អង្គភាព។
សំណួរ ៖ អញ្ចឹងអ្នកដឹកនាំទាំងឡាយត្រូវយកមនោសញ្ចេតនាក្នុងភាពជាស្ត្រីរបស់ខ្លួនទៅទុកនៅទីណាអស់ ទៅ?
ចម្លើយ៖ មិនថាតែភាព ដឹកនាំ មនោសញ្ចេតនាចូលមកធ្វើ អីអត់បានទាំងអស់ តែគឺភាពត្រឹមត្រូវ ទេ ដែលយូរអង្វែង ហើយមានកិត្តិយស។
សំណួរ ៖ អត់ទោសតើលោកស្រីធ្លាប់បរាជ័យដែរទេ? បើមានតើជារឿង អ្វីដែរ?
ចម្លើយ៖ ខ្ញុំមានតើ! ដូចជាជាមួយកូនៗមិនសូវមានពេលជាមួយគេ គេក៏គិតថាខ្វះភាពកក់ក្ដៅ !ពីដើមមកស្វាមីខ្ញុំជាមនុស្សធ្វើការច្រើនដូចគ្នា មិនសូវមានភាព romantic អីអញ្ចឹងដែរ តែមិនមែនមានន័យថាយើងរស់ជាមួយគ្នាអត់បានទេ!មនុស្សយើងមិនអាចបានទាំងអស់ទេ!
សំណួរ ៖ លោកស្រីឆ្លងកាត់អាពាហ៍ពិពាហ៍រៀបចំអញ្ចឹងលោកស្រីគ្រប់គ្រងកូនៗដោយវិធីណាដែរ?
ចម្លើយ៖ ខ្ញុំអោយគេរស់នៅជាមួយជំនាន់របស់ពួកគេ! គឺឯករាជ្យម្ចាស់ការខ្លួនគេ! លោកស្រី ធីតា ឃិះ ThidaKhusកូនប្រុសស្រីបីនាក់ដែលសព្វថ្ងៃរស់នៅបរទេស ឯលោកស្រីនិងស្វាមីមានគេហដ្ឋាននៅប្រទេសកម្ពុជា។ លោកស្រីធ្លាប់ ទទួលបានពានរង្វាន់ជាច្រើន នៅក្នុងជីវិតដែលចំណាយស្ទើរតែទាំងស្រុងជាមួយការងារសង្គម។
អត្ថបទ៖ ម៉ីសន សុធារី